ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញបានបោះឆ្នោតចាប់យកលេខរៀងគណបក្សសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ដោយគណបក្សប្រជាជនបានលេខរៀងទី ១ គណបក្សយុវជនកម្ពុជាទទួលបានលេខទី ២ គណបក្សខ្មែររួបរួមជាតិទទួលបានលេខរៀងទី ៣ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានលេខរៀងទី ៤។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមាន ៦២ អាសនៈ អាណត្តិទី ៤ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំនេះ។ គណបក្សដែលចូលរួមប្រកួតក្នុងអាណត្តិនេះមាន ៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
លោកបញ្ជាក់ថា៖ «យើងបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ហើយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមានអង្គបោះឆ្នោតតែតំណាងរាស្ត្រក្នុងតំណែង ១២៣ រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ១១៥៧២ រូបប៉ុណ្ណោះពោលគឺមិនមានការចូលរួមពីពលរដ្ឋទូទៅនោះឡើយ»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថាការចាប់ឆ្នោតគឺធ្វើឡើងដើម្បីឲ្យមានតម្លាភាពយុត្តិធម៌ក្នុងដំណើរការរៀបចំការបោះឆ្នោត និងងាយស្រួលចំណាំលេខរៀងគណបក្សលើសន្លឹកឆ្នោត ។
លោកបន្តថាសន្លឹកឆ្នោតមួយមានឈ្មោះគណបក្ស និង Logo តែមួយគត់ ហើយឈ្មោះគណបក្សនីមួយៗត្រូវបានសរសេរលើក្រដាសក្នុងទំហំ និងទំព័រដូចគ្នាហើយបត់ជា ២ ផ្នត់រួចដាក់ចូលក្នុងស្រោមសំបុត្រមួយទៀតដោយមានរុំកៅស៊ូបិទជិត រួចក៏ដាក់ចូលក្នុងហឹបឆ្នោត ហើយមានការផ្ទៀងផ្ទាត់ជាសាធារណៈ ហើយក្រឡុកវាជាច្រើនដង។ បន្ទាប់មកទើបនិមន្តសម្ដេចសង្ឃទាំង ២ អង្គចាប់យកម្ដងមួយសន្លឹកៗរហូតគ្រប់គណបក្សទាំងអស់។
លោក អូក គឹមហាន អនុប្រធានខុទ្ទកាល័យគណបក្សប្រជាជនដែលបានចូលរួមថ្លែងថាលោកពេញចិត្តលទ្ធផលនេះ និងរំពឹងថាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាខាងមុខនឹងប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។
លោកបញ្ជាក់ថា៖ «ខ្ញុំថាការបោះឆ្នោតនៅពេលនេះមានលក្ខណៈល្អត្រឹមត្រូវ និងមានតម្លាភាពព្រោះយើងឃើញ...មានសម្ដេចសង្ឃ អ្នកសារព័ត៌មាន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងគណបក្សនយោបាយ និងមន្ត្រីជំនាញពីស្ថាប័នជាច្រើនទៀតចូលរួមអង្កេត និងតាមដាន...»។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាក៏បានសម្ដែងក្ដីរីករាយនឹងលទ្ធផលនេះដែរ ខណៈលោកថាសមាជិកគណបក្សរបស់លោកបានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមការបោះឆ្នោតលើកនេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ក្រោយបញ្ចប់ពិធីបោះឆ្នោតនោះថា អាសនៈនៅក្នុងព្រឹទ្ធសភាដែលត្រូវបោះឆ្នោតជ្រើសតាំងត្រូវបែងចែងតាមភូមិភាគដូចជា៖ ភូមិភាគទី ១-នៅរាជធានីភ្នំពេញមាន ៦ អាសនៈ ទី ២-ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំមាន ៨ អាសនៈ ទី៣- ខេត្តកណ្ដាលមាន ៥ អាសនៈ ទី ៤-ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិនមាន ១០ អាសនៈ ទី ៥-ខេត្តតាកែវ កំពត និងខេត្តកែបមាន ៧ អាសនៈ ទី ៦-ខេត្តព្រៃវែង និងស្វាយរៀងមាន ៧ អាសនៈ ទី ៧-ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុមាន ៩ អាសនៈ និងទី ៨-ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរីមាន ៦ អាសនៈ៕