ភ្នំពេញៈ ​កម្មករ​រោងចក្រ​ម្នាក់ ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់ ដោយសារ​កម្លាំង​នគរបាល​បាន​ប្រើ​កាំភ្លើង​បាញ់រះ​ឡើងលើ​ជាង ​១០ គ្រាប់ ខណៈដែល​កម្លាំង​នគរបាល​ទាំង​នោះ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​លេង​អាប៉ោង​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ម្សិលមិញ​។

បុរស​ជា​ជន​រងគ្រោះ​ឈ្មោះ សៀក សារ៉ន អាយុ ៣៣ ឆ្នាំ មកពី​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ត្រូវ​គ្រាប់កាំភ្លើង​របស់​នគរ​បាល ២ គ្រាប់ ដែល​មួយ​គ្រាប់​ត្រូវចំ​បំពង់ក និង​មួយ​គ្រាប់​ទៀត​ត្រូវ​អំបែង​គ្រាប់​ចំ​ដៃស្តាំ ហើយ​បាន​ស្លាប់​នៅ​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​។

ភរិយា​និង​សាច់ញាតិ​ជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពេល​ចុះបង្ក្រាប​នោះ​កម្លាំង​សមត្ថកិច្ច​បាន​បាញ់រះ​បង្អើល​ក្រុម​អ្នក​លេង​ជល់​មាន់​ហើយ​បាន​ត្រូវ​ជន​រងគ្រោះ ដែល​កំពុងតែ​ស្នាក់នៅ​នឹង​បន្ទប់​ជួល​ជាន់​ទី​ ៣ ​ក្បែរ​សង្វៀន​ជល់​មាន់ និង​លេង​អាប៉ោង​។ ជនរងគ្រោះ​បាន​ស្លាប់​ចោល​កូន​ ២ ​នាក់ កូនប្រុស​អាយុ ២ ឆ្នាំ និង​កូនស្រី​អាយុ​៥​ឆ្នាំ​។ ក្រោយ​ពេល​ស្លាប់​សាក​សព​ត្រូវបាន​ដឹក​យក​ទៅ​វត្ត​ពោធិ៍ចិនតុង​។

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ណុប សុផានី អាយុ ២៧ ឆ្នាំ បាន​ស្រែក​ទ្រហោយំ​បណ្តើរ​និយាយ​បណ្តើរ​នៅ​នឹង​កន្លែង​តម្កល់​សព​នៅ​វត្ត​ពោធិ៍ចិន​តុង​ថា​៖«​ខ្ញុំ​មិន​សុខចិត្ត​ទេ​...​ឲ្យ​ខ្ញុំ​ធ្វើ​អី​ក៏​ធ្វើ​ដែរ ឲ្យ​តែ​ប្តី​ខ្ញុំ​រស់​វិញ​។ ប្តី​ខ្ញុំ​នៅ​សុខៗ​ហេតុ​អី​គេ​បាញ់​ប្តី​ខ្ញុំ​?»​។

សុផានី បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា នាង និង​ប្តី​កំពុង​តែ​ស្ថិតក្នុង​បន្ទប់​ជួល ហើយ​ពេល​នោះ នគរបាល​ស្លៀក​ពាក់​ស៊ីវិល​ជាច្រើន​នាក់​បាន​ឆ្មក់​ចូលទៅ​កាន់​ទីនោះ និង​បាន​បាញ់​បង្អើល​អ្នកលេង​ជល់​មាន់​ប្រមាណ​ជា​១០​គ្រាប់​។

នាង​និយាយ​ថា​៖«​ខ្ញុំ​បាន​ឮ​សំឡេង​គ្រាប់​កាំភ្លើង ហើយក៏​ឃើញ​ប្តី​ត្រូវ​របួស​ក៏​សួរ​ថា ត្រូវ​អី​? គាត់​ឆ្លើយ​ថា ត្រូវ​គ្រាប់ ហើយ​ក៏​ដួល​។ អ្នក​ជិត​ខាង​ជួយ​បី​ទៅ​ពេទ្យ​។ ខ្ញុំ​ឃើញ​ឈាម​ហូរ​ពី​បំពង់ក​និង​ដៃ​។ ប៉ូលិស​ចុះ​ទៅ​បាញ់​រះ​អត់​មាន​មើល​គេ​។ បាញ់​ជិត​១០ គ្រាប់​ឯនោះ​។ គេ​អត់​មាន​មើលថា មនុស្ស​នៅ​លើ​អី​ទេ​»​។ នាង​បាន​ឲ្យ​ដឹង​ថា កន្លែង​ជល់​មាន់​នេះ​បើក​លេង​ជា​រៀង​រាល់​ថ្ងៃ​។

