ភ្នំពេញៈ ចៅក្រម និងព្រះរាជអាជ្ញាចំនួន ១៩៥ រូប ត្រូវបានដំឡើងថ្នាក់ និងឋានន្តរស័ក្តិទៅតាមកម្រិតនៃសញ្ញាបត្រ ខណៈដែលក្រុមចៅក្រម និងព្រះរាជអាជ្ញានៃតុលាការកម្ពុជា ត្រូវបានគេរិះគន់ថា ធ្វើការស្ថិតនៅក្រោមឥទ្ធិពលអ្នកមានអំណាច ដែលមានចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនបានសម្រេចក្តីចម្រូងចម្រាស ទាក់ទងនឹងករណីនយោបាយ ដីធ្លី និង សិទ្ធិមនុស្ស។
យោងតាមព្រះរាជក្រឹត្យចេញថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៧ ឡាយព្រះហត្តលេខាដោយព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី បានត្រាស់បង្គាប់ដំឡើងថ្នាក់ និង ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ដល់ចៅក្រម ១២៣ រូប នៃក្របខ័ណ្ឌចៅក្រម គឺមានវរចៅក្រម និងឧត្តមចៅក្រម ២ រូប ដែលក្នុងនោះលោកចៅក្រម ញាណ សុវណ្ណ ត្រូវបានដំឡើងឋានន្តរស័ក្តិពីឧត្តមចៅក្រម ថ្នាក់លេខ ៥ មកឧត្តមចៅក្រមថ្នាក់លេខ ៤ និងលោកចៅក្រម គឹម រ៉ាវី ត្រូវបានដំឡើងឋានន្តរស័ក្តិពីឧត្តមចៅក្រមថ្នាក់លេខ ៦ មកឧត្តមចៅក្រម ថ្នាក់លេខ ៥ ចំណែកឯលោកចៅក្រម អិន វ៉ានវិបុល ត្រូវបានដំឡើងឋានន្តរស័ក្តិពីវរចៅក្រម ថ្នាក់លេខ ២ មកវរចៅក្រម ថ្នាក់លេខ ១ លោកស្រីចៅក្រម ពេជ ម៉ារ៉ែន ត្រូវបានដំឡើងឋានន្តរស័ក្តិពី វរចៅក្រមថ្នាក់លេខ ២ មកវរចៅក្រម ថ្នាក់លេខ ១...។
ជាមួយគ្នានេះ ព្រះរាជអាជ្ញាចំនួន ៧២ រូបក៏ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់អនុ ព្រះរាជអាជ្ញា វរព្រះរាជអាជ្ញា និងឧត្តមព្រះរាជអាជ្ញាផងដែរ។
លោកស្រី ចាតសូ រស្មី ត្រូវបានដំឡើងឋានន្តរស័ក្តិពីវរព្រះរាជអាជ្ញា ថ្នាក់លេខ ១ មកឧត្តមព្រះរាជអាជ្ញា ថ្នាក់លេខ ៦ លោក អ៊ុំ សុភក្តិ ត្រូវបានដំឡើងឋានន្តរស័ក្តិពីវរព្រះរាជអាជ្ញា ថ្នាក់លេខ ២ មកវរព្រះរាជអាជ្ញា ថ្នាក់លេខ ១ លោក ឯក ឆេងហួត ត្រូវបានដំឡើងឋានន្តរស័ក្តិពីវរព្រះរាជអាជ្ញា ថ្នាក់លេខ ២ មកវរព្រះរាជអាជ្ញា ថ្នាក់លេខ ១ លោក កែវ សុជាតិ ត្រូវបានដំឡើងឋានន្តរស័ក្តិពីវរព្រះរាជអាជ្ញា ថ្នាក់លេខ ៣ មកវរព្រះរាជអាជ្ញា ថ្នាក់លេខ ២...។
ចៅក្រមដែលសម្រេចក្តីចម្រូងចម្រាសហើយត្រូវបានដំឡើងឋានន្តរស័ក្តិ រួមមាន លោកចៅក្រម សេង លាង កាន់សំណុំរឿងជួប សម្លាប់ ដែលជាប់ចោទពីបទបាញ់សម្លាប់អ្នកវិភាគលោកបណ្ឌិតកែម ឡី ឡើងពីវរចៅក្រមថ្នាក់លេខ ២ មកវរចៅក្រមថ្នាក់លេខ ១។
លោកចៅក្រម ឃុន លាងម៉េង កាន់ករណីមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ករណីអតីតសមាជិកព្រឹទ្ធសភាលោកហុង សុខហួរ ករណីអតីតមេឃុំ ស៊ាង ចែត និងករណីប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូរ លោកចៅក្រមរូបនេះ ត្រូវបានដំឡើងឋានន្តរស័ក្តិពីវរចៅក្រមថ្នាក់លេខ៣ មកវរចៅក្រមថ្នាក់លេខ២។
