ភ្នំពេញៈ ឆ្នាំ​សិក្សា​ថ្មី​ ២០២១ បានចាប់ផ្ដើម​បើក​បវេសនកាល​ជា​ផ្លូវការ​ហើយ កាលពី​ម្សិលមិញ​ដោយ​រាជរដ្ឋាភិបាល ក្រសួង​អប់រំ និង​អង្គការ​ជាតិ អន្តរជាតិ ដែល​ពាក់ព័ន្ធ​ចង់ឱ្យ​កុមារ​ទាំងអស់​វិលត្រឡប់​ចូល​សាលារៀន​វិញ ហើយ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាងណា ដើម្បី​ការពារ​ពួកគេ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ក្រោម​ប្រធានបទ «​ការពារ​ខ្លួន​ឥឡូវនេះ​កុំ​ចាំ​ស្អែក​»​។

តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​រួមមួយ​រវាង​ក្រសួង​អប់រំ និង​អង្គការ​យូនីសេហ្វ សហភាព​អឺរ៉ុប និង​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​ (GPE) ស្ដីពី​ការចាប់ផ្ដើម​អនុវត្ត​យុទ្ធនាការ​ថ្មី​សម្រាប់​ការចូល​រៀន​វិញ បាន​ជំរុញ​ឱ្យ​អនុវត្ត​ឥរិយាបថ​ការពារ​សុវត្ថិភាព​ពី​ជំងឺ​កូវីដ​ ១៩​ សម្រាប់​ឆ្នាំ​សិក្សា​ ២០២១ ​ក្រោម​ប្រធានបទ «​ការពារ​ខ្លួន​ឥឡូវនេះ កុំ​ចាំ​ស្អែក​»​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំយុវជន និង​កីឡា បាន​ថ្លែងថា​៖ «​ឥឡូវនេះ ឆ្នាំ​សិក្សា​ថ្មី​បាន​ចាប់ផ្ដើម​ហើយ យើង​ចង់​បញ្ជាក់​ពីសារ​របស់​យើង ឱ្យបាន​ច្បាស់​ថា យើង​ចង់ឱ្យ​កុមារ​វិលត្រឡប់​ចូល​សាលារៀន​វិញ និង​ចង់ឱ្យ​ពួកគេ​ដឹងថា យើង​ទាំងអស់​គ្នា​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាងច្រើន ដើម្បី​ការពារ​ពួកគេ​ពី​ការឆ្លង​មេរោគ​នេះ​ (​កូវីដ ​១៩)»​។ លោក​រដ្ឋមន្ត្រី​ថ្លែងថា សិស្សានុសិស្ស និង​អ្នកពាក់ព័ន្ធ​ក៏​ចាំបាច់​ត្រូវបំពេញ​តួនាទី​របស់ខ្លួន ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​ដែល​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​នេះដែរ​។

ការប្រកាស​ចាប់ផ្ដើម​អនុវត្ត​យុទ្ធនាការ​នេះ​គឺ​ក្រសួង​អប់រំ ទទួល​បាន​ការសហការ​អនុវត្ដ​ជាមួយ​អង្គការ​យូនីសេហ្វ និង​ទទួលបាន​ថវិកា​គាំទ្រ​ពី​សហភាព​អឺរ៉ុប និង​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE)​។ យុទ្ធនាការ​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​គ្រួសារ និង​កុមារ ដែល​ការរៀនសូត្រ​ត្រូវ​បាន​រំខាន​ដោយ​ជំងឺ​កូវីដ​១៩ ដោយ​លើកទឹកចិត្ត​ឱ្យ​ពួកគេ ផ្ដល់​អាទិភាព​ដល់​ការរៀនសូត្រ បើទោះជា​ត្រូវ​ជួបនឹង​ការលំបាក​យ៉ាងណា​ក៏ដោយ​។

