មណ្ឌលគិរីៈ ប្រជាពលរដ្ឋ ១៩០ នាក់ ដែលជាជនជាតិដើមភាគតិចព្នងបានបង្ហាញនូវក្ដីបារម្ភបញ្ហាលក់ និងទិញដី ដែលមានភាពមិនប្រក្រតីកំពុងកើតមានឡើងក្នុងតំបន់ភ្នំទ្រីង និងភ្នំពូពែ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់មនោរម្យ ខេត្តមណ្ឌលគិរី ដែលអាចនឹងបាត់បង់តំបន់វប្បធម៌ និងអត្តសញ្ញាណដូនតារបស់ពួកគេ។
លោក ចែន វណ្ណា តំណាងប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្នងនៅភូមិពូលុងបានថ្លែងប្រាប់ភ្នំពេញ-ប៉ុស្តិ៍ឲ្យដឹងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ថា ការលក់ និងទិញដីដែលកំពុងតែមានភាពមិនចុះសម្រុងគ្នារវាងក្រុមជនជាតិដើមភាគតិចព្នងដូចគ្នានោះបានកំពុងទន្ទ្រានចូលទៅក្នុងតំបន់ភ្នំទ្រីងដែលមានទំហំ ១១ ហិកតា និងភ្នំពូពែទំហំ ៧ ហិកតា។
លោក វណ្ណា ថ្លែងថា៖ «ពួកគេចង់បន្តលក់ទៀត ប៉ុន្តែក្រុមប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតក្នុងភូមិជាមួយគ្នានោះមិនយល់ព្រមដោយគិតថា ចង់ទុកដីនោះជាកន្លែងមរតកដូនតាបន្តទៅអ្នកជំនាន់ក្រោយ និងធ្វើជាកន្លែងវប្បធម៌ជនជាតិដើមភាគតិចព្នង ដើម្បីទាក់ទាញភ្ញៀវទេសចរផង ទើបផ្តិតមេដៃដាក់ពាក្យសុំឲ្យអាជ្ញាធរក្រុងសែនមនោរម្យជួយអន្តរាគមន៍»។
លោក វណ្ណា ថ្លែងថា៖ «ពួកខ្ញុំខ្លាចអ្នកខិលខូចលួចលក់អ៊ីចឹងទៅកាលពីថ្ងៃចន្ទទី ១៦ ខែវិច្ឆិកា បានទៅសុំធ្វើប្លង់ដីសមូហភាពគ្រប់គ្រងក្នុងលក្ខណៈសហគមន៍ ប៉ុន្តែមេឃុំអត់ឲ្យទេ គេថា ព្រោះដីនោះពាក់ព័ន្ធ អ៊ីចឹងពួកខ្ញុំក៏ធ្វើលិខិតទប់ស្កាត់ទៅដល់ឃុំ ឃុំគេមិនព្រមទទួល អ៊ីចឹងពួកខ្ញុំក៏ធ្វើការដាក់លិខិតនោះដល់ក្រុង ដើម្បីស្នើសុំទប់ស្កាត់ទៀត ក្រុងគ្រាន់តែបានចុះហត្ថលេខាទទួលស្គាល់ទប់ស្កាត់អ៊ីចឹងទៅណា តែក៏មិនឃើញចេញមុខដោះស្រាយដែរ»។
យោងតាមលិខិតដែលមានស្នាមមេដៃរបស់ជនជាតិដើមភាគតិចព្នងទាំង ១៩០ នាក់នោះ បានបង្ហាញពីគោលបំណងសំខាន់របស់ពួកគេគឺសុំឲ្យអាជ្ញាធរជួយរារាំងកុំឲ្យមានការទិញ និងលក់ដីនៅតំបន់ភ្នំទាំង ២។
