កណ្តាលៈ បុរសជនជាតិចិនម្នាក់ដែលជាប្រធានគ្រប់គ្រងរោងចក្រកាត់ដេរ ប៊ីង វិន ហ្គាម៉ិន ខេមបូឌា ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកណ្ដាលពាក់ព័ន្ធការវាយកម្មករសន្លប់ក្នុងរោងចក្រកាលពីសប្តាហ៍មុន។
លោក ទិន សុចិត្រា អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបានឲ្យដឹងកាលពីម្សិលមិញថា ជនជាតិចិនរូបនេះត្រូវបានតំណាងអយ្យការលោក ឯក ស៊ុនរស្មី ចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានលោក សាយ សម្ផស្សសេរី សម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីចុងសប្តាហ៍មុននៅពន្ធនាគារខេត្តកណ្ដាល។ តាមមាត្រានេះជនត្រូវចោទប្រឈមជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ បើសិនរកឃើញថាមានទោស។
លោក រឿន ណារ៉ា ស្នងការរងខេត្តកណ្ដាលទទួលផ្នែកព្រហ្មទណ្ឌថ្លែងថា ជនជាតិចិនដីគោករូបនេះមានឈ្មោះ Xue Shu Bing អាយុជាង ៥០ ឆ្នាំមុខរបរប្រធានគ្រប់គ្រងរោងចក្រ Bing Win Garment (Cambodia) Co., Ltd. ស្នាក់នៅក្នុងរោងចក្រនៅភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល។
លោក ណារ៉ា ថ្លែងថាតាមរបាយការណ៍ដែលលោកទទួលបាន គឺនៅថ្ងៃទី ១៥ ខែកុម្ភៈ ឈ្មោះ Xue Shu Bing បានវាយកម្មករចំនួន ២ នាក់ដោយម្នាក់បានដួលសន្លប់ ពេលចូលដល់បន្ទប់ការិយាល័យរដ្ឋបាល។
លោក ណារ៉ា រៀបរាប់ថា៖ «មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ អ៊ី សុខងី (ស្ត្រី) បានដេរអាវអស់ពីកន្លែងគាត់ រួចគាត់ដើរទៅយកពីកន្លែងផ្សេងយកមកដេរទៀត។ ពេលកំពុងឱនយកខោអាវហ្នឹង ប្រធានរោងចក្រដើរមក ពេលមកដល់ទះកំផ្លៀងគាត់ ១ ដៃ ហើយនិយាយភាសាចិនតែគាត់ (ជនរងគ្រោះ) ស្តាប់មិនបាន។ បន្ទាប់មកចិនហ្នឹង វាយនាងហ្នឹងហើយគាត់ដើរទៅវាយជនរងគ្រោះទី ២ ដែលជាប្រធានក្រុម។ ក្រោយពេលគេវាយ ១ ដៃម្នាក់រួចហើយ ជនរងគ្រោះដើរចូលទៅក្នុងការិយាល័យទៅប្រាប់ប្រធានរដ្ឋបាល។ ពេលដើរចូលដល់ក្នុងការិយាល័យ ជនរងគ្រោះឈ្មោះ អ៊ី សុខងី ក៏ដួលសន្លប់ទៅ។ ចំណែកឈ្មោះ អ៊ាវ ផល្លីន ត្រូវ ១ ដៃ»។ ក្រោយពេលវាយហើយ Xue Shu Bing បានគេចពីរោងចក្រ រហូតដល់ថ្ងៃបន្ទាប់ទើបត្រឡប់មកវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងជនរងគ្រោះ សុំការបំភ្លឺបានទេកាលពីម្សិលមិញ ប៉ុន្តែនៅថ្ងៃកើតហេតុទី ១៥ កុម្ភៈ កម្មកររោងចក្រនេះជាង ៥០ នាក់បានសរសេរលិខិតទៅសហព័ន្ធសហជីពអំណាចយុវជនកម្ពុជាដោយស្នើសុំចំនួន ៤ ចំណុច។ ចំណុចទី ១ គឺសុំឲ្យរោងចក្រ «បញ្ឈប់បុគ្គលិកចិនម្នាក់ហៅ តាពែក ផ្នែកគ្រប់គ្រងទូទៅព្រោះជនជាតិចិនរូបនេះបានប្រើអំពើហិង្សាដោយចេតនាមកលើកម្មករចំនួន ២ នាក់បណ្ដាលឲ្យសម្លប់ម្នាក់កាលពីថ្ងៃទី ១៥ ខែកុម្ភៈ...»។
ចំណែក ៣ ចំណុចផ្សេងទៀត គឺស្នើឲ្យរោងចក្រផ្តល់សេរីភាពដល់កម្មករ គោរពតាមលក្ខខណ្ឌការងារផ្សេងៗ និងស្នើឲ្យមានទឹកស្អាតសម្រាប់បរិភោគក្នុងរោងចក្រដោយដាក់ឲ្យនៅឆ្ងាយពីបន្ទប់ទឹក។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងតំណាងរោងចក្រ Bing Win Garment (Cambodia) Co., Ltd និងសម្ព័ន្ធសហជីពអំណាចយុវជនកម្ពុជាបានទេកាលពីថ្ងៃម្សិលមិញ៕