ភ្នំពេញៈ លោក លី កឺឈាង (Li Keqiang) នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចិន​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ជាមួយ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ក្នុង​អាង​ទន្លេមេគង្គ​ថា​នឹង​ផ្ដល់​អាទិភាព​ក្នុង​ការទទួល​បាន​វ៉ាក់សាំង​បង្ការ​មេរោគ​កូរ៉ូណា នៅពេល​ដែល​រដ្ឋាភិបាល​ចិន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

មេដឹកនាំ​ និង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ក្នុង​អាង​ទន្លេមេគង្គ រួមមាន ប្រទេស​កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និង​វៀតណាម​បាន​ជួបគ្នា​តាមរយៈ​វីដេអូ​ខនហ្វើរ៉ិន ក្នុង​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង​លើក​ទី​ ៣ កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុង​នោះ​លោក លី បាន​ថ្លែង​ថា ប្រទេស​ចិន​នឹង​បង្កើត​មូលនិធិ​ពិសេស ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​នៃ​មូលនិធិ​ពិសេស​របស់​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង ហើយ​ដើម្បី​បន្ត​ផ្តល់នូវ​ការគាំទ្រ​សម្ភារ​ និង​បច្ចេកទេស​ដល់​បណ្តា​ប្រទេស​មេគង្គ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩​។

លោក លី ថ្លែង​ថា​៖ «​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ នឹង​ត្រូវ​ផ្ដល់​ទៅ​ឱ្យ​បណ្ដា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​។ យើង​គិតថា វា​គឺជា​ធម្មជាតិ​ដែល​ត្រូវតែ​ធ្វើ ខណៈ​ពួកយើង​គឺជា​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា​។ ចិន​ក៏មាន​ឆន្ទៈ​ដើម្បី​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​អាង​ទន្លេមេគង្គ គាំទ្រ​ដល់​ការងារ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ការផលិត​វ៉ាក់សាំង​ការពារ​មេរោគ​កូរ៉ូណា មិនទាន់​មាន​ការប្រកាស​ឲ្យ​ប្រើប្រាស់​ជា​សកល​នៅឡើយ​ទេ បើទោះបី​កាលពី​ដើម​ខែសីហា​នេះ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ចំនួន​ ៦ ក្នុងនោះ​មាន​ចំនួន​ ៣ ​មកពី​ប្រទេស​ចិន​ត្រូវ​បាន​ចាប់ផ្ដើម​សាកល្បង​ដំណាក់កាល​ទី​ ៣​។ ការសាកល្បង​ដំណាក់កាល​ទី​ ៣ ​នេះ​ដើម្បី​បង្ហាញថា តើ​វ៉ាក់សាំង​ទាំង​ ៦ ​នោះ​អាច​ការពារ​មនុស្ស​ចំនួន​ច្រើន​នៅក្នុង​រយៈពេល​វែង​ដែរ​ឬ​ទេ​?

យោងតាម​គេហទំព័រ​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ម្សិលមិញ​មិនមាន​ព័ត៌មាន​អំពី​បច្ចុប្បន្ន​នៃ​ការប្រកាស​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ជា​សកល​នៅឡើយ​ទេ​។

លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​របស់​លោក​ផងដែរ​ថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ គឺជា​ប្រធានបទ​ក្ដៅ​បំផុត​មួយ​ដែល​ប្រទេស​ទាំង​ ៥ ​នៃ​កិច្ចប្រជុំ​ស្ដីពី​ទន្លេមេគង្គ-ឡានឆាង ត្រូវ​បង្ហាញ​ពី​សាមគ្ដីភាព​ និង​ជឿទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​រួម​នេះ​ដើម្បី​ធានាថា ជំងឺ​នេះ​នឹង​មិន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ​របស់​ជាតិ​នីមួយៗ​នៅក្នុង​តំបន់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មិត្ត​ចិន​ក្នុង​ការផលិត​វ៉ាក់សាំង និង​ការប្ដេជ្ញាចិត្ត​ផ្ដល់​វ៉ាក់សាំង​នេះ​ក្នុង​ថ្លៃ​មួយ​សមស្រប​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​»​។

