ភ្នំពេញៈ ចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី បានជួលក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឲ្យជួយនៅក្នុង «យុទ្ធនាការ» របស់ពួកគេ ដើម្បីស្តារប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឡើងវិញ។
កិច្ចសន្យាជាមួយក្រុមហ៊ុន BerlinRosen ដែលត្រូវបានឃើញជាសាធារណៈនេះត្រូវបានចេញទៅតាមច្បាប់ស្តីពីការចុះបញ្ជីភ្នាក់ងារបរទេសកាលពីខែមីនា និងបង្ហាញថាក្រុមហ៊ុននេះនឹងចូលរួមនៅក្នុងគំនិតផ្តួចផ្តើមរបស់ប្រព័ន្ធផ្សព្វផ្សាយចំនួន ២ ដងក្នុងមួយខែ សម្រាប់យុទ្ធនាការស្តីពីគណបក្សប្រឆាំងរបស់កម្ពុជាដែលត្រូវបានរំលាយ។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំបំផុតរបស់កម្ពុជាត្រូវបានរំលាយនៅមុនការបោះឆ្នោតជាតិខែកក្កដា។ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជាប់ពន្ធនាគារពីបទក្បត់ជាតិ ខណៈលោក សម រង្ស៊ី អតីតប្រធានគណបក្សនេះដែរកំពុងរស់នៅនិរទេសដោយខ្លួនឯងនៅបរទេសដើម្បីគេចពីការចាប់ខ្លួន។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយលោក សម រង្ស៊ី និងសមាជិកផ្សេងទៀតបានចាប់ផ្តើមបង្កើតចលនាសង្គ្រោះជាតិពីសហរដ្ឋអាមេរិកកាលពីខែមករាដោយទាមទារឲ្យមានការដោះលែងលោក សុខា និងការដំណើរការឡើងវិញនៃគណបក្សសង្គ្រោះជាតិ។ ចលនានេះក៏បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្ម និងវិធានការអន្តរជាតិដទៃៗទៀត ខណៈលោក សម រង្ស៊ី បានសន្យាថា នឹងអំពាវនាវឲ្យមានការតវ៉ានាពេលខាងមុខ។
បើទោះបីជាលោក សម រង្ស៊ី តែងតែទទូចថាចលនាសង្គ្រោះជាតិមិនមែនជាគណបក្សនយោបាយ ប៉ុន្តែជាជាង «ចលនា» ក្រៅផ្លូវការក្រុមនេះបានកំណត់អត្តសញ្ញាណខ្លួនឯងថាជា «គណបក្សនយោបាយបរទេស» នៅក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុន BerlinRosen។
ចលនាសង្គ្រោះជាតិបានព្រមព្រៀងបង់ប្រាក់ចំនួន ២៥ ម៉ឺនដុល្លារអាមេរិក ដល់ក្រុមហ៊ុននេះសម្រាប់សេវាផ្សេងៗរហូតដល់ថ្ងៃទី ១០ សីហា ឆ្នាំ ២០១៨ ដែលមានន័យថានឹងត្រូវផ្តល់សេវារហូតដល់ការបោះឆ្នោតរួច។
កិច្ចសន្យានេះចែងយ៉ាងច្បាស់ថា ក្រុមហ៊ុន BerlinRosen នឹងមិនពាក់ព័ន្ធនៅក្នុងការឡបប៊ីទេ ប៉ុន្តែនឹងអនុវត្ត «សកម្មភាពនយោបាយ» និងអាចដើរតួជា «អ្នកប្រឹក្សាយោបល់ទំនាក់ទំនងសាធារណៈ» ឬ «ភ្នាក់ងារឃោសនាជាសាធារណៈ»។ «វិសាលភាពការងារ» រួមមានការជួបដោយផ្ទាល់ជាមួយមេដឹកនាំចលនាសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក និង «ការប្រាស្រ័យទាក់ទង និងសម្របសម្រួលជាបន្ត»។
ក្រុមហ៊ុននេះនឹងត្រូវផ្ញើសារអំពីដំណើរវិវត្តន៍ចេញសេចក្តីប្រកាសព័ត៌មាន និងបង្កើតសារ «ស្នូលសំខាន់ៗ»។
កិច្ចសន្យានេះបន្តថា៖ «ក្រុមហ៊ុន BerlinRosen នឹងធ្វើការជំរុញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរហូតដល់ ២ ដងក្នុងមួយខែដោយផ្តោតទៅលើកម្មវិធីចុះផ្សព្វផ្សាយទៅប្រព័ន្ធផ្សព្វផ្សាយអាមេរិក...និងជ្រើសរើសសារព័ត៌មានអន្តរជាតិ»។ កិច្ចសន្យានេះក៏ត្រូវបានរាយការណ៍ដំបូង ដោយសារព័ត៌មាន Asia Times ផងដែរ បើទោះបីជាលោក សម រង្ស៊ី បានរិះគន់ការចាក់ផ្សាយរបស់ពួកគេថា «ភាពអសុក្រឹត និងលម្អៀងយ៉ាងខ្លាំង» នៅក្នុងអ៊ីមែលកាលពីម្សិលមិញក្ដី។
