ភ្នុំពេញៈ អាជ្ញាធរ​កម្ពុជា​នឹង​បញ្ជូន​ក្រុម​ជនជាតិ​ចិន​ចំនួន​​ ១៦៥ នាក់​ត្រឡប់​ទៅកាន់​ប្រទេស​​ពួកគេ​វិញ​នៅ​ចុង​សប្ដាហ៍​​នេះ​ ឬដើមសប្តាហ៍ក្រោយ​ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​បាន​កាលពី​ចុងខែ​មីនា​កន្លងទៅនេះ​ពាក់ព័ន្ធ​នឹង​ការលួច​បើក​ទីតាំង​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​សៀមរាប។

លោក​ អ៊ុក ហៃ​សីឡា ​មន្ត្រី​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ពីម្សិលមិញ​ថា ​សមត្ថ​កិច្ច​របស់​ប្រទេស​ចិន​នឹង​បញ្ជូន​យន្តហោះ​មក​ដឹកនាំ​ជនជាតិ​ចិន​ចំនួន ១៦៥ នាក់​ត្រឡប់​ទៅ​ចិន​វិញ​ឆាប់ៗនេះ​ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​សៀម​រាប​ឃាត់ខ្លួន​បាន ​ពាក់ព័ន្ធ​នឹង​ការបើក​​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អីុនធឺណិត​ខុសច្បាប់​នៅ​ក្នុង​ខេត្ត​សៀមរាប ។

លោក​បញ្ជាក់ថា​៖ «យើង​នៅ​រង់ចាំ​ចិន​យក​យន្តហោះ​មក​ដឹក ​អាច​ឆាប់ៗ​ហ្នឹង ​ប្រហែល​នៅ​ថ្ងៃទី ៧ ​ឬ​ថ្ងៃទី ៨ ​ហ្នឹង​ហើយ​ ព្រោះ ថា​ឥឡូវ​យើង​ត្រូវការ​រៀបចំ​ឯកសារ​ ហើយ​ខាង​ចិន​ក៏​គាត់​ត្រូវ​ការ​ទាក់ទង​ក្រុមហ៊ុន​យន្តហោះ​ដែរ»។

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​សហការ​ជាមួយ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ​កាលពី​ថ្ងៃ​ទី ២៨ មីនា​ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​បើក​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អីុនធឺណិត​ខុសច្បាប់​ចំនួន​ ២ ស្ថិត​ក្នុង​ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គុំ ​ក្រុង​សៀមរាប ​ហើយ​បាន​រឹបអូស​កុំព្យូទ័រ​ ១៥០​ គ្រឿង ​និង​ឃាត់ខ្លួន​ក្រុម​ជនជាតិ​ចិន ​១៦៥​ នាក់។

ឧត្តម​សេនីយ៍​ត្រី ​លោក​គឹម ជា​សាន្ត ​ស្នងការរង​ខេត្ត​សៀមរាប​ទទួលបន្ទុក​ផែន​អន្តោប្រវេសន៍​បានបញ្ជាក់ កាលពី​ម្សិលមិញ​ដែរ​ថា​ ក្រោយពី​ធ្វើការ​សាកសួរ​ក្រុម​ជនជាតិ​ចិន​នៅ​ស្នងការ​ខេត្ត​រួចមក ​គឺ​បាន​រកឃើញថា ​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​បើក​ទីតាំង​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អីុន​ធឺ​​ណិត​នៅក្នុង​ខេត្ត​សៀមរាប​អស់​រយៈពេល​ជិត​ ១ ខែ ហើយ​ក្នុង​ចំណោម​ជនជាតិ​ចិន ១៦៥​ នាក់​នេះ​ គឺ​អ្នកមាន​លិខិត​ឆ្លងដែន​តែ​ចំនួន ៣៥ នាក់​ប៉ុណ្ណោះ។

លោក​ គឹម ជា​សាន្ត ​បន្តថា ​បច្ចុប្បន្ន​ក្រុម​ជន​ជាតិចិន​ទាំង​នេះ​ កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​មណ្ឌល​ត្រៀម​បណ្ដេញ​ចេញ​របស់​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ដែលមាន​ទីតាំង​ស្ថិត​នៅក្បែរ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប។

លោក​និយាយ​ថា​៖ «នេះ​គឺជា​ករណី​ធំ​ដែល​យើង​បង្ក្រាបបាន​ដែលមាន​ចំនួន​រហូត​ទៅដល់​ជាង ១០០​ នាក់ ​ដែល​កាលពី​ពេលមុនៗ​ជា​ករណី​តូច​ប៉ុណ្ណោះ​ ដែល​យើង​បាន​បង្ក្រាប​បានតែ​ជាង​ ១០ ​ៗនាក់​ទេ»។

របាយការណ៍​ពី​អគ្គនា​យកដ្ឋាន​អន្តោប្រវេសន៍​បានបង្ហាញ​ថា​ ស្ថិតិ​ជនបរទេស​ដែល​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា​ គិត​ចាប់​ពី​ឆ្នាំ ២០១៨​ មក​ដល់​ពេលនេះ​ គឺមាន​ចំនួន ​១ ៧២៤ នាក់​ហើយ ​ក្នុងនោះ​មាន​ជនជាតិ​ចិន​សរុប​ចំនួន​ ៩២៧​ នាក់។

ពាក់ព័ន្ធនឹងការបណ្ដេញ​ចេញនេះ​ បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា បាន​រកឃើញ​ថា ​ជនបរទេស​រួមទាំង​ជន​ជាតិចិន​ទាំងនោះ ​បាន​ប្រព្រឹត្ត​បទល្មើស​ ដូចជា ​លួច​ស្នាក់នៅ​គ្មាន​លិខិត​ឆ្លងដែន ​លួច​ស្នាក់នៅ​លើស​ទិដ្ឋាការ​កំណត់ ​ករណី​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ ចិន ​បទល្មើស​មាន​សតិ​មិន​ប្រក្រតី ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ បទល្មើស​បើក​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អីុនធឺណិត​ខុសច្បាប់ ​លួច​ឆ្លងដែន​ចូល​ដោយមិនបាន​ប្រថាប់​ត្រា​ ការជួញ​ដូរ​គ្រឿង​ញៀន ​ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​ក្នុង​ប្រទេស​ ចិន ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ផ្លូវភេទ ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​ប្រទេស​ ចិន ​និង​ករណី​ឆបោក៕