
ភ្នំពេញ: មន្ត្រីនគរបាលកាលពីម្សិលមិញបានអះអាងថាគ្រូពេទ្យជនជាតិចិន ២ នាក់ដែលជាប្ដី និងប្រពន្ធកំពុងប្រឈមចំពោះការចោទប្រកាន់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញក្រោយពីព្យាបាលជំងឺបណ្ដាលឲ្យជនជាតិចិនបានស្លាប់ក្នុងមន្ទីរសម្រាកព្យាបាលឯកជនមួយនៅក្នុងខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង ២ នាក់ឈ្មោះ Li Xiayong ភេទប្រុស អាយុ ៣៩ ឆ្នាំជនជាតិចិន មុខរបរពេទ្យ និងប្រពន្ធឈ្មោះ Chen Liping ភេទស្រី អាយុ ៣១ ឆ្នាំមុខរបរពេទ្យ។ ជនសង្ស័យទាំង ២ នាក់បានបើកមន្ទីរសម្រាកព្យាបាល និង សម្ភព ផេង វុទ្ធី ស្ថិតនៅផ្ទះលេខ DD.១០ ភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ បានផ្ដល់សេវាព្យាបាលដល់បុរសជនជាតិចិនម្នាក់ឈ្មោះ WANG ZHIQIANG អាយុ ៤៩ ឆ្នាំស្លាប់កាលពីថ្ងៃទី ១៥ ខែតុលា។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា៖ «សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យទៅតុលាការ ដើម្បីបន្ដនីតិវិធី។ យើងកំពុងសាកសួរជនសង្ស័យនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យនៅឡើយ ចំណែកសាកសពជនរងគ្រោះត្រូវបានសាច់ញាតិមកទទួលយកទៅហើយ តែយើងមិនទាន់ដឹងថា គាត់យកសពទៅណានៅឡើយទេ»។
លោក យឹម សារ៉ាន់ ឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិះរ៉ឺម៉កកង់ ៣ មកមន្ទីរពេទ្យខាងលើដោយជនរងគ្រោះមានអាការក្តៅខ្លួនខ្លាំង ឈឺសន្លាក់ដៃ សន្លាក់ជើង ភ្លាមៗនោះគ្រូពេទ្យបានពិនិត្យជនរងគ្រោះឃើញមានកម្តៅក្តៅឡើងខ្លាំង (ក្ដៅខ្លួនខ្លាំង) ហើយក៏សន្មតថា ជនរងគ្រោះមានជំងឺ គ្រុនឈាម បន្ទាប់មកគ្រូពេទ្យខាងលើក៏ដាក់សេរ៉ូមបាន ១ ប្លោកបន្ទាប់ពីដាក់សេរ៉ូម ១ កំប្លោក ជនរងគ្រោះមានអាការធម្មតា ក្រោយមកគ្រូពេទ្យក៏បានដាក់សេរ៉ូម ១ ប្លោកទៀតដោយបានដាក់ប្រភេទថ្នាំផ្សេង។
លោកថា៖ «ដាក់សេរ៉ូមបានពាក់កណ្តាល ជនរងគ្រោះស្រាប់តែមានអាការខុសប្លែកពីធម្មតា ស្លេកស្លាំង។ ដូច្នេះគ្រូពេទ្យ និងប្រពន្ធបានគាស់មាត់ជនរងគ្រោះ ដើម្បីបញ្ចូលខ្យល់អុកស៊ីហ្ស៊ែន ហើយធ្វើចលនាដើមទ្រូង។ លុះមួយសន្ទុះក្រោយមកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង»។
លោក នង សុវណ្ណរ័ត្ន គណៈកម្មការកោសល្យវិច័យរាជធានីភ្នំពេញបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារការព្យាបាលខុសបច្ចេកទេស គ្មានឧបករណ៍គ្រប់គ្រាន់ និងយឺតពេល ៣ ម៉ោងក្នុងការសង្គ្រោះបន្ទាន់»។
លោក សុវណ្ណរ័ត្ន ថ្លែងថាមន្ទីរសម្រាកព្យាបាល និងសម្ភព ផេងវុទ្ធី ដែលជនជាតិចិនកំពុងប្រកបរបរនៅលើទឹកដីខ្មែរនេះមានអ្នកឈរឈ្មោះជាជនជាតិខ្មែរ និងមានច្បាប់ត្រឹមត្រូវពីក្រសួងសុខាភិបាល។ សាកសពជនរងគ្រោះដែលស្លាប់ មានស្នាមចាក់ ៣ ម្ជុល បន្តោកសេរ៉ូមលើខ្នងដៃទាំងសងខាង និងនៅគន្លាក់ដៃឆ្វេង៕