លោក រង្ស៊ី ថ្លែងថាចលនាសង្គ្រោះជាតិមាន «មិត្តភក្តិជាច្រើនទូទាំងពិភពលោក» ដែលនឹងជួយពួកគេសម្រេចគោលដៅក្នុងការនាំយកប្រជាធិបតេយ្យត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ។ លោកថ្លែងថា៖ «យើងកំពុងធ្វើការងារដើម្បីសម្រេចគោលដៅនេះជាមួយមនុស្សល្អៗទាំងក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ»។
លោក សម រង្ស៊ី ថ្លែងថា៖ «អ្នកនឹងឃើញការកើនឡើងនៃគំនិតផ្តួចផ្តើមរួមគ្នាខ្លាំងឡើង និងព្រឹត្តិការណ៍រួមគ្នាជាច្រើន»។
លោកស្រី Astrid Noren-Nilsson ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយដែលឯកទេសអំពីកម្ពុជាបានថ្លែងថា វាជាគំនិតល្អដែលចលនានេះផ្តោតទៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអន្តរជាតិ។ លោកស្រីបានថ្លែងកាលពីថ្ងៃពុធថា៖ «ចលនាសង្គ្រោះជាតិប្រហែលជាមិនអាចធ្វើអ្វីបាននៅក្នុងប្រទេសកម្ពុជាតែឯងទេ»។
លោកស្រី Noren-Nilsson បន្ថែមថាចំណាប់អារម្មណ៍អន្តរជាតិអាចជាវិធីល្អបំផុតក្នុងការ «ជំរុញឲ្យអ្នកគាំទ្រគណបក្សប្រឆាំងត្រឡប់ទៅស្រុកវិញ»។
លោក Paul Chambers ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃបានថ្លែងថា យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយអាចជាវិធីមួយមានប្រសិទ្ធភាពក្នុងការ «បង្កើនការគាំទ្រ» ប៉ុន្តែអាចមានលទ្ធផលអាក្រក់ក្នុងប្រទេសកម្ពុជា។
លោកថ្លែងតាមអ៊ីមែលថា៖ «ការប្រើប្រាស់ក្រុមហ៊ុនទំនាក់ទំនងសាធារណៈអាមេរិកនេះអាចធ្លាក់នៅក្នុងកណ្តាប់ដៃរបស់លោក ហ៊ុន សែន ដែលឥឡូវនេះនិយាយថា... ការប្រើប្រាស់ក្រុមហ៊ុននេះដោយចលនាសង្គ្រោះជាតិបង្ហាញថា ចលនានេះជាឧបករណ៍មួយសម្រាប់អត្ថប្រយោជន៍អាមេរិកដើម្បីបំផ្លាញកម្ពុជា»។
ទន្ទឹមនេះដែរកាលបរិច្ឆេទនៃសវនាការត្រូវបានកំណត់សម្រាប់ការដាក់ពាក្យរបស់លោក សម រង្ស៊ី ក្នុងការសុំព័ត៌មានពីក្រុមហ៊ុនហ្វេសប៊ុកដែលកំពុងប្រឈមនឹងការពិនិត្យខ្លាំងឡើងមិនធ្លាប់មានពីមុន ខណៈកើតមានរឿងអាស្រូវអន្តរជាតិជាច្រើន។
លោក សម រង្ស៊ី បានចោទប្រកាន់ក្រុមហ៊ុនហ្វេសប៊ុកថាអនុញ្ញាតឲ្យលោក ហ៊ុន សែន ប្រើប្រាស់វេទិកានេះខុសគោលការណ៍ដើម្បីទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុ។ លោកអះអាងថាព័ត៌មានអំពីហ្វេសប៊ុករបស់លោក ហ៊ុន សែន នឹងជួយលោកក្នុងសំណុំរឿងផ្លូវច្បាប់ជាច្រើន។ ទោះយ៉ាងណាក្តីក្រុមហ៊ុនហ្វេសប៊ុកបានច្រានចោលសំណើរបស់លោក សម រង្ស៊ី ដោយទុកសេចក្តីសម្រេចស្ថិតក្នុងដៃរបស់តុលាការរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
សវនាការនេះនឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែកក្កដានៅចំពោះមុខចៅក្រម Sallie Kim នៅក្នុងទីក្រុង San Francisco៕ PS