ភ្នំពេញៈ មនុស្ស ៦ នាក់ និងស្លាកលេខម៉ូតូ និងរថយន្តក្លែងក្លាយជិត ១០០ បន្ទះ ព្រមទាំងឧបករណ៍សម្រាប់ធ្វើស្លាកលេខមួយចំនួនទៀតត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញ បង្ក្រាបចាប់ និងរឹបអូសបានពីទីតាំងធ្វើស្លាកលេខក្លែងក្លាយចំនួន ៧ កន្លែង កាលពីថ្ងៃសៅរិ៍។
លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្នុងចំណោមស្លាកលេខក្លែងក្លាយដែលត្រូវបានបង្ក្រាបចាប់រឹបអូសនោះមានមួយចំនួនជាស្លាកលេខ ន.ប, ខ.ម និងស្លាកលេខរដ្ឋ។ លោកបន្តថា ប្រតិបត្តិការបង្ក្រាបទីតាំងផលិតស្លាកលេខក្លែងក្លាយទាំង ៧ ទីតាំងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញបានចុះស្រាវជ្រាវអស់រយៈពេលជាង ២ សប្ដាហ៍។ លោក បន្តថា៖ «បច្ចុប្បន្នបទល្មើសធ្វើស្លាកលេខក្លែងក្លាយបានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច និងសន្តិសុខជាតិ»។
បើតាមលោក ច័ន្ទសារ នៅពេលនេះក្រុមសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី សួរចម្លើយដល់ក្រុមជនសង្ស័យទាំង ៦ នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបាននិយាយថា ការផលិតស្លាកលេខក្លែងក្លាយគឺជាបទល្មើសមួយដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណូលពន្ធរដ្ឋ និងប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ។ ដើម្បីធានាបាននូវចំណូលពន្ធរដ្ឋ និងលុបបំបាត់នូវរាល់បទល្មើសគ្រប់ប្រភេទ អាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់ដោយចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបឲ្យទាន់ពេលវេលា។
លោក សុខ ពេញវុធ បានថ្លែងបន្តថា៖ «ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ អាជ្ញាធរយើងនឹងបន្តពង្រឹងការអនុវត្តច្បាប់ ចុះបង្ក្រាបរាល់បទល្មើសទាំងអស់ដោយគ្មានការលើកលែង»៕