មណ្ឌលគិរីៈ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង​ ២០០ គ្រួសារ​រស់នៅ​ភូមិ​អញ្ជ័រ ​ឃុំ​សុខសាន្ដ ​ស្រុក​កោះញែក ​ខេត្ត​មណ្ឌលគិរី ​ស្នើឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដកហូត​ដីព្រៃ​របស់​សហគមន៍​ចំនួន​ ៥ ហិកតា​ដែល​ពួកគេ​ចោទប្រកាន់​ថា ​មាន​គេ​លួច​ធ្វើ​បណ្ណ​កម្មសិទ្ធិ ខណៈ​ពលរដ្ឋ​បាននិង​កំពុង​អាស្រ័យផល​នៅ​លើ​ដីព្រៃ​នោះ។

លោក​ រោជ ចក់ ​តំណាង​ប្រជាសហគមន៍​ទាំង​ជាង​ ២០០ គ្រួសារ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ​ដីព្រៃ​ស្រោង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន​ ៥ ហិកតា​ស្ថិត​នៅ​ទីតាំង​ខាងលើ​ត្រូវ​បាន​បុគ្គល​ឈ្មោះ​ ចក់ ​និង​ឈ្មោះ​ ធួក រស់នៅ​ឃុំ​អរបួនលើ ស្រុក​កោះញែក ​លួច​ធ្វើ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ដោយ​ស្ងាត់ៗ​។ ពលរដ្ឋ​ជាង​ ២០០ គ្រួសារ​បាននិង​កំពុង​អាស្រ័យផល​លើ​ដី​ព្រៃ​នោះ​ជា​រៀងរាល់​ឆ្នាំ។

បើ​តាម​លោក​ រោជ ចក់ បុគ្គល​ទាំង ២ នាក់​នោះ​បាន​ឈរ​ឈ្មោះ​តំណាង​ឱ្យ​ឧកញ៉ា​ម្នាក់ ​ប៉ុន្ដែ​លោក​មិន​បាន​ស្គាល់​ឈ្មោះ​ឧកញ៉ា​នោះ​ទេ។ បុគ្គល​ទាំង ២ ​បាន​ដាក់​គ្រឿងចក្រ​ចំនួន​ ២ គ្រឿង​ទៅ​ឈូសឆាយ​ដីព្រៃ​នៅ​ថ្ងៃទី ២៩ វិច្ឆិកា​។ ប៉ុន្ដែ​ពលរដ្ឋ​ប្រមាណ​ជាង​ ១០០ នាក់​នាំគ្នា​មក​រារាំង​សកម្មភាព​ឈូសឆាយ​ ស្រាប់តែ​បុគ្គល​ទាំង ២ ​នាក់​យក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​មក​បង្ហាញ​ពលរដ្ឋ​ ដោយ​មាន​ការចុះ​ហត្ថលេខា​ពី​អតីត​អភិបាល​ស្រុក​កោះញែក​តាំងពី​ឆ្នាំ​ ២០១៤ មកម្ល៉េះ។

លោក​ រោជ ចក់ ​បញ្ជាក់ថា​៖ «​ពួកខ្ញុំ​សូម​ស្នើឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​គឺ​ពិនិត្យ​លើ​បណ្ណ​កម្មសិទ្ធិ​ដីព្រៃ​នេះ​ឡើង​វិញ ​ព្រោះ​ខ្ញុំ​គិតថា ​បណ្ណ​នេះ​មិនមាន​ភាពប្រក្រតី​ទេ។ ដី​នេះ​ជា​ដីព្រៃ​ស្រោង​សុទ្ធសាធ ​មិន​ដែល​មាន​អ្នកណា​អាច​មក​ធ្វើ​ប្លង់​រំលោភ​យក​ទេ ​ព្រោះ​ជា​ដី​រដ្ឋ ​ហើយ​សហគមន៍​មូលដ្ឋាន​អាស្រ័យផល​តកូន​តចៅ​រាប់សិប​ឆ្នាំ​មក​ហើយ។ ពួកខ្ញុំ​ចង់​ឱ្យ​ដកហូត​ដី​ហ្នឹង​មក​វិញ​ គឺ​ពួកខ្ញុំ​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ»។