បង​ស្រី​បង្កើត​ជន​រងគ្រោះ អ្នក​ស្រី​សៀក សុខ​ចាន់ អាយុ ៣៥ ឆ្នាំ បាន​យំ​ខ្សឹកខ្សួល ស្តាយ​ស្រណោះ​ប្អូន​ប្រុស ហើយ​បាន​ស្រែក​រក​យុត្តិធម៌​។

អ្នក​ស្រី​យំ​ផង​និយាយ​ផង​ថា​៖«​ប្អូន​ខ្ញុំ​ស្លូត​ណាស់​។​ប្អូន​ខ្ញុំ មិន​បាន​ចុះ​លេង​[​ជល់​មាន់​]​នឹង​គេ​ទេ​។ ជួយ​រក​យុត្តិធម៌​ឲ្យ​ប្អូន​ខ្ញុំ​ផង​។ ប្អូន​ខ្ញុំ​ស្លាប់ ដោយ​អយុត្តិធម៌​ណាស់​។ ចង់​ឲ្យ​ជួយ​រក​ច្បាប់​ដោះស្រាយ​ឲ្យ​»​។

លោក នង សុវណ្ណ​រ័ត្ន ជា​គ្រូ​ពេទ្យ​នៅ​ក្រសួង​សុខាភិបាល ដែល​បាន​ចុះ​ទៅ​ធ្វើ​កោសល្យ​វិច័យ​សាកសព​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ត្រូវ​គ្រាប់​កាំភ្លើង​ចំនួន ១ គ្រាប់​ចំ​បំពង់​ក​ធ្លុះ​ទៅ​ខាង​ក្រោយ​។ ក្រៅ​ពី​នោះ មាន​ស្នាម​ត្រូវ​អំបែង​ចំនួន ២ ​កន្លែង​នៅ​ត្រង់​ក និង​ដៃស្ដាំ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​អ៊ីចឹង [​ជន​រងគ្រោះ​]​ ស្លាប់​ ដោយ​សារ​ហូរ​ឈាម​ចេញ​ពី​ក្នុង​ខ្លួន​។ ទីតាំង​ដែល​ចំ​គឺ សរសៃ​នៅ​ក​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ធ្លាយ ហើយ​ឆ្លង​កាត់​ដាច់​សរសៃ​ឈាម​នៅ​ក ធ្លាយ​រហូត​ដល់​ខ្នង​។ យើង​វះ​យក​បាន​គ្រាប់​១​។ ចំ​សរសៃ​ឈាម​ធំ​ ១ ​នៅ​ក ដែល​ហូរ​ឈាម​មិន​ឈប់​។ ចំ​សរសៃ​ឈាម​ធំ​មិន​យូរ​ទេ​គឺ​ស្លាប់​ហើយ គឺ​ពី​១៥​ទៅ​២០​នាទី​ទេ​»​។

លោក​ខុន រ៉ុម ដែល ជា​អ្នក​ជិត​ខាង និង​ជា​អ្នក​ដែល​បាន​ជួយ​គ្រាហ៍​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ឃើញ​នគរបាល​ស្លៀក​ពាក់​ស៊ីវិល​ដក​កាំភ្លើង​ចេញ ហើយ​បាន​បាញ់​ឡើង​លើ​យ៉ាង​ហោច​ណាស់​ជាង ១០ ​គ្រាប់ ដើម្បី​បង្អើល​ឬ​គំរាម​អ្នក​លេង​ល្បែង​ស៊ី​សង​ខុស​ច្បាប់​។

លោក​កត់​សម្គាល់​ថា នៅ​ទីនោះ​មាន​អ្នក​លេង​អាប៉ោង​ជា​រៀង​រាល់​ថ្ងៃ មាន​ប្រមាណ​ជា​ ២០​ នាក់​និង​ជល់​មាន់​ប្រមាណ​ ៧០ ​នាក់​ផង​ដែរ​។ ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ទទូច​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ លើ​ការ​បាញ់​រះ​របស់​កម្លាំង​នគរបាល ដែល​បណ្តាល​ឲ្យ​ស្លាប់​សមាជិក​គ្រួសារ​របស់​ខ្លួន​នេះ​។

បន្ទាប់​ពី​ត្រូវ​ធ្វើ​ការ​ពិនិត្យ​រួច សាកសព​ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​នៅឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់ស្ពឺ​។

មន្ត្រី​នគរបាល​ជា​ច្រើន​រូប បាន​បដិសេធ​ធ្វើ​អធិប្បាយ​លើ​បញ្ហា​នេះ​។ ចំណែក លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​សុំ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ដែរ ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ថា នគរបាល​កំពុង​តែ​ស្រាវជ្រាវ​លើ​ករណី​នេះ​៕