ភ្នំពេញៈ នៅក្នុង​ឆ្នាំ​ ២០២០ មាន​រោងចក្រ សហគ្រាស ក្នុង​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ចំនួន ១២៩ បាន​បិទទ្វារ លែង​ដំណើរការ​ធ្វើឱ្យ​កម្មករនិយោជិត​ជាង​ ៧ ​ម៉ឺន​នាក់ រង​ផលប៉ះពាល់​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ក៏​មាន​រោងចក្រ​ថ្មី​ចំនួន​ ១១២ បាន​បើក​ដំណើរការ​ហើយ​បាន​ផ្តល់​ការងារ​ជាង​ ២ ​ម៉ឺន​នាក់​ដល់​កម្មករ​វិញ​ដែរ​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​បែប​នេះ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ដោយ​លោក​បញ្ជាក់ថា ការបិទ​ទ្វារ​រោងចក្រ សហគ្រាស​ចំនួន ១២៩ ក្នុង​ឆ្នាំ​ ២០២០ ដោយសារ​តែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស និង​នៅលើ​សកលលោក​បាន​ធ្វើឱ្យ​កម្មករនិយោជិត​ចំនួន​ ៧១ ២០២ នាក់ (​ស្រី ៥៧ ៧៩៤ នាក់​) ​រង​ផលប៉ះពាល់​។

ប៉ុន្តែ​លោក​ ហេង សួរ បញ្ជាក់​ថា​ទន្ទឹម​នឹង​ការបិទ​រោងចក្រ​ ១២៩ ​នេះ​ក្នុង​ឆ្នាំ​ ២០២០ ​ដដែល​ក៏​មាន​រោងចក្រ​កាត់ដេរ​ថ្មី​ចំនួន​ ១១២ ​រោងចក្រ​បាន​បើក​ដំណើរការ​ដែរ ដែល​រោងចក្រ​ថ្មី​ទាំងនេះ​បាន​បង្កើត​ការងារ​ដល់​កម្មករនិយោជិត​ចំនួន ២៣ ២០៨ នាក់ (​ស្រី ១៧ ៦៣៨ នាក់​) ​ផង​ដែរ​។

លោក​មាន​ប្រសាសន៍​ថា៖ «​ស្ថានភាព​ទូទៅ​នៃ​វិស័យ​ការងារ​គឺ​បាន​ត្រឡប់​មក​រក​ភាពប្រសើរ​ឡើងវិញ​បន្តិច​ម្ដងៗ​ហើយ គិត​រហូត​មក​ដល់​ដើមឆ្នាំ​ ២០២១ ​នេះ​។ វិស័យ​កាត់ដេរ​ទាំងមូល​នៅ​កម្ពុជា​អាច​នឹង​វិល​មក​ប្រក្រតីភាព​វិញ ក្រោយពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ ចប់​»​។

លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ចាប់តាំងពី​លោក​បាន​ចូលប្រឡូក​ក្នុង​ការងារ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​កាត់ដេរ និង​ធ្វើការ​ច្រើន​ជាមួយ​នឹង​កម្មករនិយោជិត​នេះ​ជា​លើក​ទី​ ២ ​ហើយ​ដែលមាន​រោងចក្រ​ជាច្រើន​បាន​បិទទ្វារ និង​ប៉ះពាល់​កម្មករ​ច្រើន​ដូចនេះ​។

លោក​ថា កាលពី​ឆ្នាំ​ ២០០៨ ​ប្រទេស​កម្ពុជា ​ក៏ដូចជា​ពិភពលោក​បាន​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដែល​ពេលនោះ​មាន​រោងចក្រ​ជាច្រើន​បាន​បិទទ្វារ​ និង​មាន​ថៅកែ​ជាច្រើន​ក៏បាន​រត់ចោល​រោងចក្រ​ ប៉ុន្តែ​មួយរយៈ​បន្ទាប់មក​ក៏​មាន​ការងើប​ឡើងវិញ​។

លោក​ ស៊ីណា ​ថ្លែង​ថា​៖ «​សម្រាប់​ឆ្នាំ​ថ្មី ២០២១ នេះ ខ្ញុំ​មើលឃើញ​ថា គ្រប់យ៉ាង​អាច​នឹងមាន​ភាពល្អ​ប្រសើរ ខណៈ​ដែលមាន​ប្រទេស​ធំៗ​ជាច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​សម្រាប់​ចាក់​ជូន​ដល់​ប្រជាជន​របស់គេ ហើយ​នៅពេល​ដែល​ថ្នាំ​នេះ​ប្រើប្រាស់​ហើយ​គឺ​មានន័យថា ដំណើរការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នឹង​រស់​ឡើងវិញ​ហើយ​ការងារ​អាច​នឹង​ដំណើរ​ជាធម្មតា​វិញ​»​។

លោក​បញ្ជាក់ថា ប្រសិនបើ​ឆ្នាំ​ថ្មី​នេះ​ការងារ​ដំណើរការ​ល្អ​ឡើងវិញ មាន​ន័យថា រោងចក្រ សហគ្រាស​អាច​ជ្រើសរើស​កម្លាំង​ពលកម្ម​បន្ថែម រីឯ​អ្នកវិនិយោគ​ថ្មី​មួយចំនួន​ទៀត​អាច​បន្ត​មក​ធ្វើការ​វិនិយោគ​បន្ថែមទៀត​នៅ​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា ដូចនេះ​កម្មករ​ដែល​រោងចក្រ​របស់​ពួកគេ​បាន​បិទទ្វារ និង​បាត់បង់​ការងារ​នោះ​អាច​នឹងមាន​ឱកាស​ទទួល​បាន​ការងារ​ឡើងវិញ​។

កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២០ ​កន្លង​មក រាជរដ្ឋាភិបាល​បាន​ប្រកាស​ពី​វិធានការ​បន្ថែម​ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​នៃ​វិបត្តិ ការស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​ ជុំ​ទី​៧​។ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ចំនួន​ ៤០ ​ដុល្លារ​អាមេរិក ​ក្នុង​ ១ ​ខែ​ សម្រាប់​កម្មករនិយោជិត​ម្នាក់​ដែល​បំពេញការងារ​ក្នុង​វិស័យ​កាត់ដេរ វាយនភណ្ឌ​ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​រយៈពេល​ ៣ ​ខែ​បន្ថែមទៀត​ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ​ ២០២១​។

លើស​ពី​នេះ​ម្ចាស់​រោងចក្រ សហគ្រាស​ក្នុង​វិស័យនេះ​ត្រូវ​បន្ថែម​ចំនួន​ ៣០ ​ដុល្លារ​ទៀត​សម្រាប់​កម្មករនិយោជិត​ម្នាក់​។ ជា​សរុប​កម្មករនិយោជិត​ម្នាក់​ត្រូវ​ទទួល​បាន​ ៧០ ​ដុល្លារ​ក្នុង​ ១ ​ខែ​៕

វីដេអូ៖