ទោះយ៉ាងណា​ក៏ដោយ​កាលពី​ថ្ងៃអាទិត្យ​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា កម្ពុជា​កំពុង​រង់ចាំ​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ និង​ការបញ្ជាក់​អំពី​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ច្បាស់លាស់​ពី​អង្គការ​សុខភាព​ពិភពលោក​អំពី​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​។

លោកស្រី​ថ្លែង​ថា​៖ «​ការផលិត​វ៉ាក់សាំង គឺ​ត្រូវការ​ឆ្លងកាត់​ការត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ និង​ឱ្យបាន​ត្រឹមត្រូវ ហើយ​ក្រសួង​សុខាភិបាល​កម្ពុជា​តែង​ធ្វើការ​យ៉ាង​ជិតដិត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ហើយ​បច្ចុប្បន្ន​នេះ យើង​មិនទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ណាមួយ​ពី​អង្គការ​សុខភាព​ពិភពលោក​ថា ឥឡូវ​មាន​វ៉ាក់សាំង​ដែល​អាច​ប្រើប្រាស់ និង​អាច​ផ្ដល់ជូន​មក​ពលរដ្ឋ​យើង​ជា​ផ្លូវការ​នៅឡើយ​ទេ​»​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់​ទៀត​ថា ការសិក្សា​លើ​វ៉ាក់សាំង​ទាំងនោះ​កំពុង​ត្រូវបាន​គេ​ជំរុញ​បញ្ចប់​ក្នុង​ការបញ្ជាក់​អំពី​សុក្រឹតភាព​ក្នុង​ការប្រើប្រាស់​ទៅលើ​មនុស្ស ដើម្បី​បញ្ចៀស​ការធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​នៅពេល​យក​មក​ប្រើប្រាស់​។

លោកស្រី​បន្តថា កម្ពុជា​គឺជា​ប្រទេស​សមាជិក​សម្ព័ន្ធភាព​អន្តរជាតិ​ចាក់​ថ្នាំ​បង្ការ (GAVI)​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​គឺជា​សមាជិក​មួយ​នៅក្នុង​សម្ព័ន្ធភាព​អន្តរជាតិ​ចាក់​ថ្នាំ​បង្ការ ហើយ​ប្រសិនបើ​មាន​ការផ្សព្វផ្សាយ​ជា​ផ្លូវការ​ថា ឥឡូវ​វ៉ាក់សាំង​មាន​ហើយ​និង​អាច​ប្រើប្រាស់​ហើយ​។ យើង​គឺជា​សមាជិក​មួយ​នៅក្នុង​សម្ព័ន្ធ​នោះ គឺ​យើង​មាន​លទ្ធភាព​ក្នុង​ការទិញ​ ឬ​ទទួល​យក​វ៉ាក់សាំង​នោះបាន​»​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​ ១០ ​ថ្ងៃ​ចុងក្រោយ​នេះ​កម្ពុជា​មិនមាន​ករណី​ជំងឺ​កូវីដ​ថ្មី​នោះទេ​ក្នុង​ចំណោម​អ្នកជំងឺ​ដែល​រកឃើញ​នៅ​កម្ពុជា​ចំនួន​ ២៧៣ ​នាក់ ហើយ​បានជា​សះស្បើយ​កើន​ដល់​ ២៦៣ ​នាក់ និង​នៅសល់​តែ​ ១០ ​នាក់​ទៀត​ប៉ុណ្ណោះ​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

លោក ហ៊ុន សែន ក៏បាន​សរសេរ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​របស់លោក​ផងដែរ​ថា ពលរដ្ឋ​បាន​នាំគ្នា​ដើរលេង​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ប្រកប​ដោយ​សុវត្ថិភាព ហើយ​ជាពិសេស​បាន​ចូលរួម​ថែរក្សា​អនាម័យ​សុខភាព​ចៀស​ផុតពី​ការចម្លង​ជំងឺ​កូវីដ​ ១៩៕

វីដេអូ៖