ភ្នំពេញ៖ ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​រយៈពេល​តែ​ជាង ២ ខែ មក​នេះ បាន​កើន​ឡើង​ដល់​ជាង ១ ម៉ឺន​នាក់​ហើយ ខណៈ​ដែល​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ បាន​កើន​ឡើង​រហូត​ជិត ៨០ នាក់។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ដែល​បាន​ចេញ​ផ្សាយ​នារសៀល​ថ្ងៃ​ចន្ទ ទី ២៦ ខែ​មេសា​នេះ បាន​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន ៥៨០ នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូវីដ ១៩ និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១៧៧ នាក់។

ក្រសួង​បាន​បន្ត​ថា ក្នុង​ចំណោម​អ្នក​រក​ឃើញ​ថ្មី​ក្នុង​ថ្ងៃ​នេះ មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ចំនួន ៥៧៩ នាក់ និង​ម្នាក់​ទៀត​ជា​អ្នក​ដំណើរ​មក​ពី​បរទេស។

អ្នក​រក​ឃើញ​ឆ្លង​ថ្ងៃ​នេះ មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៣៣៧ នាក់ ខេត្ត​ព្រះសីហនុ ៩១ នាក់ ខេត្ត​បន្ទាយមានជ័យ ៩១ នាក់ ខេត្ត​កណ្ដាល​ចំនួន ៥១ នាក់ ខេត្ត​កំពង់ធំ និង​ស្វាយរៀង​មាន​ចំនួន ២ នាក់​ដូច​គ្នា និង​ខេត្ត​ស្វាយរៀង ត្បូងឃ្មុំ កែប កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​មាន​អ្នក​ឆ្លង​ចំនួន ០១ នាក់​ដូច​គ្នា។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ចំនួន ១០ ៥៥៥ នាក់ ក្នុង​នោះ​អ្នក​ដែល​ឆ្លង​ក្នុង​ព្រឹត្តិ​កាណ៍​សហគមន៍ ២០ កុម្ភៈ មាន​រហូត​ដល់​ចំនួន ១០ ០០៥ នាក់ អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ចំនួន ៣ ៥៧៧ នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន ៦ ៨៩២ នាក់ និង​អ្នក​ស្លាប់​ចំនួន ៧៩ នាក់។

ករណី​អ្នក​ជំងឺ​ជា​ជនជាតិ​ខ្មែរ​ចំនួន ៥ នាក់ ដែល​បាន​ស្លាប់​ក្នុង​ថ្ងៃ​នេះ មាន​ស្រ្តីអាយុ ៥៨ ឆ្នាំ អាយុ ៨១ ឆ្នាំ បុរស​អាយុ ៤១ ឆ្នាំ អាយុ ៥១ ឆ្នាំ និង​អាយុ ៣២ ឆ្នាំ។ អ្នក​ទាំង​នេះ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត, មន្ទីរពេទ្យ​ក្នុង​ខេត្ត​កែប, មណ្ឌល​សុខភាព​ចាក់អង្រែ និង ២ នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ៕