យុទ្ធនាការ​នេះ​នឹង​ពង្រឹង​ការអនុវត្ត​ឥរិយាបថ​ការពារ​សុវត្ថិភាព​ពី​ជំងឺ​កូវីដ ​១៩ ក៏ដូចជា​ផ្សព្វផ្សាយ​សារ​ជាច្រើន​ដទៃទៀត ដើម្បីឱ្យ​សាលារៀន​មាន​បរិស្ថាន​សុវត្ថិភាព សុខភាព​ល្អ និង​ការអភិវឌ្ឍ​សម្រាប់​កុមារ​។ សារ​អប់រំ​នៃ​យុទ្ធនាការ​នេះ​នឹង​ត្រូវ​បាន​ផលិត​ជា​វីដេអូ ផ្ទាំង​រូបភាព ស្ប៉តវិទ្យុ និង​សារ​ជា​អក្សរ ជាមួយ​ភាព​ច្នៃប្រឌិត សម្រាប់​ផ្សព្វផ្សាយ​ទៅ​ទូទាំង​ប្រទេស​។

សិស្ស​នៅបឋមសិក្សាបាក់ខែង​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។ហុង មិនា

យុទ្ធនាការ​នេះ​ក៏មាន​ការផលិត​សៀវភៅ​ណែនាំ​ជា​រូបភាព​សម្រាប់​គ្រូ និង​នាយក​សាលា​អំពី​គោលការណ៍​ណែនាំ​ស្ដីពី​សុវត្ថិភាព ព្រមទាំង​បញ្ជី​ត្រួតពិនិត្យ និង​ដំបូន្មាន​សំខាន់ៗ សម្រាប់​ចែកជូន​សាលារៀន​ជាង ១៦ ៥០០០ សាលា ដើម្បី​ឱ្យ​លោកគ្រូ អ្នកគ្រូ​អាច​ចាប់ផ្ដើម​ត្រៀមខ្លួន​ពេញលេញ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា ជំងឺ​រាតត្បាត​កូវីដ​ ១៩ បាននិង​កំពុង​បង្កបញ្ហា​ប្រឈម​ចម្បងៗ​ជាច្រើន​ដល់​វិស័យ​អប់រំ ដោយ​បង្កើតជា​បញ្ហាលំបាក​ធ្ងន់ធ្ងរ ដល់​សិស្ស និង​គ្រួសារ​ពួកគេ​។ ចំណែក​ការរៀនសូត្រ​តាម​អនទ្បាញ​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ក្រោម​កិច្ចដឹកនាំ​ដ៏​រឹងមាំ​របស់​ក្រសួង​អប់រំ ប៉ុន្ដែ​វា​នៅតែ​មិនអាច​ជំនួស​ឱ្យ​ការបង្រៀន​នៅក្នុង​ថ្នាក់​បាន​ទ្បើយ ហើយក៏​មិនមាន​សិស្ស​គ្រប់គ្នា​អាច​ប្រើប្រាស់​វា​បាន​ទាំងអស់​នោះដែរ​។

លោកស្រី​ថ្លែងថា​៖ «​ដូច្នេះ​កុមារ​គ្រប់រូប គួរ​ត្រូវ​បាន​ជំរុញ​ឱ្យ​ត្រឡប់​ចូលរៀន​វិញ​ជាមួយ​នឹង​អារម្មណ៍​មាន​សុវត្ថិភាព​។ ខ្ញុំ​សូម​ស្នើ​ដល់​អ្នក​គ្រប់គ្នា ទាំង​នាយិកា នាយក​សាលា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និង​អាណាព្យាបាល​ទាំងអស់​ឱ្យ​អនុវត្ត​វិធី​ការពារ​ខ្លួន​ចាំបាច់​នានា ដើម្បី​ធានាថា​សាលារៀន​មាន​បរិស្ថាន​សុវត្ថិភាព​សម្រាប់​គ្រប់គ្នា​»​។

