
រដ្ឋសភាជាតិកម្ពុជាបើកកិច្ចប្រជុំ កាលពីខែវិច្ឆិកា។ រូបថត រដ្ឋសភា
ភ្នំពេញៈ រដ្ឋសភាជាតិកម្ពុជានៅក្នុងឆ្នាំ ២០២០ នេះ អនុម័តច្បាប់បានចំនួន ៣៦ សម្រាប់បម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រទេស និងពលរដ្ឋកម្ពុជា ដែលច្រើនជាងកាលពីឆ្នាំ ២០១៩ ដែលមានត្រឹមតែ ៣២ ខណៈអ្នកវិភាគបានស្វាគមន៍ការអនុម័តនេះ តែបានលើកឡើងថា មានច្បាប់ខ្លះមិនត្រូវបានយកមកអនុវត្តពេញលេញទេ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ច្បាប់ទាំង ៣៦ នេះត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជាឱ្យរដ្ឋសភាអនុម័តដើម្បីយកទៅប្រើប្រាស់ក្នុងស្ថានភាពជាក់ស្តែង ហើយចំនួននេះ បើធៀបនឹងឆ្នាំមុនគឺលើសគ្នាបន្តិចបន្តួច។
លោក ឡេង ប៉េងឡុង ពន្យល់ថា ការអនុម័តច្បាប់របស់រដ្ឋសភានាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះគឺសម្រាប់បម្រើដល់សេចក្តីត្រូវការចាំបាច់ក្នុងប្រទេសទៅតាមស្ថានភាពជាក់ស្តែង។
មានច្បាប់ខ្លះបានអនុម័ត ប៉ុន្តែមិនទាន់បានអនុវត្តទេ ដូចជាច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នជាដើម ហើយក៏មិនដឹងពេលណាត្រូវអនុវត្តដែរ។
លោកបានបញ្ជាក់ថា៖ «នៅពេលនេះ រដ្ឋសភាបានអនុម័តច្បាប់អស់ មិនមាននៅសេសសល់ទៀតទេ ប៉ុន្តែបើមានការស្នើឡើងពីរដ្ឋាភិបាលខាងមុខទៀត រដ្ឋសភានឹងបន្តពិនិត្យ និងធ្វើការអនុម័តបន្ថែមទៀត»។
បើតាមលោក ឡេង ប៉េងឡុង តាំងពីឆ្នាំ ១៩៩៣ មកកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រាន់ទេ ប៉ុន្តែក្រោយមករដ្ឋសភាបានអនុម័តជាបន្តបន្ទាប់ ដូចជា ច្បាប់ល្បែងពាណិជ្ជកម្មត្រូវបានបង្កើតតាំងពីយូរ ប៉ុន្តែរដ្ឋសភាទើបតែអនុម័តនៅក្នុងឆ្នាំ ២០២០ នេះ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគបញ្ហានយោបាយ និងសង្គមបានស្វាគមន៍ការអនុម័តច្បាប់បានច្រើនបែបនេះ ក៏ប៉ុន្តែលោកបានលើកឡើងថា មានច្បាប់មួយចំនួនដែលរដ្ឋសភាអនុម័តនាពេលកន្លងមកគឺមិនត្រូវបានយកមកអនុវត្តឱ្យមានសុក្រឹតភាព និងពេញលេញនោះទេ។
លោកថា៖ «យើងមើលស្ថានភាពទូទៅនៃច្បាប់រដ្ឋធម្មនុញ្ញមានគោលការណ៍ខ្លះ និងមាត្រាខ្លះ មិនត្រូវបានអនុវត្តពេញលេញដូចជា មាត្រា ១ នៃការធ្វើសមាជជាតិដែលរហូតមកដល់ពេលនេះ យើងមិនទាន់បានធ្វើសមាជម្តងណាមួយនោះទេ ចំណុចមួយទៀតពាក់ព័ន្ធនឹងយន្តការច្បាប់ដែលមានការព្រមព្រៀងលើកតិកាសញ្ញាអន្តរជាតិ លក្ខខណ្ឌស្តីពីសិទ្ធិមនុស្សកម្ពុជាយើង ក៏មិនទាន់អនុវត្តឱ្យបានពេញលេញដែរ»។
បើតាមលោក ឯម សុវណ្ណារ៉ា មានច្បាប់មួយចំនួនទៀតត្រូវបានរដ្ឋសភាអនុម័តតាមការស្នើឡើងពីរដ្ឋាភិបាលដែលមិនឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពលរដ្ឋ ប៉ុន្តែឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អ្នកនយោបាយ ឬបុគ្គលច្រើនជាង៕