
អ្នកបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងអ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ រូបថត FB
ភ្នំពេញៈ បុរសម្នាក់ជាចាងហ្វាងកាសែត «ខ្មែរ៧មករា» ត្រូវបានជាប់ឃុំជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ខេត្តសៀមរាបពីបទផ្សព្វផ្សាយព័ត៌មានមិនពិតពីមរណភាពលោក ឧកញ៉ាល្បីឈ្មោះម្នាក់។
លោក លឹម ហួរ អាយុ ៥០ ឆ្នាំមានទីលំនៅក្នុងសង្កាត់ថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាចាងហ្វាងកាសែត ខ្មែរ៧មករាកាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះ Lay Hour ថាឧកញ៉ាលីយ៉ុងផាត់ជាមហាសេដ្ឋីល្បីឈ្មោះនៅប្រទេសថៃ និង ខ្មែរ ជាន់ផ្អៀងខេត្តកោះកុង ហើយបានទទួលគោរមងារជាឧកញ៉ានៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៩៨ តាមរយៈព្រះរាជក្រឹត្យលេខ ០៨៩៨/ បានទទួលមរណភាពហើយកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ មិនទាន់ដឹងមូលហេតុអ្វីទេ។
លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២១ ថា បុរសម្នាក់ឈ្មោះ លឹម ហួរ ត្រូវបានចោទប្រកាន់តាមមាត្រា ៤២៥ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារកាលពីថ្ងៃទី ២៤ មេសានេះ ដើម្បីរង់ចាំចំណាត់ការបន្តតាមនីតិវិធីច្បាប់។
លោក យិន ស្រាង បញ្ជាក់ថា៖ «នៅក្នុងដំណាក់កាលនេះ ចៅក្រមកំពុងស៊ើបសួរ។ នៅពេលដែលបញ្ចប់ស៊ើបសួររួចរាល់នឹងបន្តចាប់ផ្តើមបើកសវនាការជំនុំជម្រះ។ បើគេរកឃើញកំហុសគាត់ (ឈ្មោះ លឹម ហួរ ) នឹងទទួលរងនូវទោសទណ្ឌត្រូវដាក់ទោសនូវពន្ធនាគារ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១ ទៅ ៥ លានរៀល។
ទោះយ៉ាងណាក៏ដោយលោក សឿន សែត អ្នកសារព័ត៌មានប្រចាំខេត្តសៀមរាបបានថ្លែងថាក្រុមអ្នកសារព័ត៌មានមួយចំនួនបានស្នើសុំទៅតុលាការខេត្តឱ្យដោះលែងលោក លឹម ហួរ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយយល់ឃើញថាកំហុសរបស់លោក លឹម ហួរ គឺគ្រាន់តែមានកំហុសត្រឹមតែផ្សាយព័ត៌មានមិនពិត មិនមែនជាកំហុសលួចឆក់ប្លន់ដែលជាបទល្មើសព្រហ្មទណ្ឌទេ។
លោក យិន ស្រាង បានស្នើឱ្យតំណាងអ្នកសារព័ត៌មានទាំងអស់ស្វែងរកមេធាវី ស្នើសុំទៅតាមនីតិវិធីតុលាការនឹងពិនិត្យហើយពិចារណាយ៉ាងយូរយៈពេល ៥ ថ្ងៃ តុលាការនឹងឆ្លើយហើយ។
លោក ណាច ទ្រី និង លោក ទូច ឆាយ មេធាវីរបស់លោកឧកញ៉ា លី យ៉ុង ផាត់ បានដាក់ពាក្យបណ្ដឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ បានប្តឹងម្ចាស់ Page Facebook ដែលមានឈ្មោះ Lay Hour និង Page Facebook ដែលមានឈ្មោះ News Fast ក្រោយពីបានចុះផ្សាយនូវព័ត៌មានមិនពិតនៅលើ Page Facebook ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ដូចជា មរណភាពរបស់លោកឧកញ៉ា លី យ៉ុងផាត់ និងពាក្យបវិហារជាច្រើនទៀតដូចជាអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកប្លន់ដីរាស្ត្រ និងជាអ្នកជំនួញទុច្ចរិត។
យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា៖ «(ព័ត៌មាននោះ) បានស្ដែងចេញយ៉ាងច្បាស់នូវចេតនាបរិហារបង្កាច់កេរ្តិ៍ និងញុះញង់ធ្វើឲ្យមានភាពចលាចលក្នុងសង្គមជាតិទាំងមូល ក៏ដូចជាប៉ះពាល់ដល់អ្នកវិនិយោគទុនជាតិនិងអន្តរជាតិជាច្រើនដែលបានមកវិនិយោគជាមួយនឹងអ្នកឧកញ៉ា លី យ៉ុងផាត់ នៅកម្ពុជា ព្រោះថាអ្នកឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា ជាអ្នកវិនិយោគទុនដ៏ធំថ្នាក់ជាតិ និងអន្តរជាតិជាបុគ្គលសប្បុរសធម៌ដែលបានជួយដល់ជនរងគ្រោះជាច្រើននៅក្នុងកម្ពុជាផងដែរ»។
យោងតាមពាក្យបណ្តឹងនេះបានឱ្យដឹងថា៖ «បច្ចុប្បន្ននេះអ្នកឧកញ៉ា លី យ៉ុងផាត់ មានសុខភាពល្អដោយពុំមានបញ្ហាអ្វីទាំងអស់»៕