ភ្នំពេញ លោក លាង ជិងរ៉ុង (LIAO JINGRONG) អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសារធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃនេះ បានស្នើកម្ពុជាឲ្យចាត់វិធានការទៅតាមច្បាប់ចំពោះជនជាតិ និងអ្នកវិនិយោគចិន ដែលបានប្រព្រឹត្តខុសច្បាប់ និងទំនៀមទម្លាប់របស់ខ្មែរ។ នេះបើយោងទៅតាមវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចេញផ្សាយនៅថ្ងៃនេះ។
ការស្នើនេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក លាង ជីរ៉ុង និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៨ នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
វេបសាយដដែលនេះ បានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក LIAO JINGRONG នេះ គឺដើម្បីរៀបចំនូវដំណើរទស្សនកិច្ចរបស់លោក ចាវ គឺជិ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន ដែលគ្រោងនឹងមកទស្សនកិច្ចនៅកម្ពុជា នាខែក្រោយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀតទាក់ទងនឹងផ្នែកសន្តិសុខទាំងជាតិ និងអន្តរជាតិ។ ប្រទេសចិន គឺជាប្រទេសទីមួយដែលបានផ្តល់ជំនួយច្រើនជាងគេដល់កម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ យោធា វិស័យអប់រំ សុខាភិបាល និងវិស័យជាច្រើនទៀត៕