ព្រះសីហនុៈ បុរស និង​ស្ត្រី ជា​ជនជាតិ​ចិន​ ២ ​នាក់​ ក្នុងចំណោម​ ៣ ​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​បាញ់​សម្លាប់​បុរស​ចិន​ម្នាក់​កាលពី​ម្សិលមិញ ខណៈ​បុរស​ជនជាតិ​ចិន​ម្នាក់ទៀត​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​នឹង​ការសម្លាប់​បុរស​ជនជាតិ​ចិន​ដូចគ្នា ដោយ​កាត់​ជា​​ ៣ ​កំណាត់​ កាលពី​ថ្ងៃ​ទី​ ១ តុលា នៅ​ភូមិ-សង្កាត់​ ៤ ក្រុង-ខេត្ត​ព្រះសីហនុ​។

ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​លោក​ យឹម ប៊ុណ្ណារ៉េត អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​នោះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ហើយ ប៉ុន្តែ​ជនល្មើស​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បែបនេះ​មិន​អាច​មិន​ឃុំខ្លួន​នោះទេ​។

លោក​ថ្លែងថា​៖ «​បើ​ជនល្មើស​ប្រព្រឹត្ត​បទឧក្រិដ្ឋ​បែបនេះ​នឹង​ត្រូវ​ឃុំខ្លួន​ហើយ​»​។

ទោះ​យ៉ាងណា​លោក​ ស៊ុត សំអុន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​គរបាល ខេត្ត​ព្រះសីហនុ ប្រាប់​ពី​ម្សិលមិញ​ថា ករណី​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ZHOU YA YUN អាយុ​ ២៩ ​ឆ្នាំ ត្រូវបាន​តុលាការ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចោទប្រកាន់ និង​បញ្ជូន​ជនល្មើស​ទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្ត​ហើយ​កាលពី​ថ្ងៃទី​ ៥ តុលា​។

លោក​ សំអុន បញ្ជាក់ថា​៖ «​បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​ត្រូវ​ចោទ​ពី​បទមនុស្សឃាត​គិតទុក​ជាមុន​តាម​បញ្ញត្តិមាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ និង បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​។

ពាក់ព័ន្ធ​បទ​ចោទ និង​យោង​មាត្រា​ខាងលើ​នេះ​ប្រសិន​បើ​តុលាការ​រកឃើញ​ថា ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​ ១ ​ជីវិត​។

គួររំឭក​ថា ករណី​ឃាតកម្ម​នេះ​ជនរងគ្រោះ​ឈ្មោះ WU CHENGHUI ជនជាតិ​ចិន​ត្រូវ​បាន​ជន​ត្រូវ​ចោទ​កាប់​ជា​ ៣ ​កំណាត់ ហើយ​យក​ទៅ​បោះចោល​នៅ​ដីឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​អូរត្រេះ​ ២ ភូមិ​ ៦ សង្កាត់​ ៤ ក្រុង-ខេត្ត​ព្រះសីហនុ​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​ថ្ងៃទី ​១ តុលា​។

បើ​តាម​កំណត់ហេតុ​សមត្ថកិច្ច​បង្ហា​ញ​ថា បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​សាកសព និង​ប្រមូល​ភ័ស្តុតាង​នៅ​កន្លែង​កើតហេតុ​រួចមក សមត្ថកិច្ច​បាន​បន្តធ្វើ​ការស្រាវជ្រាវ និង​ឈាន​ទៅ​ឃាត់​ខ្លួន​ជនសង្ស័យ​នៅ​វេលា​ម៉ោង​ ៥ ​ល្ងាច​ថ្ងៃទី​ ១ ខែ ​តុលា ឆ្នាំ​ ២០១៩ នៅ​ចំណុច​ហាង​ប្តូរប្រាក់ យីហោ​ជាំងស៊ូ ស្ថិត​នៅ​ក្រុមទី​ ១៤ ភូមិ​ ៤ សង្កាត់​ ៤ ក្រុង-ខេត្ត​ព្រះសីហនុ​។ ​សាកសព​របស់​ជនរងគ្រោះ​ត្រូវបាន​កាត់​ជា​ ៣ ​កំណាត់ ​ដោយ​កំណាត់​ទី​ ១ ​ពី​ក្បាល​ដល់​ចង្កេះ កំណាត់​ទី​ ២ ​ពី​ចង្កេះ​ដល់​ជង្គង់ និង​កំណាត់​ទី​ ៣ ​ពី​ជង្គង់​ដល់​បាតជើង​។

