ព្រះវិហារៈ សមាជិក​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ​ចំនួន​ ៦ ​នាក់​ នឹង​ត្រូវ​កោះ​ឱ្យ​ចូល​ទៅ​បំភ្លឺ​ក្នុង​សាលាដំបូង​ខេត្ត​ព្រះវិហារ​ថ្ងៃទី​ ២២ ខែ​ សីហា ​ពាក់ព័ន្ធ​បទចោទប្រកាន់​ពី​បទ​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ស្រុក​ត្បែងមានជ័យ​កាលពី​ឆ្នាំ​ ២០១៤​។ នេះ​បើ​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​សាលាដំបូង​ខេត្តព្រះវិហារ និង​លោក ប៉ឹក សោភ័ណ មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​។

បើ​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ ២ ​ច្បាប់​ក្នុងចំណោម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ទាំង​ ៦ ​របស់​លោក​ ជៀន ស្រស់ ចៅក្រម​ស៊ើបសួរ​តុលាការខេត្ត​ព្រះវិហារ​ចុះ​ថ្ងៃទី​ ១ ខែ​សីហា ឆ្នាំ​ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃទី​ ១៩ សីហា បាន​បង្គាប់​ឲ្យ​ឈ្មោះ សុខ រាង និង​ឈ្មោះ​ សោម ផាន់ ឲ្យ​ចូលទៅ​បំភ្លឺ​ក្នុង​សាលាដំបូង​ខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​ ២២ ​ខែ​ សីហា​ ពាក់ព័ន្ធ​បទចោទប្រកាន់​ពី​បទ​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ​កាលពី​ខែ​ ធ្នូ ឆ្នាំ ២០១៤​។

ដីកា​បង្គាប់​បាន​បញ្ជាក់​ថា​៖ «​សាមីខ្លួន​ត្រូវ​យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​នេះ​មក​ជាមួយ​ផង ប្រសិន​បើ​មាន​។ ក្នុងករណី​មិន​ចូល​ខ្លួន​តាម​កាលកំណត់​ខាងលើ​នេះ​ទេ យើង​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​»​។

លោក​ ប៉ឹក សោភ័ណ មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ដែល​រង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​​ ១៩ សីហា ថា​លោក​ ជៀន ស្រស់ កោះហៅ​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ចំនួន​ ៦ ​នាក់ ​ដែល​ក្នុងនោះ​រួមមាន​លោក​ ថោង ស៊ុត លោក​ ហ៊ាង រាំម៉ូ លោក​ សុខ រាង លោក​ រស់ ផុន លោក​ សោម ផាន់ និង​លោក ឡន ស៊ីដា​។ លោក​បាន​សំណូមពរ​ឲ្យ​តុលាការ​ខេត្ត​ព្រះវិហារ​ទម្លាក់​ការចោទប្រកាន់​ប្រឆាំង​នឹង​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ ដោយ​លោក​ថា​ពួកគាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ​។

លោក​បញ្ជាក់ថា​៖ «​បើ​អាជ្ញាធរ​លោក​ចង់​ធ្វើការ​ដោះស្រាយ​រឿង​វិបត្តិ​ដីធ្លី​ជាមួយ​ពួកគាត់​គឺ​គួរតែ​មាន​យន្តការ​ពិភាក្សា​ជាមួយ​ពួកគាត់​ដោយ​សន្តិវិធី​ជាជាង​ប្រើ​យន្តការ​តុលាការ​ដើម្បី​ដាក់​គំនាប គាបសង្កត់ និង​គំរាម​​ពួកគាត់​។ វា​ជា​រឿង​មិន​សម​ហេតុផល​ទេ ដែល​យើង​ប្រើ​ប្រព័ន្ធតុលាការ​ធ្វើ​បែប​នេះ​ដោយសារ​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ​»​។

