ប៉ៃលិនៈ មន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិនម្នាក់ត្រូវបានតុលាការខេត្តប៉ៃលិន សម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្នពាក់ព័ន្ធ ករណីរក្សាទុក និងជួញដូរគ្រឿងញៀនឲ្យអ្នកទោសក្នុងពន្ធនាគារ។ នេះបើតាមការអះអាងរបស់មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ខេត្តប៉ៃលិនពីម្សិលមិញ។
លោក ផង់ ជឿម នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនសង្ស័យឈ្មោះ ឯល ប៉ែត អាយុ ៥២ ឆ្នាំជាមន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិនមានទីលំនៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ជននេះត្រូវបានចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី ២៣ ខែមីនា បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនឆែកឆេររកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីនសរុបជាង ១០០ ក្រាមលាក់នៅក្នុងឃ្លុបកែបម៉ូតូបម្រុងលក់ចែកចាយឲ្យអ្នកទោសក្នុងពន្ធនាគារ។
លោក ជឿម បញ្ជាក់ថា៖ «ជនសង្ស័យកន្លងមកធ្លាប់ត្រូវបានអ្នកទោស លួចរាយការណ៍ថាបាននាំយកគ្រឿងញៀនទៅលក់ចែកចាយដល់ពួកគេក្នុងពន្ធនាគារ។ ក្រោយពីទទួលបានសេចក្ដីរាយការណ៍អំពីករណីនេះ កម្លាំងមន្ត្រីជំនាញយើងបានចុះស្រាវជ្រាវ និងស៊ើបអង្កេតជាច្រើនខែទើបឈានដល់ការចាប់ខ្លួនជនសង្ស័យដល់ពន្ធនាគារខេត្តតែម្ដងកាលពីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០»។
លោកបន្តថា ក្នុងអំឡុងពេលចាប់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញ និងរឹបអូសវត្ថុតាងមួយចំនួនរួមមាន គ្រឿងញៀនប្រភេទអៃស៍មេតំហ្វេតាមីនចំនួន ១ កញ្ចប់ទម្ងន់ ៨.៣១ ក្រាម និងគ្រឿងញៀនប្រភេទគ្រាប់ WY ទម្ងន់ ០.៩២ ក្រាមម៉ូតូ ១ គ្រឿង និងទូរស័ព្ទដៃចំនួន ២ គ្រឿង។
លោក ផង់ ជឿម បញ្ជាក់ថា៖ «នៅពេលសួរនាំជនសង្ស័យបានសារភាពថា គ្រឿងញៀនទាំងនោះគាត់បានមកពីការចាប់រឹបអូសពីក្រុមគ្រួសារសាច់ញាតិរបស់អ្នកទោសមួយចំនួនដែលបានដាក់បង្កប់តាមម្ហូបអាហារ និងផ្លែឈើបញ្ជូនទៅឲ្យសាច់ញាតិរបស់ពួកគេនៅក្នុងពន្ធនាគារ។ គ្រឿងញៀនដែលចាប់រឹបអូសបាននោះគឺគាត់ទុកប្រើប្រាស់ខ្លួនឯងផង និងលក់ចែកចាយឲ្យអ្នកទោសក្នុងពន្ធនាគារនោះផង»។
លោកបន្ថែមទៀតថាក្រោយបញ្ចប់ការសាកសួរចម្លើយរួចនៅរសៀលថ្ងៃទី ២៥ ខែមីនា មន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ជុំវិញករណីនេះលោក គង់ ច័ន្ទខេមរិន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនប្រាប់ភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីបានបញ្ចប់ការសាកសួរនៅល្ងាចថ្ងៃ ២៥ មីនាជនសង្ស័យត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «រក្សាទុក និងជួញដូរគ្រឿងញៀន» ខុសច្បាប់ និងបានបង្គាប់បញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌នាំជនជាប់ចោទទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តប៉ៃលិនជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះនៅពេលក្រោយ៕