ភ្នំពេញ៖ រដ្ឋាភិបាលចិនបានប្រកាសផ្តល់នូវជំនួយវ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាម ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលវ៉ាក់សាំងនេះ នឹងដឹកមកដល់កម្ពុជានៅចុងខែមេសា ឆ្នាំ ២០២១។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី ១៣ ខែមេសានេះ លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការណ៍របស់ស្ថានទូតថា៖ «ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ ១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា»។
វ៉ាក់សាំងទាំងនេះ នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែមេសា ខាងមុខនេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ធ្លាប់បានថ្លែងថា ចិន និងកម្ពុជា ជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។
ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជា មិនទាន់បញ្ចប់ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយវ៉ាក់សាំងរបស់ចិន ដែលបានផ្តល់មកកម្ពុជាជាបន្តបន្ទាប់នេះ។ លោកក៏ធ្លាប់បានផ្ញើសារអរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយជាច្រើនសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ ១៩ ផងដែរ។
លោក ហ៊ុន សែន កាលពីពេលកន្លងទៅបានសរសេរលើហ្វេសប៊ុករបស់លោកថា «អរគុណមិត្តចិនជាអនេក ជានិច្ចកាលមិត្តចិនតែងយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩»៕