ភ្នំពេញ៖ ចំនួន​អ្នក​ទទួល​មរណភាព​ដោយ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឡើង​ដល់​ជាង ១០០ នាក់​ហើយ​មក​ដល់​ថ្ងៃ​នេះ ខណៈ​ដែល​ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​រហូត​ដល់ ៧៣០ នាក់​បន្ថែម​ទៀត និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១៦៩ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី ០២ ខែ​ឧសភា នេះ​បាន​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន ៧៣០ នាក់ បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូវីដ ១៩ ដោយ​ក្នុង​នោះ​មាន​អ្នក​ជំងឺ​ពីរ​នាក់​ជា​អ្នកដំណើរ​មក​ពី​បរទេស។

អ្នក​ដែល​រក​ឃើញ​ថ្មី​នេះ មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៤៥៤ នាក់ ខេត្ត​ព្រះសីហនុ ១២៤ នាក់ ខេត្ត​កណ្ដាល ១០៧ នាក់ ខេត្ត​កំពង់ធំ ១៤ នាក់ ខេត្ត​តាកែវ ១១ នាក់ ខេត្ត​ព្រៃវែង ៦ នាក់ ខេត្ត​ត្បូងឃ្មុំ ៥ នាក់ ខេត្ត​កំពង់ចាម ៤ នាក់ ខេត្ត​សៀមរាប ២ នាក់ និង​ខេត្ត​ចំនួន ៣ ផ្សេង​ទៀត មាន ០១ ករណី​ដូច​គ្នា​គឺ ខេត្ត​ស្ទឹងត្រែង ពោធិ៍សាត់ និង​ខេត្ត​កំពត។

ចំពោះ​ករណី​សរុប​សម្រាប់​តែ​រាជធានី​ភ្នំពេញ​ដែល​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ មាន​រហូត​ដល់​ទៅ ១០ ០៦៩ នាក់ ហើយ​ខេត្ត​បន្ទាប់​ដែល​មាន​ការ​ឆ្លង​ច្រើន​ជាង​គេ​ដែរ មាន​ខេត្ត​ព្រះសីហនុ​ចំនួន ១ ៨៨៤ នាក់ និង​ខេត្ត​កណ្តាល​ចំនួន ១ ១៧៩ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ នេះ អ្នក​ឆ្លង​វីរុស​កូវីដ​សរុប​មាន​ចំនួន ១៤ ៥២០ នាក់ អ្នក​ជា​សះស្បើយ​ចំនួន ៥ ៣៦៩ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៩ ០៤០ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ១០៣ នាក់។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​អ្នក​ដែល​បាន​ស្លាប់​បន្ថែម​ចំនួន ៦ នាក់​ទៀត ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​ថ្ងៃ​នេះ៕