ភ្នំពេញៈ រថយន្តដឹកទំនិញគ្រប់ប្រភេទលើសទម្ងន់ជិត ៣០០ គ្រឿងត្រូវបានមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឃាត់ និងពិន័យបានថវិកាសរុបជាង ៥០០ លានរៀលក្នុងខែមេសា ខណៈរយៈពេល ២០ ថ្ងៃនៃខែឧសភានេះ សមត្ថកិច្ចបានផាកពិន័យយានយន្ត ៣០៦៥៨ គ្រឿងក្នុងនោះម៉ូតូ ២២៥៦០ គ្រឿង និងរថយន្ត ៨០៩៨ គ្រឿង។
សេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ២០ ឧសភា ឲ្យដឹងថា ពេញ ១ ខែមេសា ឆ្នាំ ២០២០ មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូនចាប់បានរថយន្តដឹកទំនិញគ្រប់ប្រភេទដឹកលើសទម្ងន់សរុបចំនួន ២៩៨ គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០៥ ៧០០ ០០០ រៀល។
របាយការណ៍បន្តថា ក្នុងចំណោមស្ថានីយថ្លឹងចំនួន ២៨ មានស្ថានីយអង្គស្នួលក្នុងខេត្តកណ្តាលចាប់បានរថយន្តដឹកលើសទម្ងន់កំណត់ចំនួន ៣៧ គ្រឿង ស្ថានីយមានជ័យក្នុងខេត្តក្រចេះចាប់បានរថយន្តដឹកលើសទម្ងន់កំណត់ចំនួន ៣៧ គ្រឿង ស្ថានីយប្រាសាទខេត្តកំពង់ធំចាប់បាន ២៧ គ្រឿង ស្ថានីយលង្វែកខេត្តកំពង់ឆ្នាំង ២៤ គ្រឿង។ ចំនួននេះគឺច្រើនជាងស្ថានីយផ្សេងៗទៀត។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងពីម្សិលមិញថា ក្រសួងសាធារណការ និងដឹកជញ្ជូនមានផែនការដាក់ជញ្ជីងថ្លឹងរថយន្តដឹកលើសទម្ងន់បន្ថែមតាមគោលដៅសំខាន់ៗមួយចំនួនទៀត។ ក្រៅពីនេះក៏ដាក់តាមផ្លូវជាតិដែលបានស្ថាបនារួចរាល់ដើម្បីកាត់បន្ថយការខូចខាតផ្លូវមុនអាយុកាល ដោយសារអ្នកដឹកទំនិញមិនព្រមគោរពច្បាប់។
លោកថា ក្រៅពីប្រើប្រាស់ជញ្ជីងប្រចាំការនៅតាមគោលដៅសំខាន់ៗនោះក្រសួងបានរៀបចំឲ្យមានក្រុមជញ្ជីងចល័តបន្ថែម ១ ក្រុមទៀត ដើម្បីដាក់ចល័តបន្ថែមនៅតាមស្ថានីយណាដែលមានរថយន្តច្រើនកំពុងកកស្ទះខ្លាំងហើយជញ្ជីងប្រចាំការនៅទីនោះថ្លឹងមិនទាន់។
លោកបញ្ជាក់ថា៖ «ហើយក្រុមជញ្ជីងចល័តនេះក៏សម្រាប់តាមដានទៅលើស្ថានីយមួយណាដែលធ្វើការមិនប្រក្រតី គឺយើងដាក់កម្លាំងជញ្ជីងចល័តទៅត្រួតពិនិត្យយ៉ាងសម្ងាត់»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ធ្លាប់បានថ្លែងកាលពីពេលថ្មីៗនេះថា ប្រសិនបើមានរថយន្តដឹកទំនិញលើស ១០ តោនគេយក ១០ គុណ ១០ ស្មើ ១០០ គេយក ១០០ គុណ ១០ ស្មើនឹង ១០០០ គេយក ១០០០ គុណ ១០ ស្មើនឹង ១ ម៉ឺន។ ដូច្នេះរថយន្តតែ ១ គ្រឿងបានបើកលើផ្លូវនោះ គឺស្មើនឹងរថយន្តធុនតូច ១ ម៉ឺនគ្រឿងបើកចុះឡើងៗនៅលើផ្លូវនោះ។
