កណ្ដាលៈ ព្រះវិហារ ១ ខ្នងនៅវត្តបឹងខ្យាង ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានរងការខូចខាតជាខ្លាំង ក្នុងនោះមានព្រះពុទ្ធរូបមួយចំនួនផង ដោយសារឆ្លងចរន្តអគ្គិសនីកាលពីថ្ងៃ ១៣កក្កដា នេះ ប៉ុន្តែត្រូវបាននគរបាលជួយពន្លត់ទាន់ដោយប្រើរថយន្តពន្លត់អគ្គិភ័យចម្រុះសរុបចំនួន ៨ គ្រឿង។
លោក ម៉ែន ច័ន្ទរិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់នៅថ្ងៃថា ករណីអគ្គិភ័យឆេះព្រះវិហារនៅវត្តបឹងខ្យាងក្នុងភូមិបឹងខ្យាងនោះបានរលត់ហើយដោយសារសមត្ថកិច្ចបានចូលរួមអន្តរាគមន៍ក្នុងនោះ មានអាជ្ញាធររដ្ឋបាលស្រុកផង។
លោកបានបញ្ជាក់ថា៖ «គ្រោះអគ្គិភ័យបានបំផ្លាញព្រះវិហារស្ទើរទាំងស្រុង តែយ៉ាងណាសមត្ថកិច្ចបានធ្វើអន្តរាគមន៍ទាន់ពេល»។
ជាមួយគ្នានេះ លោកអធិការបានអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យមានការប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់អគ្គិភ័យ ព្រោះវាមិនត្រឹមតែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សផងដែរ។
ដោយឡែក លោក ព្រីង រដ្ឋា នាយនគរបាលបុស្តិ៍ឃុំបឹងខ្យាងឲ្យដឹងនៅថ្ងៃទី ១៣ កក្កដា នេះថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង ១១ ព្រឹក ថ្ងៃទី ១៣ កក្កដា នេះ និងរលត់ទៅវិញនៅម៉ោង ១២ កន្លះថ្ងៃត្រង់។ព្រះវិហារដែលឆេះនេះ មកពីការឆ្លងចរន្តអគ្គិសនី។
លោកប្រាប់ថា ព្រះវិហារនេះមានបណ្ដោយប្រវែង ១៦ ម៉ែត្រ ទទឹងមានប្រវែង ៨ ម៉ែត្រ និងមានកម្ពស់ ១៤ ម៉ែត្រ ផ្នែកខាងលើធ្វើពីឈើ ប្រក់ក្បឿងស្រកាលេញ និងផ្នែកខាងក្រោមធ្វើពីថ្មដែលឆេះខូចខាតអស់ស្ទើរទាំងស្រុង។ រីឯសម្ភារខូចខាចក្នុងព្រះវិហាររួមមាន៖ព្រះពុទ្ធដិមាធំ ១ ព្រះអង្គ, ព្រះពុទ្ធដិមាតូចចំនួន ៧ អង្គ, ទៀនវស្សាចំនួន ៣ គូធំ, ទៀនវស្សាតូចចំនួន ២ គូ, ព្រំចំនួន ៤ ខ្សែ និងកន្ទេលចំនួន ៥ ខ្សែ។ ប៉ុន្តែពុំមានការបាត់បង់ជីវិតមនុស្សទេ។
លោកប្រាប់បន្តថា ហេតុការណ៍នេះនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៨ គ្រឿង ប្រើប្រាស់ទឹកអស់ ៩ ធុងស្មើនឹង ៧៣ ម៉ែត្រគុប ដោយប្រើរថយន្តពន្លត់អគ្គិភ័យស្រុក ១ គ្រឿង, រថយន្តខេត្តកណ្ដាលចំនួន ២ គ្រឿង, រថយន្តអង្គរក្សចំនួន ២ គ្រឿង, រថយន្តខាងព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន ២ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនឯកជនចំនួន ១ គ្រឿង។
លោកបានឲ្យដឹងទៀតថា ចំពោះកងកម្លាំងចូលរួមអន្តរាគមន៍រួមមាន កម្លាំងជំនាញស្រុកចំនួន ១០ នាក់, កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចំនួន ៣ ប៉ុស្តិ៍, កម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹង និងមានការចូលរួមពីប្រជាការពារនៅតាមភូមិបឹងខ្យាង និងភូមិជាប់ព្រំប្រទល់ជាច្រើននាក់ផងដែរ៕