ព្រះសីហនុៈ ក្រុមហ៊ុន​ Hauwei របស់​ប្រទេស ​ចិន ​នឹង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ដងផ្លូវ​សំខាន់ៗ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន​​​ ២៣១ ​​គោល​ដៅ ​ដើម្បី​ជួយ​ពង្រឹង​ការ គ្រប់គ្រង​សន្ដិសុខ ​ដែលសកម្មភាពនេះ​ ត្រូវ​បានមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ ស្រប ពេល​មន្ត្រី​រដ្ឋាភិ​បាល​​លើក​ឡើង​ថា​ វា​គឺជា​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​សន្ដិសុខ។

លោក​ ឆាយ គឹម​ខឿន ​មន្ត្រី​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា ​កាមេរ៉ា​បំពាក់​នៅ​តាម​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ​គឺជា​ជំនួយ​របស់​នគរបាល​ចិន​សម្រាប់​នគរបាល​កម្ពុជា ​ប៉ុន្តែ​លោក​មិនបាន​ដឹង​អំពី​ចំនួន​កាមេរ៉ា​ប៉ុន្មាន​ដែល​ចិន​បាន​ផ្ដល់​ឱ្យ​ឡើយ​ ​ដោយសារ​កិច្ចការ​នេះ ​នៅ​ជា​ការ​សិក្សា​នៅ​ឡើយ។

លោក​ បញ្ជាក់​ថា​៖ «វា​ជា​ជំនួយ​សហ​ប្រតិបត្តិការ​ជាមួយ​កង​កម្លាំង​នគរបាល​ចិន។ វា​គឺជា​បច្ចេកវិទ្យា​ខ្ពស់​សម្រាប់​សម្រួល​ដល់​ការងារ​សន្ដិសុខ​ផង​ និង​សណ្ដាប់ធ្នាប់​ផង​វា​ល្អ​ណាស់»។

កាលពី​ថ្ងៃទី ២៩ ​ខែ មេសា​ តំណាង​ក្រុមហ៊ុន ​Hauwei និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ជួប​ពិភាក្សាគ្នា​អំពី​​ការបំពាក់​កាមេរ៉ា​នេះ។ បើតាម​លោក​ ជិន វិទ្យា ​ស្នងការ​រង​ខេត្ត​ព្រះសីហនុ​ ដែលជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ខាងលើ ​បាន​ឱ្យដឹងថា​ ការបំពាក់​កាមេរ៉ា​ទាំង​ ២៣១ គោល​ដៅ​ គឺ​ស្ថិតនៅ​ក្នុង​ក្រុង​ព្រះសីហនុ​ចំនួន​ ១៥០ ​គោលដៅ​ ស្រុក​ព្រៃនប់​ចំនួន​ ៤៨ គោលដៅ ​ស្រុក​កំពង់​សិលា​ចំនួន​ ១៣ គោលដៅ​ និង​ស្រុក​ស្ទឹងហាវ​ចំនួន​ ២០ គោលដៅ។

លោក ​ជួន ណារិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ​ថ្លែងថា ​នៅក្នុង​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​ទី ២៩ ខែ​ មេសា គឺ​ខាង​ស្នងការ​នគរបាល​ខេត្ត​បានបង្ហាញ​អំពី​គោលដៅ​ដែលមាន​កំណត់​សម្រាប់​បំពាក់​កាមេរ៉ា ​បន្ទាប់ពី​ក្រុមហ៊ុន​ Hauwei នេះ ​ត្រូវ​ចុះមក​ជា​លើក​ទី​២​ ម្ដងទៀត​ក្នុង​ពេល​ឆាប់ៗនេះ​ ដើម្បី​ចាប់ផ្ដើម​ការងារ​បំពាក់​កាមេរ៉ា​តែម្ដង។

លោក​បន្តថា ​ការបំពាក់​កាមេរ៉ា​នេះ ​គឺ​ដើម្បី​ប្រើ​សម្រាប់​តាម​ចាប់​រូបភាព​រថយន្ត​ល្មើស​នៅតាម​ដង​ផ្លូវ ​និង​មុខសញ្ញា​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ ហើយ​ការបំពាក់​កាមេរ៉ា​នេះ ​គឺ​ដោយសារ​ខេត្ត​ព្រះសីហនុ ​គឺជា​គោលដៅ​ទី ២​ បន្ទាប់ពី​រាជធានី​ភ្នំពេញ ​ដែល​ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ដងផ្លូវ ​ស្របពេល​វិធានការ​នេះ​ នឹង​បន្តធ្វើ​រហូត​ឱ្យបាន​នៅ​ទូទាំង​ប្រទេស។