កំណត់ហេតុ​បញ្ជាក់​ថា ករណីនេះ​ជនសង្ស័យ​បាន​សារភាព​ថា កើតឡើង​ដោយសារ​ជនរងគ្រោះ​បាន​ទាក់ទង​ជនសង្ស័យ​ដើម្បី​ប្តូរប្រាក់​ចិន​ជា​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​ ៧ ​ម៉ឺន​ដុល្លារ​អាមេរិក​ លុះ​នៅ​ថ្ងៃទី​ ៣០ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ ជនរងគ្រោះ​បាន​ទៅ​ហាង​ប្តូរប្រាក់​របស់​ជនសង្ស័យ​ដែល​មាន​ស្លាក​យីហោ​ប្តូរប្រាក់ ជាំងស៊ូ នៅ​ក្រុម​ទី​ ១៤ ភូមិ​ ៤ សង្កាត់​ ៤ ក្រុង​ព្រះសីហនុ ហើយ​ប្លន់​ចាក់​សម្លាប់​ជនរងគ្រោះ​តែម្តង​។

បន្ទាប់ពី​សម្លាប់​ជនរងគ្រោះ​ហើយ​ជនសង្ស័យ​បាន​កាត់​សាកសព​ជា​ ៣ ​កំណាត់ ​រួច​យក​សាកសព​វេចខ្ចប់​ជាមួយ​ភួយ និង​អាវ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព និង​ស្បោង​ពណ៌​ខ្មៅ​ដល់​ម៉ោង​ ១ ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១ ខែ​ តុលា ឆ្នាំ​ ២០១៩ ជនសង្ស័យ​បាន​ទៅ​ជួល​រថយន្ត​ម៉ាក LEXUS 470១ ​គ្រឿង ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​ 2AH-1611 ដើម្បី​ដឹក​សាកសព​ជនរងគ្រោះ​យក​ទៅ​ប្លុង​ចោល​នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​ដោយ​កំណាត់​ទី​ ១ ​ពី​ក្បាល​ដល់​ចង្កេះ​យក​ទៅ​ប្លុង​ចោល​នៅ​ដីឡូត៍​មួយ​កន្លែង​ស្ថិតនៅ​អូរត្រេះ​ ២ ភូមិ​ ៦ សង្កាត់​​ ៤ ក្រុងព្រះសីហនុ​ទី​ ២ ​ពី​ចង្កេះ​ដល់​ជង្គង់​យក​ទៅ​ប្លុង​ចោល​នៅ​ដីឡូត៍​មួយកន្លែង​ស្ថិត​នៅ​ភ្នំ​ ៩៦ ភូមិ​ ៥ សង្កាត់​ ៤ ក្រុង-ខេត្ត​ព្រះសីហនុ និង​ទី​ ៣ ពី​ជង្គង់​ដល់​បាតជើង​យក​ទៅ​ប្លុង​ចោល​នៅក្នុង​ព្រៃ ភូមិ​មើល​ស្វា អូតែល​ ៧ ​ជាន់ ក្នុងភូមិ​ ១ សង្កាត់​ ៣ ក្រុង​ព្រះសីហនុ​។

ករណី​ឃាតកម្ម​មួយទៀត​ពី​ម្សិលមិញ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ស្ត្រី និង​បុរស​ចិន បន្ទាប់ពី​ជនសង្ស័យ​បាញ់សម្លាប់​បុរសរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា​ដាក់​ក្នុង​រថយន្ត​ហើយ​យក​ទៅ​បោះ​ចោល​កណ្តាលផ្លូវ​ក្នុង​សង្កាត់​លេខ​ ២ ក្រុង-ខេត្ត​ព្រះសីហនុ​។

លោក​ ស៊ុត សំអុន បាន​បញ្ជាក់ថា ក្រោយពី​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​មក សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​តាម​ចាប់បាន​ជនជាតិ​ចិន​ប្រុស​-ស្រី​បាន​ ២ ​នាក់​ក្នុង​ចំណោម​ ៣ ​នាក់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មាន​ហេតុការណ៍​។ ជនល្មើស​បាន​បើក​រថយន្ត​ដែល​ដឹក​សាកសព​នោះ​យក​ទៅ​ចត​ចោល​នៅ​ជិត​វត្ត​ក្រោម​ក្នុង​សង្កាត់​ ៣ ក្រុង​ព្រះសីហនុ​។ ប៉ុន្តែ​ខាង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ប្រគល់​ការងារ​នេះ​ទៅ​ខាង​កម្រិត​ស្រាល​វិញ​។

ទោះ​យ៉ាងណា​លោក​ ហ៊ី សុខលី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ជុំវិញ​អំពើ​ឃាតកម្ម​នេះ សមត្ថកិច្ច​របស់​លោក​កំពុង​សាកសួរ​ជនសង្ស័យ​ដើម្បី​ដឹង​មូលហេតុ ប៉ុន្តែ​ពួកគេ​មិនទាន់​សារភាព​ប្រាប់​សមត្ថកិច្ច​ទេ​។

លោក​ថា​៖ «​រឿងនេះ ខ្ញុំ​កំពុង​លួងលោម​ពួកគេ ដើម្បី​ឆ្លើយ​ពី​មូលហេតុ​នៃ​ការបាញ់សម្លាប់​ជនរងគ្រោះ​»៕