លោក ប៉ុល សំអឿន កាន់សំណុំរឿងសកម្មជនដីធ្លីដ៏ល្បី អ្នកស្រីទេព វណ្ណី ដំឡើងពីវរចៅក្រមថ្នាក់លេខ ៣ មកវរចៅក្រមថ្នាក់លេខ ២។
លោក ឆាយ ច័ន្ទតារាវណ្ណ កាន់សំណុំរឿងករណីផ្ទុះអាវុធនាំឲ្យស្លាប់មនុស្សលើផ្លូវវេងស្រេងត្រូវបានដំឡើងពី វរចៅក្រមថ្នាក់លេខ ៣ មកវរចៅក្រមថ្នាក់លេខ ២ លោករស់ ពិសិដ្ឋ កាន់សំណុំរឿងអ្នកវិភាគលោកគឹម សុខ ករណីអតីតប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា លោកសម រង្ស៊ី លោក ស៊ុត ឌីណា ត្រូវបានដំឡើងឋានន្តរស័ក្តិពីវរចៅក្រមថ្នាក់លេខ ៣ មកវរចៅក្រមថ្នាក់លេខ ២។
លោក តាំង ស៊ុនឡាយ ប្រធានតុលាការក្រុងភ្នំពេញ វរចៅក្រមថ្នាក់លេខ ៣ ត្រូវបានដំឡើងមកវរចៅក្រមថ្នាក់លេខ ២ លោក តុប ឈុនហេង កាន់សំណុំរឿងអតីតតំណាងរាស្ត្រលោក អ៊ុំ សំអាន ឧកញ៉ាថោង សារ៉ាត់ ដំឡើងពីវរចៅក្រមថ្នាក់លេខ ៣ មកវរចៅក្រមថ្នាក់លេខ២។
ចៅក្រម គី ឫទ្ធី កាន់ករណីកឹម សុខា លោកគឹមសុខ ត្រូវបានដំឡើងពីវរចៅក្រមថ្នាក់លេខ៣ មកវរចៅក្រមថ្នាក់លេខ ២។
លោក កោ វណ្ឌី កាន់សំណុំរឿង លោកមេឃុំ ស៊ាង ចែត លោក ហុង សុខហួរ លោក សម រង្ស៊ី ត្រូវបានដំឡើងពីវរចៅក្រម ថ្នាក់លេខ៣ មកវរចៅក្រមថ្នាក់លេខ ២។
លោកប្លង់ សំណាង កាន់ករណី លោកហុង សុខហួរ មន្ត្រីអាដហុក អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងលោកមាជ សុវណ្ណារ៉ា អតីតសមាជិកព្រឹទ្ធសភា លោកស្រីថាក់ ឡានី លោកគឹម សុខ ត្រូវបានដំឡើងពីអនុចៅក្រមថ្នាក់លេខ១មកវរចៅក្រមថ្នាក់លេខ៤។
លី លីបម៉េង កាន់សំណុំរឿងក្រុមហ៊ុនឃុន សៀរ ករណីលោក ញឹក ប៊ុនឆៃ និងអង្គរក្សលោក ជា ស៊ីម ត្រូវបានដំឡើងពីអនុចៅក្រមថ្នាក់លេខ១ មកវរចៅក្រមថ្នាក់លេខ៤។
ដោយឡែក លោកចៅក្រម កែវ មុនី ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងរាជធានីភ្នំពេញ កាន់សំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឍនា បានស្នើឲ្យឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមស៊ើបអង្កេតបន្ទាន់ចំពោះករណីមិនប្រក្រតីរបស់ចៅក្រមរូបនេះ ពាក់ព័ន្ធនឹងការសាកសួរសកម្មជននយោបាយគណបក្សប្រឆាំងមួយរូបដោយមិនមានវត្តមានមេធាវី។
ការស៊ើបអង្កេតនេះ ធ្វើឡើង បន្ទាប់ពីមានព្រះរាជសាររបស់ព្រះមហាក្សត្រស្នើសុំឲ្យក្រសួងយុត្តិធម៌ ស៊ើបអង្កេតករណីនេះ ប៉ុន្តែចៅក្រមកែវ មុនី ត្រូវបានដំឡើង ពីវរចៅក្រមថ្នាក់លេខ៣ មកវរចៅក្រមថ្នាក់លេខ ២។
លោកអ៊ី ឋាវរ កាន់សំណុំរឿងលោក កែម ឡី ត្រូវបានដំឡើងពីអនុចៅក្រមថ្នាក់លេខ ២ ទៅជាអនុចៅក្រមលេខ ១។
លោក ពេជ្រ វិជ្ជាធរ កាន់សំណុំរឿង អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ត្រូវបានដំឡើងពីអនុចៅក្រមថ្នាក់លេខ ២ ទៅអនុចៅក្រមថ្នាក់លេខ១។
លោកម៉ែន វណ្ណៈ កាន់ករណីអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺបានសុំទោសក្រឡាបញ្ជីជាជនពិការម្នាក់ចំពោះការយកឈើច្រត់គ្រវែងចោលជាការលេងសើច ប៉ុន្តែមិនបានលើកឡើងពីការចោទប្រកាន់ ត្រូវបានដំឡើងពីអនុចៅក្រមថ្នាក់លេខ ២ ទៅអនុចៅក្រមលេខ១។
