ភ្នំពេញៈ ចិន​បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១ ​លាន​ដូស​ដល់​កម្ពុជា​ ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ចាក់​វ៉ាក់សាំង​នេះ​មុនគេ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​នេះ​ពលរដ្ឋ​ដែល​ស្ថិតក្នុង​បញ្ជី​អាទិភាព​ក្នុង​ការទទួលបាន​វ៉ាក់សាំង​និយាយ​ថា ពួកគេ​ស្ម័គ្រចិត្ត​ទទួល​យក​វ៉ាក់សាំង​របស់​ចិន​នេះ​។

លោក​ ហ៊ុន សែន បានប្រកាស​កាលពី​យប់​ថ្ងៃ​សុក្រ​តាមរយៈ​សារ​ជា​សំឡេង​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​ពី​ក្រុមហ៊ុន Sinopharm ចំនួន​ ១ ​លាន​ដូស​ដល់​កម្ពុជា​។ កម្ពុជា​នឹង​ទទួល​យក​វ៉ាក់សាំង​នេះ​ដែល​នឹង​ចាក់​ជូន​ប្រជាពលរដ្ឋ​អាទិភាព​ចំនួន ៥០ ​ម៉ឺន​នាក់​ដំបូង​។

ការប្រកាស​ទទួល​យក​វ៉ាក់សាំង​នេះ គឺជា​ការវិវត្ត​ថ្មី​ផ្ទុយ​ពីអ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ប្រកាស​កាលពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​ ២០២០ ថា កម្ពុជា​នឹង​ទទួល ឬ​ទិញ​តែ​វ៉ាក់សាំង​ណា ដែល​អង្គការ​សុខភាព​ពិភពលោក WHO ទទួលស្គាល់​ក្រោម​គំនិត​ផ្ដួចផ្ដើម COVAC តែប៉ុណ្ណោះ​។ ប៉ុន្តែ​លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ថា ការទទួល​យក​វ៉ាក់សាំង​នេះ​មក​ប្រើប្រាស់​នៅពេល​នេះ គឺ​ដោយសារ​តែ​មាន​ភាពចាំបាច់​។

លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​អ្វី​ដែល​ជា​ភាពចាំបាច់​របស់​យើង យើង​មិនអាច​រង់ចាំ​តទៅ​ទៀត​បាន​នោះទេ​។ តម្រូវការ​ការពារ​ជាតិ​ការពារ​ប្រជាជន កុំឱ្យ​ឆ្លង​រោគរាតត្បាត​ដ៏កាចសាហាវ​នេះ គឺ​យើង​ត្រូវ​ប្រើប្រាស់​នូវ​វ៉ាក់សាំង​ដែល​បាន​ប្រើប្រាស់​រួចមកហើយ សម្រាប់​មេដឹកនាំ​ចិន​ដែល​មាន​មនុស្ស​រាប់លាន​នាក់​បាន​ប្រើប្រាស់ និង​មាន​ប្រទេស​មួយចំនួន​ផ្សេងទៀត​រាប់ទាំង​ឥណ្ឌូនេស៊ី ដែល​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ទទួល​វ៉ាក់សាំង​លើកដំបូង​គឺជា​វ៉ាក់សាំង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​លើក​ហេតុផល​មួយ​នៃ​ការសម្រេចចិត្ត​ទទួលយក​វ៉ាក់សាំង​ចិន​នេះ​ក្នុង​នោះ​គឺ​ភាពងាយស្រួល​ក្នុង​ការរក្សាទុក​វ៉ាក់សាំង​នេះ ដែល​លក្ខខណ្ឌ​បរិយាកាស​ចាំបាច់​​គឺ​ចន្លោះ​ពី​ ២ ​ទៅ ៨ ​អង្សាសេ​ប៉ុណ្ណោះ​។ ចំណែក​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេងទៀត​ត្រូវ​រក្សាទុក​ក្នុង​កម្រិត​បរិយាកាស​មិន​ក្រោម​ ៧០ ​អង្សារសេ​ក្រោម​សូន្យ​ឡើយ​។ ភាពងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ពី​ប្រទេស​ចិន​មក​កម្ពុជា ក៏​ជា​កត្តា​សម្រេចចិត្ត​មួយ​នៃ​ការទទួល​យក​វ៉ាក់សាំង​នេះ​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​ជាដំបូង​នេះ យ៉ាងហោច​ណាស់ មិត្ត​ចិន​បាន​ជួយ​យើង​ក្នុង​ ១ ​លាន​ដូស​ក្នុង​ទឹកចិត្ត​ដ៏សប្បុរស និង​ចំណង​មិត្តភាព​ដ៏ល្អ​ជាមួយ​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​សូម​ព្រះតេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​បងប្អូន​ជនរួមជាតិ​ស្ងប់​អារម្មណ៍​។ យើង​នឹង​ទទួលបាន​វ៉ាក់សាំង​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​»​។

ពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី ១០ ​លាន​ទៅ​ ១៣ ​លាន​នាក់​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ ពោលគឺ​​ ៨០ ​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប​។ ប៉ុន្តែ​ចំនួន​ប្រជាពលរដ្ឋ​អាច​នឹងត្រូវ​បន្ថយ​ទៅ​នៅត្រឹម​ ៦០ ​ភាគរយ​។ អ្នក​ដែល​នឹង​ទទួល​វ៉ាក់សាំង​មុនគេ​គឺជា​មនុស្ស​នៅ​ជុំវិញ​រូបលោក​នាយករដ្ឋមន្ត្រី​រួមមាន​ទាំង​កងអង្គរក្ស​អ្នក​នៅ​ជុំវិញ​ព្រះមហាក្សត្រ អ្នក​នៅ​ជុំវិញ​ប្រធានព្រឹទ្ធសភា និង​រដ្ឋសភា​។

ក្រៅពីនេះ អ្នក​ដែល​មាន​អាទិភាព​ទទួល​បាន​វ៉ាក់សាំង​នេះដែរ រួមមាន​ក្រុមគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នគរបាល​យុត្តិធម៌​គ្រប់ផ្នែក​បុគ្គលិក​អនាម័យ​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា អ្នករត់​ម៉ូតូ​ឌុប កង់​៣ តាក់ស៊ី​។ អ្នក​ទាំងនេះ​ត្រូវ​ទទួលបាន​វ៉ាក់សាំង​នេះ​ដោយ​ឥតគិតថ្លៃ និង​ដោយ​ស្ម័គ្រចិត្ត​។ នេះ​បើតាម​លោក ហ៊ុន សែន​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់ដែរថា ការសម្រេចចិត្ត​យក​វ៉ាក់សាំង​នេះ គឺជា​ការសម្រេចចិត្ត​ផ្នែក​នយោបាយ​មួយ​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​។ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង យី បាន​ចាក់​តាំង​ពីមុន​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​ក្នុង​ខែតុលា ឆ្នាំ​ ២០២០​។ នៅពេលនោះ ចិន​បាន​យល់ព្រម​ផ្ដល់​វ៉ាក់សាំង​នេះ​ឱ្យ​កម្ពុជា ប៉ុន្តែ​លោក​ត្រូវ​រង់​ចាំមើល​ការវិវឌ្ឍ​បន្តិច​សិន​។

លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖ «​ខ្ញុំព្រះករុណាខ្ញុំ​ជឿជាក់ថា វ៉ាក់សាំង​នេះ​នឹង​អាច​សម្រួល​ឱ្យ​យើង​ដោះស្រាយ​បាន​បញ្ហា​មួយផ្នែក​បើទោះបី​ជា​យើង​មិនទាន់​ដឹង​ប្រសិទ្ធភាព​ពិតប្រាកដ​។ មិនមែន​គ្រាន់តែ​វ៉ាក់សាំង​របស់​ចិន​នោះទេ ប៉ុន្តែ​វ៉ាក់សាំង​នៅ​គ្រប់​ប្រទេស​ទាំងអស់ មិន​ទាន់​ដឹងថា តើ​មាន​សុពលភាព​រយៈពេល​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ ឬ​ ១ ​ជីវិត​នោះឡើយ​»​។

ក្នុង​សារ​ជា​សំឡេង​ដដែល​នោះ​លោក ហ៊ុន សែន ក៏បាន​ប្រកាស​បញ្ឈប់​ការទទួលយក​ការបរិច្ចាគ​ប្រាក់​របស់​សាធារណជន ដើម្បី​ទិញ​វ៉ាក់សាំង​ចាប់ពីពេលនេះ​តទៅ​។ បើតាម​សារព័ត៌មាន​ហ្វ្រេសញូវ​គិត​ត្រឹម​ថ្ងៃទី​ ១៤ ​មករា ថវិកា​សប្បុរសជន​សម្រាប់​ទិញ​វ៉ាក់សាំង​មាន​ចំនួន​ជាង ៥៦,៩ ​លាន​ដុល្លារ​។

