ស្ទឹងត្រែងៈ ឧត្តមសេនីយ៍ទោ​ម្នាក់​ឈ្មោះ ចាន់ សំអាត ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន ខណៈ​កំពុង​បញ្ជា​គ្រឿងចក្រ​ឈូសឆាយដី​ព្រៃ​របស់​រដ្ឋ​ជិត​ ៧០ ​ហិកតា​ នៅ​ភូមិ​ស្រឡៅ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់​ត្រូវ​បាន​បញ្ជូន​ទៅដល់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​ស្ទឹងត្រែង​កាលពី​ម្សិលមិញ​។ នេះ​បើតាម​លោក​ ជេត ខេមរា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តស្ទឹងត្រែង​។

លោក ជេត ខេមរា ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ករណី​មន្ត្រី​យោធា​ឋានៈ​ឧត្តមសេនីយ៍ទោ​ម្នាក់​ឈ្មោះ ចាន់ សំអាត ដែល​ឈូសឆាយដី​ព្រៃ​របស់​រដ្ឋ​ជិត ៧០ ហិកតា​នេះ​ គឺ​យើង​បាន​បញ្ជូន​ទៅដល់​ចៅក្រម​ស៊ើបសួរ​ហើយ​ចៅក្រម​គាត់​អ្នកសម្រេច​វិញ​»​។

លោក​ អូត ស៊ីវុត្ថា ស្នងការ​នគរបាល​ខេត្ដ​ស្ទឹងត្រែង​ថ្លែង​កាលពី​ថ្ងៃទី​ ២៨ ខែមេសា​ថា ករណី​លោក ចាន់ សំអាត ឈូសឆាយដី​ព្រៃ​របស់​រដ្ឋ​ជិត​ ៧០ ​ហិកតា​នេះ​ ក្នុង​នាម​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ដោយ​ទទួលបញ្ជា​ពី​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ដល់​កន្លែង​កើតហេតុ​កាលពី​ថ្ងៃទី​ ២៣ ខែមេសា​។

លោក​ថ្លែងថា​៖ «​ក្រោយ​ការឃាត់ខ្លួន​យើង​បានធ្វើ​របាយការណ៍​ហើយ​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ស្ទឹងត្រែង​ដើម្បី​ស៊ើបសួរ​បន្ត​លើ​ការពាក់ព័ន្ធ​នៃ​ការឈូសឆាយ​ដីព្រៃ​របស់​រដ្ឋ​នេះ ដើម្បី​បញ្ជាក់ថា ដី​នោះ​មាន​ច្បាប់​មកពីណា​ទិញ​ពី​អ្នកណា​ជាដើម​។ ប៉ុន្ដែ​បច្ចុប្បន្ន​ជនសង្ស័យ​នេះ​គឺ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​។ ទាល់តែ​មាន​ការលើកលែង ការ​ចោទ​ឬ​យ៉ាងណា ទើប​អនុញ្ញាត​ឲ្យ​គាត់​ទៅផ្ទះ​បាន​»​។

លោក​ ម៉ែន គុង អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ស្ទឹងត្រែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៦ ខែមេសា ថា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ឈ្មោះ ចាន់ សំអាត ពាក់ព័ន្ធ​នឹង​ករណី​ឈូសឆាយ​ដីព្រៃ​ជាក់ស្ដែង​ទំហំ​ជិត​ ៧០ ហិកតា នៅ​កន្លែង​កើតហេតុ​ក្នុង​ភូមិ​ស្រឡៅ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ និង​ឃាត់​បាន​គ្រឿងចក្រ ឈូសឆាយ​ដីព្រៃ​ចំនួន ៣ ​គ្រឿង​ផងដែរ​៕