លោក​ ណារិន្ទ ​ថ្លែងថា​៖ «ក្នុង​ចំណោម​ទាំង​ ២៣១ គោល​ដៅ​នេះ​គឺ​កន្លែង​ខ្លះ​អាចដាក់ ​(កាមេរ៉ា)​ ចំនួន​ ២ គ្រឿង ​និង​កន្លែង​ខ្លះ​អាច​ដាក់​រហូត​ ៣ គ្រឿង​ អ៊ីចឹង​យើង​មិនទាន់បាន​កំណត់ថា ​ប៉ុន្មាន​គ្រឿង​ទេ»។

គម្រោង​រៀប​ចំ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ទីសាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ បាន​កើត​ឡើង​ស្របពេល​ក្រុម​ជនជាតិ​ចិន​កំពុង​នាំគ្នា​សម្រុក​ទៅ​វិនិយោគ​ខេត្ត​មួយ​នេះ។ ​បើតាម​តួលេខ​ពី​ក្រសួង​មហាផ្ទៃ​ធ្លាប់​បង្ហាញថា​ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៨ នេះ ​គឺ​មាន​ជនជាតិ​ចិន​កំពុង​រស់នៅ​ ក្នុង​ខេត្ត​ព្រះសីហនុ​​ចំនួន​ជាង​ ៧៧ ០០០ នាក់​ ប៉ុន្តែ​ក្នុងនោះ​អ្នកមាន​បណ្ណ​ការងារ​ត្រឹមត្រូវ​មានតែ​ជាង ២ ម៉ឺន​នាក់​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា ​គម្រោងការ​ដើម្បី​​រៀបចំ​បំពាក់​កាមេរ៉ា​សុវត្ថិ​ភាពនេះ​ មិនទាន់​ត្រូវបាន​មន្ត្រី​ណាម្នាក់​បញ្ជាក់​ពីពេល​វេលា​ជាក់លាក់ ​ដែលនឹង​ត្រូវ​ចាប់ផ្តើម​ដំណើរការ​នៅ​ពេលណា​ថ្ងៃណា​នោះ​នៅ​ឡើយ​ទេ។

លោក​ស្រី​ ជៀប សុធា​រី​ មន្ត្រី​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​ អាដ​ហុក ​ប្រចាំខេត្ត​ព្រះសីហនុ​បាន​គាំទ្រ​ចំពោះ​ការបំពាក់​កាមេរ៉ា​ដើម្បី​ពង្រឹង​សន្ដិសុខ។ លោក​ស្រី ​សុធារី បាន​លើក​ឡើង​ថា ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ កំពុង​កើតមាន​ភាព​រញ៉េរញ៉ៃ​កាន់តែ​ច្រើន​ខុសពី​ពេលមុន​ ដូចជា​បញ្ហា​កកស្ទះ​ចរាចរណ៍ ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ និង​ការ​ដើរលេង​ផឹកស៊ី​ស្រែក​ឡូ​ឡា​នៅ​តាម​ទី​សាធារណៈ។ ​

លោកស្រីបានប​ន្ថែម​ថា​ករណី​ទាំងនេះ​ចាប់ផ្ដើម​សម្បូរ​កើត​មានឡើង ​បន្ទាប់ពី​មាន​ជនជាតិ​ចិន​ជាច្រើន​សម្រុក​​ទៅ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​ស្រី សុធារី បាន​បញ្ជាក់​ថា​៖​ «ពួកចិន​អត់​មាន​សំណុំ​រឿង​ចាប់ដី​ទេ ​ហើយ​រាល់ថ្ងៃនេះ​នៅ​តុលាការ ​មាន​សំណុំរឿង​សំខាន់ៗ​ដែល​លេចធ្លោ​ គឺ​រឿង​ដីធ្លី​ដែល​អ្នកប្រព្រឹត្ត​ជា​ជនជាប់ចោទ​ឬ​ជនសង្ស័យ​ភាគច្រើន​ជា​ខ្មែរ។ ដល់​អា​រឿង​អនាធិបតេយ្យ ​ដូចជា​គ្រឿងញៀន​ វ៉ៃតប់ ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ច្រើនតែ​ចិន​ បើ​និយាយថា​ពីមុន ​គឺមាន​ដែរ​តែ​មិន​ច្រើន​ដូច​បច្ចុប្បន្ន»៕