មេឃុំ​សុខសាន្ដ​លោក ឆាន ជិន ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការស្នើ​របស់​ប្រជាពលរដ្ឋ​នេះ​បាន​ទេ​ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល។

លោក​ ឌឹម នី អភិបាល​ស្រុក​កោះញែក​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​ជុំវិញ​ករណី​នេះ​ហើយ។

លោក​ថា ​លោក​មិន​ដឹង​រឿងរ៉ាវ​កើតឡើង​កាលពី​ជំនាន់​អតីត​អភិបាល​ស្រុក​ចាស់​នោះ​ទេ ​ប៉ុន្តែ​លោក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​នៅ​ទីតាំង​ដី​ជាក់ស្ដែង ​ដើម្បី​ប្រមូល​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទាំងអស់​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការដោះស្រាយ​ជូន​ពលរដ្ឋ។

លោក​បញ្ជាក់​​ថា​៖ «ឥឡូវ​នេះ​ខ្ញុំ​កំពុង​រៀបចំ​ចាត់​មន្ត្រី​រដ្ឋបាល​ស្រុក​ចុះទៅ​ពិនិត្យ​ផ្ទាល់ ​ដើម្បី​យើង​ដឹងថា ​ដី​សហគមន៍​ពួកគាត់​ហ្នឹង​ស្ថិត​នៅ​ត្រង់​ចំណុច​ណា? ​ទំហំ​ប៉ុន្មាន? ​អ្នកណា​ជា​អ្នក​រំលោភ​យក?​ បើ​យើង​បាន​ដឹង​ព័ត៌មាន​ទាំងអស់​ហ្នឹង​ហើយ​គឺ​យើង​ងាយស្រួល​ក្នុង​ការរក​ដំណោះស្រាយ​ជូន​ពួកគាត់»។

លោក​ថា​អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ជូន​ពលរដ្ឋ​ ព្រោះ​ក្នុង​នាម​អាជ្ញាធរ​មិនអាច​ទុក​ឱ្យ​បញ្ហា​ទំនាស់​ដីធ្លី​នេះ​អូស​បន្លាយ​វែងឆ្ងាយ​ទៅមុខ​ទៀត​ទេ ​ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ ឬ​ខាត​ពេលវេលា​ក្នុង​ការតវ៉ា​រឿង​ដីធ្លី។

បុរស​ឈ្មោះ​ ចក់ និង​ឈ្មោះ ​ធួក ​រស់នៅ​ឃុំ​អូរបួន ​ស្រុក​កោះញែក ​ដែល​រង​ការចោទប្រកាន់​ពី​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ។

លោក​ អ៊ាង ម៉េងលី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​មណ្ឌលគិរី លើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​រៀបចំ​លិខិត​ ឬ​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជួយ​រក​ដំណោះស្រាយ​ជំហាន​ដំបូង។ ប៉ុន្ដែ​បើ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ ពួកគាត់​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​បន្តទៀត ​ដើម្បី​ទទួល​បាន​យុត្តិធម៌​។

លោក​ថ្លែងថា​៖ «ប្រសិន​មាន​ការចេញ​ប្លង់​មិន​ប្រក្រតី​បែបនេះ​អាជ្ញាធរ​ត្រូវតែ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ ​ហើយ​ធ្វើការ​និរាករណ៍​ប្លង់ដី​ហ្នឹង​ចេញ​វិញ ដកហូត​ដី​ទុក​ជា​សម្បត្តិ​រដ្ឋ ​ឬ​ទុកជា​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​វិញ។ ទោះជា​យ៉ាង​ណា​ខ្ញុំ​ជំរុញ​ឱ្យ​មាន​ការស៊ើបអង្កេត​សិន ​បន្ទាប់មក​ដោះស្រាយ​តាម​នីតិវិធី​ឱ្យ​មាន​តម្លាភាព ​ដើម្បី​បញ្ចប់​ទំនាស់​ឱ្យបាន​ឆាប់»៕