កាលពី​ថ្ងៃទី​ ១៧ ខែមករា​លោក ហ៊ុន សែន ក៏បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នឹង​ស្ម័គ្រចិត្ត​ទទួល​ចាក់​វ៉ាក់សាំង​នេះ​មុនគេ​។ លោក​បាន​សរសេរ​ថា​៖ «២ ​ថ្ងៃ​មុននេះ ខ្ញុំ​ព្រះករុណា​ខ្ញុំ​បានទូល ប្រគេន​ និង​ជម្រាបជូន​បងប្អូន​ជន​រួមជាតិ​យើង​ហើយ​ថា យើង​បាន​ទទួល​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នូវ​ជំនួយ​វ៉ាក់សាំង​លើកដំបូង​ចំនួន​ ១ ​លានដូស​។ ថ្ងៃនេះ​ដើម្បី​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​លើ​វ៉ាក់សាំង និង​ជំរុញ​ចលនា​ប្រយុទ្ធប្រឆាំង​កូវីដ​១៩ ខ្ញុំព្រះករុណាខ្ញុំ​សូម​ប្រកាស​ថា វ៉ាក់សាំង​ដែល​នឹង​ចាក់​លើក​ទី​ ១ និង​មុនគេ​គឺ​រូប​ខ្ញុំព្រះករុណាខ្ញុំ​នេះ​តែម្តង​។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែ​ស្ថិតនៅ​ខ្សែត្រៀម​ជួរមុខ​ដែល​ជា​ទម្លាប់​ធម្មតា​របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ​រាប់សិប​ឆ្នាំ​មកហើយ​។ អរគុណ​សន្តិភាព​! អរគុណ​នយោបាយ​ឈ្នះ ឈ្នះ​!»​។

លោក ទាវ សុធារ័ត្ន ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​ថែទាំ​សុខភាព​ពី​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ថៃ ហើយ​បច្ចុប្បន្ននេះ​កំពុង​បំពេញ​ការងារ​ជា​បុគ្គលិក​ពេទ្យ​ស្ម័គ្រចិត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ បាន​ថ្លែងថា លោក​ស្ម័គ្រចិត្ត​ទទួលយក​វ៉ាក់សាំង​នេះ​ ១០០ ​ភាគរយ​។

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា វា​មិនមែនជា​បញ្ហា​អ្វី​ធំដុំ​ទេ ដោយសារ​តែ​រាល់ថ្ងៃនេះ​ក៏មាន​ប្រទេស​មួយចំនួន​ប្រើ​វ៉ាក់សាំង​នេះ​។ ជាក់ស្ដែង​ចិន​បាន​ចាក់​វ៉ាក់សាំង​នេះ​លើ​មេដឹកនាំ​របស់គាត់ ហើយ​មេដឹកនាំ​ផ្សេងទៀត​ក៏បាន​ទទួល​វ៉ាក់សាំង​នេះ​។ ខ្ញុំ​គិតថា មិនមាន​បញ្ហា​អ្វី​ទេ​ចំពោះ​វ៉ាក់សាំង​នេះ​ទោះបី​មិន​ទាន់​ទទួល​ស្គាល់ពី WHO ក៏ដោយ​។ ក្ដីបារម្ភ​នោះ​គឺ​តិចតួច​បំផុត សឹង​តែ​ថា​គ្មាន​តែម្ដង​»​។

អ្នករត់​ម៉ូតូ​កង់​ ៣ ​ម្នាក់​ឈ្មោះ យិន យ៉ុន និយាយ​ថា លោក​ស្ម័គ្រចិត្ត​ទទួល​យក​វ៉ាក់សាំង​នេះ​បើ​រដ្ឋាភិបាល​ផ្ដល់ជូន​។ លោក​មិន​មាន​ការភ័យខ្លាច​អ្វី​ទេ ទោះបី​វ៉ាក់សាំង​នេះ​មិនទាន់​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​ក៏ដោយ​។ ស្រដៀង​គ្នា​នេះ​លោក ឆែម ប៊ុណ្ណា បុគ្គលិក​ម្នាក់​ផ្នែក​បើកបរ​នៃ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី និយាយថា លោក​ក៏​ស្ម័គ្រចិត្ត​ទទួល​យក​វ៉ាក់សាំង​នេះដែរ​។

លោក​និយាយថា​៖ «​ខ្ញុំ​ស្ម័គ្រចិត្ត​បើសិន​ជា​មាន ខ្ញុំ​ស្ម័គ្រចិត្ត​ទទួលយក​។ នេះ​ជា​អ្វីដែល​រាជរដ្ឋាភិបាល​គាត់​គិតគូរ​ពី​បញ្ហា​សុខភាព​យើង គឺ​ការពារ​ជំងឺ​កូវីដ​១៩​។ ដល់​អ៊ីចឹង​បើសិន​ជាមាន វា​ល្អ ព្រោះ​ការពារ​ជាការ​ល្អ​»​។

គ្រូបង្រៀន​ម្នាក់​ដែល​ប្រាប់​ឈ្មោះ​ត្រឹម​តែ រ៉ានី បង្រៀន​ថ្នាក់​មត្តេយ្យ​នៅ​សាលារៀន​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយថា អ្នកស្រី​ស្ម័គ្រចិត្ត​ទទួលយក​វ៉ាក់សាំង​នេះ បើសិន​ជា​វា​មាន​សុវត្ថិភាព​។ អ្នកស្រី​ជឿជាក់ថា បើ​វ៉ាក់សាំង​នេះ​មិន​មាន​ប្រសិទ្ធភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការប្រើប្រាស់​ទេ​៕

វីដេអូ៖