
ពលរដ្ឋជនជាតិដើមភាគតិចព្នង ឈរក្បែរបង្គោលព្រំដី កាលពីឆ្នាំ ២០១៦។ រូបថត សហការី
មណ្ឌលគិរីៈ ពលរដ្ឋជនជាតិដើមភាគតិចព្នងជិត ១០០ នាក់នៃសហគមន៍ភូមិឡាំមេះ ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបាននាំគ្នាផ្ដិតមេដៃបដិសេធលើសំណើរបស់ក្រុមហ៊ុន ធៀង ទ្រី ដែលបានស្នើសុំវិនិយោគដីក្នុងតំបន់អូរផ្លាយដែលមានទីតាំងជាប់ព្រំប្រទល់ឃុំចំនួន ៣ គឺ ឃុំ ប៊ូស្រា ឃុំដាក់ដាំ និង ឃុំស្រែអំពូម ដើម្បីអភិវឌ្ឍដាំដំណាំកាហ្វេ និងដំណាំហូបផ្លែមួយចំនួនទៀតនៅក្នុងតំបន់នោះ។
យោងតាមលិខិតបដិសេធរបស់ប្រជាសហគមន៍ភូមិឡាំមេះដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបានបង្ហាញថា ក្រោយពីមានតំណាងក្រុមហ៊ុនកាហ្វេនេះចុះមកបញ្ចុះបញ្ចូលអ្នកភូមិឲ្យគាំទ្រលើគម្រោងអភិវឌ្ឍន៍របស់ពួកគេដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនានា ពិសេសពីប្រមុខរដ្ឋាភិបាលក្នុងការផ្ដល់សម្បទានដីនៅក្នុងតំបន់អូរផ្លាយ ដើម្បីអភិវឌ្ឍដាំដំណាំកាហ្វេ និង ដំណាំហូបផ្លែចម្រុះប្រភេទ។
ក្រុមអ្នកភូមិបានជួបប្រជុំពិភាក្សាគ្នាភ្លាមៗជុំវិញសំណើរបស់ក្រុមហ៊ុននេះជាលទ្ធផលក្រុមអ្នកភូមិបានឯកភាពគ្នាថាមិនអនុញ្ញាតឲ្យមានក្រុមហ៊ុនចូលមកវិនិយោគនៅក្នុងតំបន់របស់ពួកគេនោះទេ ដោយអះអាងថាវាជាដីចុងក្រោយរបស់ពួកគាត់ ដែលត្រូវរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់ពួកគេរស់នៅ និងអាស្រ័យផល។
លោក ក្រោស សុខ តំណាងពលរដ្ឋក្នុងសហគមន៍ភូមិឡាំមេះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា កន្លងមកមានក្រុមហ៊ុនចំនួន ២ គឺក្រុមហ៊ុនដាក់ឡាក់របស់ប្រទេសវៀតណាម និងក្រុមហ៊ុនមួយទៀតដែលគាត់មិនចាំឈ្មោះជារបស់ប្រទេសបារាំងបានចូលមកវិនិយោគនៅស្រុកពេជ្រាដា ប៉ុន្តែពលរដ្ឋជនជាតិភាគតិចព្នងតិចតួចណាស់ទទួលបានផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍នៃក្រុមហ៊ុនទាំង ២ នោះ។
លោក សុខ បានបញ្ជាក់ថា៖ «ចំនួនមនុស្សនៅក្នុងសហគមន៍របស់យើងមានការកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែផ្ទៃដីចេះតែរួមតូចពី ១ ឆ្នាំទៅ ១ ឆ្នាំ ដោយសារតែមានការទន្ទ្រានចូលកាន់កាប់ពីមនុស្សមកពីខាងក្រៅសហគមន៍ និងក្រុមហ៊ុនមួយចំនួន។ ដូច្នេះពួកយើងនឹងមិនឯកភាពឲ្យមានក្រុមហ៊ុនណាមួយចូលមកវិនិយោគទៀតឡើយ»។
អ្នកភូមិម្នាក់ទៀតលោក គ្រើង តុលា អាយុ ២៨ ឆ្នាំបានថ្លែងបន្ទរថា ពលរដ្ឋជនជាតិដើមភាគតិចព្នងគ្រឹង និងជនជាតិដើមភាគតិចដទៃទៀតដែលរស់នៅក្នុងប្រទេសកម្ពុជាស្ទើរតែទាំងអស់ពុំមានជំនាញបច្ចេកទេស ធ្វើការនៅក្នុងការិយាល័យ ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬកសិដ្ឋាននោះទេ ជីវភាពរស់នៅរបស់ពួកគេគឺពឹងផ្អែកលើការងារបរបាញ់ ការដាំដុះ នេសាទ និងការរកអនុផលព្រៃឈើ។
លោក តុលា បានថ្លែងថា៖ «បងប្អូនជនជាតិដើមភាគតិចយើងខ្ញុំនៅស្ទើរគ្រប់ទីកន្លែងបានរងគ្រោះដោយសារតែគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងមកពីបរទេស។ តំបន់ដែលមានការវិនិយោគទៅឲ្យក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងមកពីបរទេស មកធ្វើការអភិវឌ្ឍភាគច្រើនបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចយើងខ្ញុំ ដូចជាការជម្លៀសចេញពីលំនៅឋានបាត់បង់ស្រែចម្ការ និងព្រៃដូនតា ជាដើម។ នៅពេលនេះយើងកំពុងមានកង្វល់អំពីការប៉ុនប៉ងរបស់ក្រុមហ៊ុនទាំងនោះ»។
លោក ម៉ើល សឿន អភិបាលស្រុកពេជ្រាដា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រហូតមកទល់ពេលនេះនៅមិនទាន់ទទួលបានព័ត៌មានជុំវិញករណីនេះទេ។
លោក តូ ម៉េង នាយនគរបាលប៉ុស្តិ៍ឃុំស្រែអំពូម បានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា នៅពេលថ្មីៗនេះមានក្រុមហ៊ុនឯកជនមួយបានចុះធ្វើការផ្សព្វផ្សាយដល់អ្នកភូមិឲ្យដាំដំណាំកាហ្វេទុកលក់ឲ្យពួកគេដោយគិតតាមតម្លៃទីផ្សារសេរី។
លោក ម៉េង ថ្លែងថាអ្នកភូមិមួយចំនួនបានលក់ដីស្រែចាស់របស់ពួកគេដែលមានទីតាំងជាប់តំបន់អូរផ្លាយនោះ៕