ព្រះសីហនុៈ លោក ឃាង ភារម្យ មន្ត្រី​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​អះអាង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនជាតិ​ចិន​ដែល​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ក្រោយពី​ការព្យាបាល​ជាសះស្បើយ​ពី​វីរុស​កូរ៉ូណា​នឹង​ត្រូវ​ធ្វើដំណើរ​ចាកចេញ​ពី​កម្ពុជា​ត្រឡប់​ទៅកាន់​ប្រទេស​ ចិន ​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ​។

លោក ឃាង ភារម្យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ក្រោយពី​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ បុរស​ជនជាតិ​ចិន​រួមជាមួយ​គ្រួសារ​បាន​ធ្វើ​ដំណើរ​ទៅ​ស្នាក់នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ហើយ​នឹង​អាចធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​​ ចិន ​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ​។

លោក ភារម្យ ថ្លែងថា​៖ «​គាត់​ទៅវិញ​នៅ​ថ្ងៃស្អែក​ (​ថ្ងៃ​អង្គារ​) ហើយ​បើ​ចង់​ច្បាស់​សួរ​ទៅ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ព្រោះ​ក្រសួង​សុខាភិបាល​ជា​អ្នកសម្របសម្រួល​ជូន​គាត់​ត្រឡប់​ទៅ​ចិន​វិញ​»​។

ប៉ុន្តែ​លោកស្រី ឱ វណ្ណឌីន មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល​គឺ​មាន​ភារកិច្ច​ត្រឹម​ពិនិត្យ​ព្យាបាល​ជំងឺ​ប៉ុណ្ណោះ ចំពោះ​ការវិល​ ឬ​មិន​វិលត្រឡប់​ទៅ​ចិន​គឺជា​សិទ្ធិ​របស់​ជនជាតិ​ចិន​រូបនោះ​។

លោកស្រី​ថា​៖ «​ភារកិច្ច​របស់​ខាង​ពេទ្យ គឺ​ផ្ដល់​ការពិនិត្យ​ព្យាបាល និង​ថែទាំ​ទៅដល់​អ្នកជំងឺ ឥឡូវ​គាត់​ជាសះស្បើយ​ហើយ យើង​បាន​ដាក់​ឱ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​ហើយ ដូច្នោះ​រឿង​អី​ផ្សេងៗ​ទៀត ខ្ញុំ​មិន​អាច​ធ្វើការ​បរិយាយ​បាន​លើសពី​ហ្នឹង​ទេ​។ អ៊ីចឹង! រឿងនេះ​ស្ថិត​លើ​បុគ្គល​គាត់ និង​ជា​សិទ្ធិ​របស់​គាត់ គាត់​ចង់​ទៅ​វិញ អាហ្នឹង​ជា​សិទ្ធិ​របស់គាត់​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក សាយ សំអាល់ រដ្ឋមន្ត្រី​បរិស្ថាន និង​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​រួមទាំង​មន្ត្រី​ក្រសួង​សុខាភិបាល​ជាច្រើន​ទៀត និង​ក្រុមគ្រួសារ​បាន​ធ្វើ​ដំណើរ​ទៅ​ស្វាគមន៍​ចំពោះ​បុរស​ជនជាតិ​ចិន​ដែល​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយពី​បាន​ព្យាបាល​ជា​ពី​វីរុស​កូរ៉ូណា​ថ្មី​។

ការអនុញ្ញាត​ឱ្យ​ចាកចេញ​ពី​កម្ពុជា បន្ទាប់ពី​ការធ្វើ​តេស្ដ​លើក​ទី​ ៣ ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បង្ហាញថា រូបគាត់​មាន​ផលអវិជ្ជមាន​វីរុស​កូរ៉ូណា​ថ្មី បន្ទាប់ពី​បុរស​នេះ​ត្រូវ​បានដាក់​ក្នុង​បន្ទប់​ដោយឡែក​សម្រាប់​ព្យាបាល​រយៈពេល​ ១៤ ​ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី​ ២៧ ខែ​មករា ​មក​។

អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ប្រកាស​ថា វីរុស​កូរ៉ូណា​គឺជា​សត្រូវ​រួម ហើយ​មិនមែន​សត្រូវ​សម្រាប់​តែ​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ​ទេ និង​មិនមែន​សត្រូវ​សម្រាប់​ប្រទេស ​កម្ពុជា ចិន ឬ​ប្រទេស​ក្នុង​ពិភពលោក​ជាង​ ២០ ​ទៀត​ដែល​បាន​រកឃើញ​វីរុស​កូរ៉ូណា​នេះដែរ​។

អង្គការ​នេះ​បានបង្ហាញ​ការត្រេកអរ​ចំពោះ​ក្រសួង​សុខាភិបាល និង​មន្ត្រី​របស់​ក្រសួង​នេះ​ដែល​បាន​ខិតខំ​សហការ​គ្នា​ប្រឆាំង​វីរុស​កូរ៉ូណា​ដែល​បាន​រកឃើញ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ទោះជា​យ៉ាងណា​អង្គការ​សុខភាព​ពិភពលោក​រូបនេះ​បាន​អះអាង​ថា ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក​ត្រូវ​បន្ត​រៀបចំខ្លួន​ដើម្បី​ប្រឆាំង​នឹង​វីរុស​នេះ ខណៈ​កម្ពុជា​នៅ​តែ​ប្រឈម​ទៅនឹង​សេណារីយោ​ចំនួន​ ២ គឺ​ទី​ ១ ​ការបន្ត​នាំចូល​វីរុស​ពី​ក្រៅប្រទេស និង​សេណារីយោ​ទី​ ២ គឺអាច​ឆ្លង​រាតត្បាត​នៅក្នុង​ប្រទេស​តែម្ដង​៕