លោកបញ្ជាក់ថា៖ «ដូច្នេះសូមមេត្តាអាណិតអាសូរដល់រាជរដ្ឋាភិបាលយើងដែលខិតខំប្រឹងប្រែង កៀរគរថវិកាក្នុងការកសាងផ្លូវទាំងអស់ដែលយើងបំផ្លាញនេះ។ អ៊ីចឹងត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាផ្លូវថ្នល់យើងជាទ្រព្យសម្បត្តិជាតិយើង ដែលចេញពីញើសឈាមពលរដ្ឋយើង»។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលថ្លែងពីម្សិលមិញថា មន្ត្រីជំនាញដែលប្រចាំការនៅទីតាំងជញ្ជីងថ្លឹងរថយន្ត និងសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តអនុវត្តច្បាប់ទៅលើរថយន្តដែលដឹកទំនិញលើសទម្ងន់។ ទីតាំងជញ្ជីងថ្លឹងរថយន្តមួយចំនួនមានមន្ត្រីនៅប្រចាំការជាប្រចាំ និងកន្លែងខ្លះមានមន្ត្រីឆ្លាស់វេនគ្នាប្រចាំការ ដើម្បីអនុវត្តច្បាប់។
លោកថាក្នុងខែមេសា សមត្ថកិច្ចឃាត់រថយន្តដឹកទំនិញលើសទម្ងន់ចំនួន ៧០ គ្រឿងក្នុងនោះស្ថានីយអង្គស្នួលចំនួន ៣៧ គ្រឿង ស្ថានីយព្រែកស្ដី [ផ្លូវលេខ ២១]២០ គ្រឿង ស្ថានីយកំពង់ទួល ៨ គ្រឿង ស្ថានីយក្រសាំង ៤ គ្រឿង និងស្ថានីយកំពង់ភ្នំ ១ គ្រឿង។ លោកថា៖ «ឥឡូវនេះយើងនៅតែបន្តការឃាត់រថយន្តដែលដឹកទំនិញលើសទម្ងន់ដែលធ្វើឲ្យខូចផ្លូវ ព្រោះយើងជាអ្នកអនុវត្តច្បាប់។ ជាពិសេសយើងបានដាក់បន្ថែមជញ្ជីងថ្លឹងរថយន្តនៅតាមបណ្ដោយផ្លូវជាតិលេខ ២១ មួយកន្លែង ប៉ុន្ដែខ្ញុំមិនទាន់ដឹងថាក្រសួងយើងគ្រោងរកកន្លែងណាផ្សេងៗដាក់បន្ថែមទៀតទេ»។
លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងពីម្សិលមិញថា រយៈពេល ២០ ថ្ងៃនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺថ្ងៃទី ១-២០ ខែឧសភា មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣០៦៥៨ គ្រឿងក្នុងនោះម៉ូតូ ២២៥៦០ គ្រឿង និងរថយន្ត ៨០៩៨ គ្រឿង។
លោកបន្តថា ចំពោះថ្ងៃទី ២០ ខែឧសភានេះ មន្ត្រីនគរបាលចរាចរណ៍បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ១៣៥២ គ្រឿង។ ក្នុងនោះម៉ូតូ ៩៨១ គ្រឿង (ភាគច្រើននៃបទល្មើសគឺគ្មានមួក ភ្លើងសញ្ញា ប្រើប្រាស់ទូរស័ព្ទ ស្រវឹង) និងរថយន្ត ៣៧១ គ្រឿង ហើយភាគច្រើននៃបទល្មើសគឺលើសល្បឿន គ្មានខ្សែក្រវាត់ និងស្រវឹងជាដើម។
លោកថា៖ «ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៧ លើកក្នុងនោះស្លាប់ ៤ នាក់របួស ១១ នាក់ដែលក្នុងនោះរបួសធ្ងន់ ៨ នាក់ពោលគឺករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឲ្យកត់សម្គាល់»៕