ភ្នំពេញៈ ក្រសួង​ទេសចរណ៍​ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចែក​បណ្ណ​ព័ត៌មាន​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ​បរទេស​តាម​ច្រកទ្វារ​អន្តរជាតិ​ និង​អាកាសយានដ្ឋាន​ដើម្បី​ផ្ដល់ព័ត៌មាន​ដល់​ភ្ញៀវទេសចរ​ឲ្យ​យល់​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា ដែល​ស្ថិត​ក្នុង​សុវត្ថិភាព និង​ផ្ដល់​លេខ​ទូរស័ព្ទ​ ១១៥ របស់​ក្រសួង​សុខាភិបាល​ទៅ​ឲ្យ​ពួកគេ​ក្នុង​ការផ្ដល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​ក្នុង​ដំណាក់កាល​នៃ​ការរីករាលដាល​វីរុស​កូវីដ​ ១៩ ​នាពេល​បច្ចុប្បន្ន​។

លោក​ តុប ​សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​ក្រសួង​ទេសចរណ៍​បាននិង​កំពុង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចែក​បណ្ណ​ព័ត៌មាន​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ​តាម​ច្រកទ្វារ​អន្តរជាតិ និង​អាកាសយានដ្ឋាន​អន្តរជាតិ​នានា ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​យល់​ជ្រាប​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​។ ជាមួយ​គ្នា​នេះ​ឲ្យ​ពួកគេ​មាន​ការប្រុងប្រយ័ត្ន​ផងដែរ​ក្នុង​ករណី បើ​ភ្ញៀវទេសចរ​មាន​បញ្ហា​សុខភាព​ក្នុង​ពេល​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​អាច​ឲ្យ​ពួកគេ​ទាក់ទង​ទៅ​មន្ដ្រី​ជំនាញ​នៃ​ក្រសួងសុខាភិបាល​ ដើម្បី​ពិនិត្យ​សុខភាព​ជាដើម​។

លោក​ថ្លែង​ថា​៖ «​គោលបំណង​សំខាន់​គឺ​យើង​ចង់​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​របស់​យើង​គឺ​មាន​សុវត្ថិភាព​។ ប៉ុន្ដែ​ទន្ទឹម​នឹង​នោះ​យើង​ក៏​ចង់​ឲ្យ​ភ្ញៀវទេសចរ​បាន​ដឹង​ដែរ​ថា ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​វីរុស​កូវីដ​ ១៩»​។

អ្នកនាំពាក្យ​បញ្ជាក់ថា​៖ «​ក្នុងករណី​មាន​បញ្ហា​សុខភាព​អ្វី​សូម​ទាក់ទង​ទៅ​ជំនាញ​សុខាភិបាល​ ដើម្បី​ពិនិត្យ​សុខភាព​ដោយ​យើង​បាន​ផ្សព្វផ្សាយ​ភ្ជាប់​ជាមួយ​មាន​លេខ​ទូរស័ព្ទ​ (Hotline) ១១៥ ​សម្រាប់​ជា​ព័ត៌មាន​មួយ ដើម្បី​ឲ្យ​ពួកគាត់​ទាក់ទង​ពេល​ដែល​គាត់​មាន​បញ្ហា​សុខភាព​ក្នុង​អំឡុង​ពេលដែល​គាត់​ធ្វើ​ដំណើរ​មកលេង​កម្ពុជា​នេះ​»​។

លោក​ សុភ័ក ថ្លែង​ថា​ការចែក​បណ្ណ​ព័ត៌មាន​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ​នេះ​ក៏មាន​បំណង​ឲ្យ​ភ្ញៀវទេសចរ​មាន​ភាពកក់ក្ដៅ​តាមរយៈ​ការយក​ចិត្ដ​ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​លើ​សុខភាព​របស់​ភ្ញៀវទេសចរ​។ ជូនដំណឹង​ឲ្យ​ពួកគេ​មាន​ការប្រុងប្រយ័ត្ន​ជាមុន និង​ក្នុង​ករណី​មាន​បញ្ហា​សុខភាព​ពួកគេ​អាច​មាន​ប្រភព​ជំនួយ​ជាមុន​ជាដើម​។

ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃ​ទី​ ៦ ខែ​មីនា​បាន​ផ្ញើលិខិត​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ស្នើសុំ​ផ្សព្វផ្សាយ​បណ្ណ​ព័ត៌មាន​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ​តាម​ច្រកទ្វារ​អន្តរជាតិ​នានា ដោយ​យោង​តាម​ផែនការ​សកម្មភាព​ការងារ​ទេសចរណ៍ ២០២០-២០២១ ការអភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​ការទទួល​ខុសត្រូវ (Responsible Tourism)​។

លោក​ ទៀ សីហា អភិបាលខេត្ដ​សៀមរាប​កាលពី​ថ្ងៃទី​ ៨ ខែ​មីនា​ក៏​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្ដីពី «​ការចាត់​វិធានការ​បង្ការ ការទប់ស្កាត់ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើតមានឡើង​ជុំវិញ​បាតុភាព ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ខេត្តសៀមរាប​» ​ព្រម​ទាំង​ដាក់ចេញ​នូវ​វិធាន​ការណែនាំ​មួយ​ចំនួន​ទៀត​ផងដែរ​។

លោក​ ទៀ សីហា បាន​ធ្វើការ​ណែនាំ​ដល់​គ្រប់​អង្គភាព​ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការភ័យខ្លាច និង​បាន​សិក្សា​លទ្ធភាព​នានា​ក្នុង​ការជួយ​ដល់​ក្រុមហ៊ុន សហគ្រាស ជាពិសេស​ជីវភាព​របស់​និយោជិត​ជាដើម​។

លោក​អភិបាលខេត្ត​បាន​ដាក់ចេញ​នូវ​វិធានការ​ និង​ការណែនាំ​រួមមាន ចូលរួម​តាមដាន​ព័ត៌មាន​ពិត និង​ចាត់វិធានការ​ព័ត៌មាន​បំពុល​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ទាំង​ស្មារតី និង​សម្ភារ​។ អាជ្ញាធរខេត្ត​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​បំពុល​ព័ត៌មាន​ដោយ​ចាត់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់វិធានការ​។ រួម​គ្នា​បើក​យុទ្ធនាការ​ដោយ​សហការ​ជាមួយ​សហភាព សហព័ន្ធ យុវជន​កម្ពុជា​ខេត្ត មន្ត្រី​រាជការ វិស័យ​ឯកជន ចូលរួម​ចលនា​សម្អាត​កំចាត់​មេរោគ​នៅតាម​​ទីប្រជុំជន​ និង​កន្លែង​សំខាន់ៗ​មួយ​ចំនួន​ទៀត​ជាដើម​៕