ភ្នំពេញ: អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន​ ២៣៥ ​នាក់​ក្នុង​នោះ​ស្រី​ ៣៥ ​នាក់​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​វិញ តាមរយៈ​ជើង​យន្តហោះ​នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយពី​ការបង្ក្រាប​ពាក់ព័ន្ធ​ករណី​ឆបោក គំរាមកំហែង និង​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP)​។

ជនជាតិ​ចិន​ទាំង​​ ២៣៥​​នាក់​នេះ​ត្រូវ​សមត្ថកិច្ច​របស់​កម្ពុជា​បង្ក្រាប​បាន​កាលពី​ថ្ងៃទី​ ២៦ ខែ​វិច្ឆិកា​ដោយ​បាន​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ចាប់​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ស្ថិត​នៅ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ខេត្ត​តាកែវ ដែល​នៅ​ ៤ ទីតាំង​ផ្សេងៗ​គ្នា​។

លោក អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា បន្ទាប់ពី​ឃាត់​ខ្លួន​ជនជាតិ​ចិន​ទាំង ២៣៥ ​នាក់​នេះ​សមត្ថកិច្ច​កម្ពុជា​បាន​ប្រគល់​ជនល្មើស​ទាំងនេះ​ទៅ​ឲ្យ​អាជ្ញាធរ​ចិន​ជា​អ្នក​ចាត់ចែង​តាម​នីតិវិធី​វិញ​។

លោក​បាន​បន្ត​ថា​រដ្ឋាភិបាល​តែងតែ​ស្វាគមន៍​វិនិយោគិន​ចិន​ដែល​មក​ធ្វើការ​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្ដែ​ចំពោះ​ជនជាតិ​បរទេស​ទាំងនោះ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​អាជ្ញាធរ​កម្ពុជា​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ដោយ​គ្មាន​ការលើក​លែង​ទោស​ឡើយ ហើយ​នេះ​ជា​លើក​ទី​ ៨ ​នៃ​ការបណ្ដេញ​​ជនជាតិ​ចិន​ចេញ​ពី​ប្រទេស​កម្ពុជា បន្ទាប់ពី​ពួកគេ​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស VoIP នៅ​ឆ្នាំ​ ២០១៨ នេះ​។

លោក សីលា បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ជន​រួមជាតិ​ខ្មែរ​ទាំងអស់​ជួយ​រាយការណ៍ និង​សហការ​ជាមួយ​សមត្ថកិច្ច ប្រសិន​បើ​បងប្អូន​សង្ស័យ​ថា ជនបរទេស​ទាំង​នោះ​កំពុង​លួច​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ការិយាល័យ ផ្ទះជួល ផ្ទះសំណាក់ និង​ទីតាំង​កន្លែង​កម្សាន្ដ​នានា​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​សមត្ថកិច្ច​យើង​នឹង​ទៅ​ចាត់​វិធានការ​តាម​ច្បាប់​»​។

គួរ​បញ្ជាក់​ថា​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​សហការ​ជាមួយ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​បាន​បើក​ប្រតិបត្តិការ​ចុះ​ទៅ​បង្ក្រាប និង​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន ២៣៥ ​នាក់ (​ស្រី​ ៣៥ ​នាក់​) ដែល​ជាប់​ពាក់ព័ន្ធ​ករណី Voip​។

ក្នុង​នោះ​ទីតាំង​ទី​ ១- ​ស្ថិត​នៅ​ភូមិ​បុស្សតាផង់ ឃុំ​ត្រពាំងគ្រញូង ស្រុក​ត្រាំកក់ ឃាត់​ខ្លួន​ជនជាតិ​ចិន​ជាង​ ៦០ ​នាក់ ទី​ ២- ​ស្ថិត​នៅ​ភូមិ​បុស្សតាផង់ ឃុំ​ត្រពាំងគ្រញូង ស្រុក​ត្រាំកក់ ឃាត់​ខ្លួន​ជនជាតិ​ចិន​ជាង​ ១០ ​នាក់​ (​ប្រុស​) ទី​ ៣- ​ស្ថិត​នៅ​ភូមិ​តាំងដូង ឃុំ​តាំងដូង ស្រុក​បាទី ឃាត់​ខ្លួន​ជនជាតិ​ចិន​ប្រមាណ​ ៧០ ​នាក់ និង​ទី​តាំងទី​ ៤- ​ស្ថិត​នៅ​ភូមិ​ព្រៃក្រាយ ឃុំ​តាំងដូង ស្រុក​បាទី ឃាត់​ខ្លួន​ជនជាតិ​ចិន​ប្រមាណ​ ៩០ ​នាក់​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា​ការចាប់​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ​មិនមែន​ជា​លើក​ទី​ ១ ​ទេ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ត្រូវ​ធានា​ថា​ក្រុម ឬ​បណ្ដាញ​របស់​ពួកគេ​ត្រូវ​តែ​មាន​វិធានការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ និង​គួរ​កត់ត្រា​បុគ្គល​ជា​ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រទេស​កម្ពុជា​ដាក់​ក្នុង​បញ្ជី​ខ្មៅ​។

លោក​បន្ត​ថា​សមត្ថកិច្ច​ត្រូវ​តែ​ធ្វើការ​ស៊ើបអង្កេត​រក​បណ្ដាញ​របស់​ពួកគេ ព្រោះ​ជនល្មើស​ទាំងអស់​នេះ​មុន​នឹង​ធ្វើ​សកម្មភាព​គឺ​ត្រូវ​តែ​មាន​បណ្ដាញ​រឹងមាំ​របស់គេ​។ ម្យ៉ាង​វិញ​ទៀត​អាជ្ញាធរ​ត្រូវ​តែ​ធានា​លើ​ជនជាតិ​ទាំងអស់​គ្មាន​បណ្ដាញ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​បែប​នេះ​តទៅ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ការចាប់​បញ្ជូន​នៅ​តែ​បន្ត​កើត​មាន ហើយ​អ្នក​មាន​ឱកាស​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន​ក៏​នៅ​តែ​មាន​។

លោក សន ជ័យ បញ្ជាក់​ថា​៖ «​សមត្ថកិច្ច​កម្ពុជា​គួរ​មាន​វិធានការ​កត់ត្រា​ពួកគេ​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​បញ្ជីខ្មៅ (Black List) ហើយ​ក៏​រក​វិធានការ​កុំ​ឲ្យ​ពួកគេ​មាន​ឱកាស​យក​ទីតាំង​កម្ពុជា​ធ្វើជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​តទៅ​ទៀត​ដែរ​។ ជាពិសេស​ពួកគេ​បាន​និង​កំពុង​ធ្វើឲ្យ​ខូច​ឈ្មោះ​ជនជាតិ​ចិន​ដទៃ​ទៀត ដែល​កំពុង​បណ្ដាក់ទុន​វិនិយោគ​រាប់​លាន​ដុល្លារ​នៅ​កម្ពុជា​ដែរ​»​។

តាម​ស្ថិតិ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​ ២០១៨ មាន​បរទេស​​ចំនួន​ ១ ៣៤៨ ​នាក់​មាន​ ៥២ ​សញ្ជាតិ​ត្រូវ​បាន​បណ្ដេញចេញ និង​ជនបរទេស​ចំនួន​ ៩៥ ​សញ្ជាតិ​ដែល​សរុប​ចំនួន​ ១៥- ៣៦៦ ​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយ​៕