លោកស្រី​ឯកអគ្គរដ្ឋទូត​ក៏បាន​កោតសរសើរ​ចំពោះ​ភាពជា​ដៃគូ​ដ៏រឹងមាំ រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​នៅក្នុង​វិស័យ​អប់រំ ដែល​បានចាប់ផ្តើម​កាលពី​ជាង​ ១៥ ​ឆ្នាំ​ មុន​ដោយបាន​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​ជាតិ ក្នុង​គោលបំណង​ធានា​ថា កុមារ​កម្ពុជា​គ្រប់រូប​ទទួល​បាន​ការអប់រំ​ប្រកបដោយ​គុណភាព​។ លោកស្រី​បញ្ជាក់ថា​៖ «​ការអប់រំ គឺជា​សិទ្ធិ​ជា​មូលដ្ឋាន និង​ចាំបាច់ ដើម្បី​ធានា​ឱ្យ​មាន​នូវ​អនាគត​ដ៏រុងរឿង​សម្រាប់​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្លួន​»​។

លោកស្រី​ អាលីស អលប្រ៊ៃធ៍ ​នាយិកា​ប្រតិបត្តិ​នៃ​ភាពជា​ដៃគូ​ជា​សកល​សម្រាប់​ការអប់រំ​ (GPE) បាន​ថ្លែងថា ការគាំទ្រ​របស់​ភាព​ជា​ដៃគូ​ជា​សកល សម្រាប់​ការអប់រំ​ (GPE) ​នឹង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបើក​ដំណើរការ​សាលារៀន​ទ្បើង​វិញ​ប្រកបដោយ​សុវត្ថិភាព ដើម្បីឱ្យ​កុមារ​អាច​ការពារ​ខ្លួន​បាន​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ នៅពេល​ពួកគេ​ត្រឡប់​ចូលរៀន​វិញ​នៅ​សាលា​។

លោកស្រី​ថ្លែងថា​៖ «​យុទ្ធនាការ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​អ្នកគ្រូ លោកគ្រូ ឪពុកម្ដាយ និង​អាណាព្យាបាល​ក៏ដូចជា​កុមារ និង​យុវជន​។ រាល់​សម្ភារ​ផ្សព្វផ្សាយ​សុទ្ធតែ​មាន​លក្ខណៈ​បរិយាប័ន្ន​ដោយ​មាន​ការបកប្រែ​ជា​ភាសា​ជនជាតិដើម​ភាគតិច ចំនួន​ ៤ ​ភាសា​»​។

លោកស្រី ​ហ្វ័រូហ្គ ហ្វយូហ្សិថ ​នាយិកា​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​ក៏បាន​ថ្លែង​ដែរ​ថា កុមារ​កម្ពុជា​ទទួលរង​នូវ​ការរំខាន​ធ្ងន់ធ្ងរ​ចំពោះ​ការអប់រំ​កាលពី​ឆ្នាំមុន ហើយ​ពួកគេ​ជាច្រើន​នាក់​បាន​ខកខាន​ពុំបាន​រៀនសូត្រ​នោះឡើយ​។ លោកស្រី​បញ្ជាក់ថា​៖ «​វា​ជា​ការសំខាន់​ណាស់​ដែល​យើង​ត្រូវធ្វើ​ការងារ​រួមគ្នា​ដើម្បីឱ្យ​សាលារៀន​មាន​សុវត្ថិភាព​តាម​ដែល​អាចធ្វើ​ទៅបាន និង​ត្រូវ​បញ្ចៀស​កុំឱ្យ​មាន​វិបត្តិ​ការអប់រំ​»​។

បើតាម​លោក​ ហង់ជួន ណារ៉ុន ឆ្នាំ​សិក្សា ២០២០-២០២១ ​នេះ​គ្រឹះស្ថាន​មត្តេយ្យសិក្សា និង​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​មាន​ប្រមាណ ១៨ ០០០ ក្នុង​នោះ​មាន​មត្តេយ្យសិក្សា​សហគមន៍ ៣ ០០០ កន្លែង គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ១៣ ៥០០ និង​គ្រឹះស្ថានសិក្សា​ឯកជន ១ ៥០០​។ ក្នុងនោះ​មាន​សិស្ស​សរុប​ប្រមាណ ៣​ ​លាន ៥ ​សែន​នាក់ (​សិស្សស្រី​ប្រមាណ ៤៩ ​ភាគរយ​)៕