ភ្នំពេញៈ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ខណៈមានការរឹតបន្តឹងច្បាប់ចរាចរណ៍ដោយបង្កើនប្រាក់ផាកពិន័យតាមអនុក្រឹត្យថ្មី។
តួលេខរបស់សមត្ថកិច្ចបានបង្ហាញថា រយៈពេល ៤ ថ្ងៃដើមខែឧសភានេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២២ លើកបណ្ដាលឱ្យស្លាប់ ១១ នាក់ និងរងរបួស ២៨ នាក់។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញផ្សាយម្សិលមិញថា នៅថ្ងៃទី ៤ ខែឧសភានៅទូទាំងប្រទេសមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ លើកដោយសារការបើកបរលើសល្បឿនកំណត់ និងបត់មិនប្រយ័ត្ន។ ក៏ប៉ុន្តែគ្រោះថ្នាក់ទាំងនេះមិនបានបណ្ដាលឱ្យមនុស្សស្លាប់ទេ តែមានអ្នករបួសធ្ងន់ ៣ នាក់ និងស្រាលម្នាក់។
ចំណែកទីថ្ងៃទី ៣ ឧសភា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៧ លើកបណ្ដាលឱ្យស្លាប់ ២ របួសចំនួន ៩ នាក់។ នៅថ្ងៃទី ២ ឧសភាមានគ្រោះថ្នាក់កើតឡើងចំនួន ៦ លើកបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងរងរបួសចំនួន ១២។ ប៉ុន្តែនៅថ្ងៃទី ១ ឧសភាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧ លើកបណ្ដាលឱ្យមនុស្សស្លាប់ ៨ នាក់ និងរបួសចំនួន ៣ នាក់។
គេហទំព័រអគ្គស្នងការដ្ឋានបានបញ្ជាក់ថា ករណីគ្រោះថ្នាក់នៅថ្ងៃទី ១ គឺបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ចំនួន ២ លើកមិនគោរពសិទ្ធិ ១ លើកប្រជែង ២ លើក និងបត់មិនប្រយ័ត្នចំនួន ២ លើក។
ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថយចុះបែបនេះបានកើតឡើងស្របពេលដែលរដ្ឋាភិបាលបានដាក់កងកម្លាំងជាង ៣ ពាន់នាក់នៅទូទាំងប្រទេសតាំងពីថ្ងៃទី ១ ឧសភាមក ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ដោយមានការបង្កើនប្រាក់ផាកពិន័យទៅដល់ ៣ ដង ឬ ៥ ដងតាមអនុក្រឹត្យថ្មីក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរបួសជាអតិបរមានៅក្នុងឆ្នាំនេះ។
ការអនុវត្តច្បាប់តាមអនុក្រឹត្យថ្មីនេះកម្លាំងសមត្ថកិច្ចបានផាកពិន័យយានយន្តរាប់ពាន់គ្រឿងនៅទូទាំងប្រទេស។
លោក ឈួន វ៉ន់ អ្នកនាំពាក្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា គិតមកទល់ពេលនេះមិនទាន់មានការវាយតម្លៃអំពីចំនួនគ្រោះថ្នាក់ចរាចរណ៍នៅឡើយទេចាប់តាំងពីមានការរឹតបន្តឹងច្បាប់ចរាចរណ៍កាលពីថ្ងៃទី ១ ឧសភាមក។ ប៉ុន្តែលោកចាត់ទុកការថយចុះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះថាជាមោទនភាពមួយ ហើយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាចនឹងមានការប្រជុំក្នុង ១ សប្ដាហ៍ម្ដង ដើម្បីវាយតម្លៃអំពីការគ្រោះថ្នាក់ចរាចរណ៍នេះ។
លោកថា៖ «អ្វីដែលខ្ញុំបានឃើញជាក់ស្ដែង គឺបងប្អូនបានចូលរួមគោរពច្បាប់។ ដូចជានៅកន្លែងឆៀកឡាន និងកន្លែងប្រឡងយកបណ្ណបើកបរ ឬប្ដូរបណ្ណបើកបរជាដើមគឺពលរដ្ឋបានមកទទួលយកសេវានេះច្រើន។ អ៊ីចឹង!ខ្ញុំជឿថា បងប្អូនប្រជាពលរដ្ឋចូលរួមច្រើនក្នុងការគោរពច្បាប់ និងការអនុវត្តច្បាប់ដែលមួយរយៈនេះយើងឃើញមានការធ្លាក់ចុះ»។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសាទរ ចំពោះការថយចុះនៃចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប៉ុន្តែលោកមិនទាន់ហ៊ានអះអាងថា លទ្ធផលជោគជ័យបែបនេះនឹងបន្តកើតមានក្នុងរយៈពេលយូរទៀតឬយ៉ាងណាឡើយ ពីព្រោះការកែប្រែឥរិយាបថរបស់ពលរដ្ឋដែលងាកមកគោរពច្បាប់នាពេលនេះគឺអាស្រ័យលើការដាក់ពង្រាយកម្លាំងត្រួតពិនិត្យនៅតាមដងផ្លូវ។
លោកបន្តថា៖ «យើងមិនអាចកំណត់ថា វាបានប៉ុនណា និងបន្តអ៊ីចឹងរហូតទេ ព្រោះយើងអត់ដឹងថា ការអនុវត្តច្បាប់ហ្នឹងនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានទៅទៀតទេ ហើយប្រសិនបើគាត់ធ្វើជាប់លាប់ ខ្ញុំជឿជាក់ថា លទ្ធផលហ្នឹងនឹងរក្សា។ យើងលើកទឹកចិត្តថាការអនុវត្តច្បាប់ត្រូវតែមាន ដើម្បីជំរុញឱ្យពលរដ្ឋកែប្រែឥរិយាបថនៅតាមដងផ្លូវ»។
ទោះជាយ៉ាងណាលោក គង់ រតនៈ បន្តស្នើសុំឱ្យអាជ្ញាធរគួរតែកុំផាកពិន័យធ្ងន់ធ្ងរពេក ដើម្បីចៀសវាងកុំឱ្យត្អូញត្អែរពីពលរដ្ឋថាការរឹតបន្តឹងច្បាប់បែបនេះ ជាការដាក់បន្ទុកបន្ថែមទៀតទៅលើពួកគាត់ដែលកំពុងតែប្រឈមនឹងបញ្ហាជីវភាពដោយសារជំងឺកូវីដ១៩។ លោកបន្តថា រដ្ឋាភិបាលនិងពលរដ្ឋគួរតែធ្វើសុខដុមនីយកម្មជាមួយគ្នា ដើម្បីស្ដាប់គ្នាទៅវិញទៅមកក្នុងការកែប្រែចំណុចមួយចំនួននៅក្នុងពេលរឹតបន្តឹងច្បាប់នេះ។
ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់ពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ហ៊ឹម យ៉ាន អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានទេកាលពីម្សិលមិញ។
ទាក់ទងនឹងបញ្ហានេះដែរកាលពីថ្ងៃម្សិលមិញ អគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំកិច្ចប្រជុំរួមគ្នាស្ដីពីការបង្កើតក្រុមការងារប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ ១១៧ (Hotline) ដើម្បីឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋពាក់ព័ន្ធ និងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ក្រុមការងារព័ត៌មានទាន់ហេតុការណ៍នេះក៏មានភារកិច្ចតាមដានឆ្លើយតបសំណួររបស់ពលរដ្ឋ តាមប្រព័ន្ធព័ត៌មានសង្គម Facebook វិទ្យុ ទូរទស្សន៍ និងសារព័ត៌មានផ្សេងៗទៀត៕