ត្បូងឃ្មុំៈ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា បុរសម្នាក់ជាតំណាងសហគមន៍កសិករត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំឃុំខ្លួនក្នុងពន្ធនាគារខេត្តក្នុងថ្ងៃតែមួយ បន្ទាប់ពីសមត្ថកិច្ចតាមចាប់ខ្លួនបាននៅខេត្តព្រះសីហនុពីថ្ងៃទី ៣០ ធ្នូពាក់ព័ន្ធករណីមិនគោរពបម្រាមអាជ្ញាធរដែលមិនឲ្យជួបជុំគ្នាក្នុងទិវាសិទ្ធិមនុស្ស ១០ ធ្នូ ប្រព្រឹត្តនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក ចក់ សុខកៅ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំប្រាប់ពីម្សិលមិញថា ជនសង្ស័យមានឈ្មោះ ផុន សុផល ត្រូវបានតុលាការខេត្តត្បូងឃ្មុំឃុំខ្លួនក្នុងពន្ធនាគារខេត្តពីថ្ងៃទី ៣០ ធ្នូនៅពេលបញ្ជូនខ្លួនមកពីខេត្តព្រះសីហនុ។ ប៉ុន្តែលោកមិនបានដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីទេព្រោះលោកអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនពីសាលាដំបូងខេត្តត្បូងឃ្មុំតែប៉ុណ្ណោះ។
លោកប្រាប់ថា៖ «ដីការបស់តុលាការនេះចុះថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០២០ បង្គាប់ឲ្យចាប់ និងឃុំខ្លួនតែម្តង។ ដូច្នេះក្រោយពីសមត្ថកិច្ចខ្ញុំសហការជាមួយនគរបាលខេត្តព្រះសីហនុចាប់ជនសង្ស័យបានក៏បញ្ជូនទៅឃុំនៅថ្ងៃនោះ (ថ្ងៃទី ៣០ ធ្នូ) តែម្តង»។
បើតាមដីកានេះជនសង្ស័យត្រូវបានចោទពីបទសមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមបញ្ញត្តិមាត្រា ២៩,៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ តាមមាត្រា ៤៩៥ ប្រសិនបើតុលាការរកឃើញប្រព្រឹត្តដូចការចោទមែននោះ ជនសង្ស័យប្រឈមនឹងការជាប់ពន្ធនាគារពី ៦ ខែ ដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ចូលរដ្ឋពី ១ លានដល់ ៤ លានរៀល។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងពីម្សិលមិញថា បុរសម្នាក់ឈ្មោះ ផុន សុផល ត្រូវបានសមត្ថកិច្ចរបស់លោកសហការជាមួយសមត្ថកិច្ចខេត្តត្បូងឃ្មុំឃាត់ខ្លួននៅភូមិស្មាច់ដែងឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនតាមដីការបស់តុលាការខេត្តត្បូងឃ្មុំ។
លោកបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យភ្លាមសមត្ថកិច្ចរបស់លោកបានប្រគល់បន្តជូននគរបាលការិយាល័យព្រហ្មទណ្ឌខេត្តត្បូងឃ្មុំដើម្បីអនុវត្តនីតិវិធីដែលជាខេត្តសាមីដែលជនសង្ស័យបានប្រព្រឹត្តនៅទីនោះ។ ប៉ុន្តែលោកមិនបានដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអ្វីនោះទេ។
បើតាមលោកស្នងការថា៖ «ករណីនេះយើងសហការដោយអនុវត្តតាមដីកាបញ្ជាឱ្យចាប់ខ្លួនរបស់តុលាការខេត្តត្បូងឃ្មុំហើយយើងសហការជាមួយសមត្ថកិច្ចខេត្តត្បូងឃ្មុំ។ ចំពោះថាតើពាក់ព័ន្ធនឹងបទល្មើសអ្វីនោះជាសមត្ថកិច្ចរបស់នគរបាលខេត្តត្បូងឃ្មុំជាអ្នកដឹង»។
ពាក់ព័ន្ធការឃុំខ្លួននេះលោក ថេង ជាង អ្នកនាំពាក្យតុលាការខេត្តត្បូងឃ្មុំពុំអាចសុំបញ្ជាក់ពីបទចោទប្រកាន់ និងបទល្មើសរបស់ជនសង្ស័យបានទេដោយសារទូរស័ព្ទរបស់លោកពុំមានអ្នកទទួលកាលពីម្សិលមិញ។
ក៏ប៉ុន្តែមន្ត្រីនគរបាលខេត្តត្បូងឃ្មុំម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះបានប្រាប់ពីម្សិលមិញថា ជនសង្ស័យជាកសិករឆ្នើម ១ រូបរស់នៅក្នុងភូមិក្រវៀនជើង ឃុំ ជាំក្រវៀន ស្រុកមេមត់ ។ មូលហេតុនៃការចាប់ខ្លួននេះដោយសារកាលពីថ្ងៃទី ១០ ធ្នូ ដែលជាទិវាប្រារព្ធសិទ្ធិមនុស្សអន្តរជាតិគឺអាជ្ញាធរខេត្តត្បូងឃ្មុំបានហាមប្រមូលផ្តុំមនុស្សច្រើនដើម្បីបង្ការការចម្លងកូវីដ១៩។ តែថ្ងៃនោះជនសង្ស័យបានយកអាវយឺតនិយាយពីការលើកតម្កើងសិទ្ធិមនុស្សទៅចែកជូនដល់កសិករក្នុងឃុំជាំក្រវៀន ស្រុកមេមត់។
លោកបន្តថា ក្នុងពេលដើរចែកអាវយឺតនោះជនសង្ស័យបានរិះគន់អាជ្ញាធរពីការហាមប្រាមការជួបជុំគ្នា។ ហេតុដូច្នេះហើយទើបមានការចាប់ខ្លួន។
ជនសង្ស័យមានប្រពន្ធកំពុងមានផ្ទៃពោះ ៣ ខែ និងមានកូនប្រុសអាយុ ៥ ឆ្នាំម្នាក់ក្នុងបន្ទុកផង។
កាលពីម្សិលមិញលោក ហុងគឹមហឿន អធិការនគរបាលស្រុកមេមត់ប្រាប់ថា លោកមិនបានដឹងពីចាប់ខ្លួននេះទេ។ រីឯលោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់ក៏មិនអាចទាក់ទងសុំការបញ្ជាក់ពីករណីនេះបានដែរកាលពីម្សិលមិញ៕