លោក​ ថោង ស៊ុត ដែល​ស្ថិត​ក្នុង​ក្រុម​ជនជាតិ​កួយ​ទាំង​ ៦ ​នាក់​ បាន​ថ្លែងថា លោក​នឹង​ទៅ​បំភ្លឺ​ក្នុង​សាលាដំបូង​ខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​ ២២ ខែ​សីហា​តាម​ការកោះហៅ​របស់​សាលាដំបូង​ខេត្តព្រះវិហារ​។ លោក​បាន​បដិសេធ​ការចោទប្រកាន់​របស់​តុលាការ​ដោយ​អះអាង​ថា​មិន​បាន​ចាប់​បង្ខាំង​មនុស្ស​ដូច​ការចោទប្រកាន់​ទេ​គឺ​គ្រាន់តែ​ឃាត់​គ្រឿងចក្រ​កុំ​ឲ្យ​ឈូស​ដី​របស់​ពួកគាត់​ប៉ុណ្ណោះ​។

លោក​និយាយ​ថា​៖ «​យើង​ឃាត់​គ្រឿងចក្រ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ យើង​ព្រួយបារម្ភ​នៅពេល​តុលាការ​កោះហៅ​ម្តងៗ​ដោយសារ​តែ​វា​ខាតបង់​ពេលវេលា​ និង​ថវិកា​របស់​យើង ហើយ​យើង​មិន​ទៅ​គេ​នឹង​ចាប់​ខ្លួន​យើង​។ គេ​មិន​ត្រឹមតែ​បាន​ឈូសឆាយ​ដីស្រែ​របស់​យើង មិន​ដោះស្រាយ​ឲ្យ​យើង​គេ​ថែមទាំង​ប្តឹង​យើង​ទៀត​។ វា​ពិតជា​រឿង​អយុត្តិធម៌​ចំពោះ​សហគមន៍​យើង​»​។

លោកស្រី​ ជុំ កន្និយ៉ា អ្នក​នាំពាក្យ​តុលាការ​ខេត្ត​ព្រះវិហារ​បាន​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​លោក​ ជៀន ស្រស់ ពិតជា​បាន​កោះហៅ​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​មែន​។ ប៉ុន្តែ​លោកស្រី​មិន​អាច​បកស្រាយ​ឡើយ ដោយសារ​មិន​បាន​ដឹង​រឿង​ស៊ីជម្រៅ​។

ជម្លោះ​ដីធ្លី​រវាង​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ និង​ក្រុមហ៊ុន​ចិន​ឡាន ហ្វេង បាន​កើតឡើង​រហូត​ដល់​មាន​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​ប្តឹង​ក្រុម​ជនជាតិ​ភាគតិច​កួយ និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​ ១០ ​នាក់​នេះ ​បន្ទាប់ពី​ក្រុមហ៊ុន​ចិន​មួយ​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កាលពី​ឆ្នាំ ២០១១ ក្នុង​គោលបំណង​ដាំ​ដើម​កៅស៊ូ អាកាស្យា និង​អំពៅ​ដែល​មាន​ទីតាំង​នៅ​លើ​ទឹកដី​ដូនតា​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​។

លោក​មេធាវី លី ច័ន្ទតុលា នាយក​នៃ​ក្រុមហ៊ុន​មេធាវី អេស.វី.ភី ថ្លែង​ថា យោង​តាម​នីតិវិធី​របស់​តុលាការ​នៅពេល​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ហើយ​គាត់​មិន​ចូល​តុលាការ​នឹង​ចេញ​ដីកា​បង្កាប់​ឲ្យ​នាំខ្លួន​។

លោក​មេធាវី​បាន​បន្ថែម​ថា​៖ «​ប្រសិនបើ​ពួកគាត់​មិន​ចូល​ទេ​ ដំណាក់កាល​ទី​ ២ ​តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ហើយ​មន្ត្រី​នគរបាល​យុត្តិធម៌​នឹង​ធ្វើ​ការចាប់ខ្លួន​ដើម្បី​នាំទៅ​ឆ្លើយ​នៅ​តុលាការ​»​។

លោក​បន្តថា យោង​តាម​ច្បាប់​មិនមាន​កំណត់​រយៈពេល​ប៉ុន្មាន​សម្រាប់​ចៅក្រម​ស៊ើបសួរ ថា​តើ​ត្រូវ​ចំណាយ​រយៈពេល​ប៉ុន្មាន​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​និង​បិទបញ្ចប់​សំណុំរឿង​មុននឹង​បញ្ជូនទៅ​ជម្រះ ឬ​ក៏​លើកលែង​បទចោទ​នោះទេ​៕