ភ្នំពេញៈរបាយការណ៍មួយ របស់នគរបាលជាតិ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ស្តីពីបញ្ហាព្រំដែន បានបង្ហាញថា ប្រទេសថៃ គឺជាអ្នករំលោភបំពានទូទៅច្រើនបំផុត ក្នុងចំណោមប្រទេសជិតខាងរបស់កម្ពុជា ប៉ុន្តែអ្នកនាំពាក្យនគរបាលជាតិបានថ្លែងនៅថ្ងៃទី ៧ ខែកុម្ភៈថា ជាទូទៅស្ថានភាពនេះគឺ «ធម្មតា»។
របាយការណ៍បង្ហាញថា ចំនួនការរំលោភបំពាន លើទឹកដីកម្ពុជា និងព្រំដែនសមុទ្រ ព្រមទាំងព្រំដែនអាកាសសម្រាប់ឆ្នាំ ២០១៧ ត្រូវបានកត់ត្រាថា មានចំនួន ៣៨៨ ករណី។ ក្នុងចំណោមករណីទាំងនោះ មានចំនួន ៣៦៥ ករណី ដែលជាករណីភាគច្រើនបំផុត ត្រូវបានរំលោភដោយប្រទេសថៃ បន្ទាប់មក ១៥ ករណីដោយប្រទេសវៀតណាម និង ៨ ករណីដោយប្រទេសឡាវ។
អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ចាន់ថារិទ្ធ បានថ្លែងនៅថ្ងៃទី ៧ ខែកុម្ភៈថា៖ «យើងបានឃើញកន្លងមកថា ភាគច្រើនបំផុត គឺប្រទេសថៃដែលបានហោះត្រូន [ចូលមកក្នុងដែនអាកាសរបស់កម្ពុជា] និងចង់មើលអំពីស្ថានភាពដោយសារ[ពួកគេ]ភ័យខ្លាចមានបញ្ហាណាមួយ ឬដើម្បីឃ្លាំមើលយើង»។
លោកបានបន្តថា សកម្មភាពបែបនេះ«ជាធម្មតានៅតាមព្រំដែន» ប៉ុន្តែនៅពេលយន្តហោះត្រូនចូលមកក្នុងដែនដីកម្ពុជា វានឹងត្រូវកត់ត្រាថា រំលោភបំពាន។ លោកបន្តថា ជួនកាល ករណីពាក់ព័ន្ធនឹងកម្លាំងប្រដាប់អាវុធព្រំដែនថៃ ដែលដាក់លួសបន្លាតាមព្រំដែន ហើយយូរៗម្តង ឆ្លងចូលមកដីកម្ពុជា។
លោកបានកត់សម្គាល់ថា ករណីបែបនេះ គណៈកម្មាធិការព្រំដែន នឹងកែតម្រូវស្ថានភាពនេះ។ លោកបានថ្លែងបន្តថា៖ «យើងមិនខ្វល់អំពីបញ្ហាតូច វាអាចក្លាយជាបញ្ហាមួយទៀត ដែលយើងយល់ថា ពិបាកដោះស្រាយនាពេលអនាគត»៕ PS