លោក ចាន់ ពុទ្ធីស័ក្តិ តំណាងអ្នកភូមិក្នុងភូមិ១ ដែលធ្លាប់ត្រូវបានចោទប្រកាន់ក្នុងរឿងដីធ្លី នៅតំបន់បឹងកក់និយាយថា វាគ្មានយុត្តិធម៌ សម្រាប់សកម្មជនដីធ្លី សិទិ្ធមនុស្ស និងគណបក្សប្រឆាំងទេ ព្រោះ ពួកគេត្រូវបានតុលាការកាត់ទោសឲ្យជាប់ទោសហើយពួកគេត្រូវបានដោះលែងវិញនៅពេលមានសម្ពាធអន្តរជាតិ និងនយោបាយហើយបើគ្មានការអន្តរាគមន៍ពីអន្តរជាតិទេគឺពួកគេបន្តនៅជាប់ឃុំរហូត។
លោកបញ្ជាក់ថា៖ «ឥឡូវដោយសារស្ថានភាពនយោបាយធ្ងន់ធ្ងរ ធ្វើឲ្យប្រជាជនមានការភ័យខ្លាច ក្នុងការជួបជុំ និងការបញ្ចេញមតិដោយសារពួកគេមិនទុកចិត្តតុលាការដោយតុលាការហ្នឹងមិនអាចផ្តល់យុត្តិធម៌ជូនពួកគេ ការតែងតាំងនេះគឺជាការលើកទឹកចិត្តបក្ខពួកដើម្បីឲ្យមន្ត្រីទាំងនោះធ្វើការតាមខ្លួន (នាយករដ្ឋមន្ត្រី) ហើយនេះ គឺជាការកៀរគរបក្ខពួករបស់ខ្លួនដើម្បីធ្វើតាមខ្លួនធ្វើឲ្យប្រជាពលរដ្ឋបន្តទទួលនូវភាពអយុតិ្តធម៌ដោយមិនឈរនៅលើគោលការណ៍នីតិរដ្ឋនិងយុត្តិធម៌ ទោះបីជាយើងមានភ័ស្តុតាង និងសាក្សីក៏នៅតែចាញ់ក្តីដែរ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ចៅក្រមនិងព្រះរាជអាជ្ញា មានបីថ្នាក់ គឺថ្នាក់អនុ វរៈនិងឧត្តម ហើយរយៈពេល ២ ឆ្នាំឡើងមួយថ្នាក់ ហើយថាពេលដែលមន្ត្រីចូលធ្វើការដំបូងគឺពួកគាត់ទទួលបានអនុចៅក្រមហើយបន្តឡើងទៅវរៈចៅក្រម ហើយចុងក្រោយ ទៅឧត្តមចៅក្រម។
លោកថ្លែងថា៖ «គោលនយោបាយមន្ត្រីរាជការនៅពេលឡើងស័ក្តិនិងថ្នាក់ប្រាក់បៀវត្សក៏ឡើងទៅតាមដែរ។នេះគឺជាការលើកចិត្តរបស់មន្ត្រីនៅក្នុងប្រព័ន្ធយុត្តិធម៌នរណាធ្វើការងារបានស្នាដៃល្អទៅបានឡើងថ្នាក់និងឋានន្តរស័ក្តិ និងតំណែងទៅតាមហ្នឹងដែរ»។
លោកបន្ថែមថា ករណី ដែលគេមិនដែលឈ្នះក្តីដោយសារពួកគេពុំមានភ័ស្តុតាង និងការពាររឹងមាំនៅក្នុងការតទល់នៅតុលាការហើយទាក់ទងនឹងការតែងតាំងនិងឡើងឋានន្តរស័ក្តិមានគណៈកម្មការត្រួតពិនិត្យតាំងពីស្នាដៃ បទពិសោធន៍ការងារនិងសញ្ញាបត្រមិនមែនឡើងតាមការស្គាល់គ្នានោះទេ។
លោក សម រង្ស៊ី ដែលត្រូវបានផ្តន្ទាទោសនៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ ជាច្រើនពាក់ព័ន្ធនឹងបញ្ហានយោបាយ ថ្លែងថា ការដំឡើងឋានៈបែបនេះ«បង្ហាញអំពីរបៀបដែលតុលាការកម្ពុជាមានលក្ខណៈនយោបាយនៅពីក្រោយ ថោក និងគួរឲ្យស្អប់»។ «វាធ្វើឲ្យតុលាការមិនមានភាពអាចជឿជាក់បាន។ វាជំរុញឲ្យប្រជាជនបះបោរប្រឆាំងនឹងប្រព័ន្ធនេះ»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ដែលបានគេចចេញពីប្រទេសកម្ពុជាដោយសារភ័យខ្លាចការចាប់ខ្លួន កាលពីខែ តុលា ថ្លែងថា ការដំឡើងឋានៈបែបនេះកើតចេញពីប្រព័ន្ធ«ផ្តាច់ការនិងពុករលួយ»។ «វាជាផ្នែកនៃវប្បធម៌ស្មោះត្រង់ទាំងស្រុងចំពោះមេដឹកនាំកំពូល និងគ្មានអ្វីសង្ស័យ...»៕ PS