អ្នកស្រី ងឹន ចាន់ណា តំណាងប្រជាពលរដ្ឋព្នងម្នាក់ទៀតបានឲ្យដឹងថា កាលពីដើមដីតំបន់ភ្នំទាំង ២ នោះមានច្រើន ជាកន្លែងអាស្រ័យផលជនជាតិដើមភាគតិច ដាំដុះដំណាំផ្សេងៗ ព្រមទាំងឃ្វាលគោ ក្របី ប៉ុន្តែពួកគេបាននាំគ្នាលក់អស់ទៅ ទីបំផុតពួកគេក៏បាននាំគ្នាចង់មកយកដីដែលនៅសេសសល់លក់ថែមទៀត។
អ្នកស្រី ចាន់ណា ថ្លែងថា៖ «ពួកគេជាអ្នកនៅក្នុងភូមិជាមួយគ្នាជាមួយពួកខ្ញុំ ប៉ុន្តែមិនមែនជាអ្នកចូលរួមតវ៉ាទេ អ្នកដែលចូលរួមតវ៉ាជាមួយពួកខ្ញុំមានតែចំនួនប្រមាណ ១៩០ នាក់ហ្នឹងទេ ក្រៅពីហ្នឹងមានគេអ្នកផ្សេងមកយកដីពួកខ្ញុំអាស្រ័យផល និងរក្សាទុកហ្នឹងទៅលក់»។
លោក ភី ងូក ចៅសង្កាត់រមនា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា ដីតំបន់ភ្នំទាំង ២ នោះជាដីសមូហភាពរបស់ជនជាតិដើមភាគតិច ហើយបញ្ហាដែលកើតឡើងគឺជាជម្លោះផ្ទៃក្នុងរបស់ពួកគាត់ ដែលមិនចុះសម្រុងគ្នារឿងតម្លៃទើបកើតជាមានការតវ៉ា។
លោក ភី ងូក ថ្លែងថា៖ «ជាជម្លោះផ្ទៃក្នុងរបស់ពួកគាត់ ខ្ញុំមិនដឹងថា មានការបត់បែនយ៉ាងម៉េចទេ។ ដើមឡើយពួកគេព្រមព្រៀងគ្នា ប៉ុន្តែក្រោយមកមានរឿងចម្រូងចម្រាស មិនចុះសម្រុងគ្នា ម្ខាងចង់បានប៉ុណ្ណេះ រីឯម្ខាងទៀតចង់បានប៉ុណ្ណោះ អ៊ីចឹងទៅ»។
លោក ងូក បានអះអាងថា ពីមុនមកគឺមានស្នាមមេដៃរបស់ប្រជាពលរដ្ឋនៅភូមិពូលុងទាំងអស់ ដែលយល់ព្រមជាមួយអ្នកទិញ ហើយបានស្រុះស្រួលគ្នាយកលុយរួចរាល់អស់រយៈពេលជាយូរហើយក្រោយមកលោកក៏បានយល់ព្រមចុះហត្ថលេខាសម្រេចទទួលស្គាល់ការលក់ទិញរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយលោក ងូក មិនអាចបញ្ជាក់អំពីអត្តសញ្ញាណអ្នកទិញនោះទេ។ ចំណែកការដាក់ពាក្យចុងក្រោយរបស់ប្រជាពលរដ្ឋជាអ្នកតវ៉ាលោកក៏មិនទទួលដែរ ព្រោះឯកសារលក់ និងទិញបានចុះហត្ថលេខារួចរាល់អស់ហើយ។
លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យបានថ្លែងថា លោកមិនទាន់បានទទួលឯកសារទាក់ទងនឹងការដាក់ពាក្យសុំជួយអន្តរាគមន៍ពីប្រជាពលរដ្ឋនៅភូមិពូលុងនៅឡើយទេ គិតត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា នេះ។
លោក សុផាន ថ្លែងថា៖ «យើងកំពុងសិក្សាបញ្ហាទំនាស់ដីធ្លីនៅក្នុងភូមិពូលុងនោះ ព្រោះកន្លងមកមានប្រជាពលរដ្ឋផ្តិតមេដៃយល់ព្រមលក់រួចហើយ បែរជាផ្តិតមេដៃជំទាស់វិញ។ ពិបាកបងប្អូនយើងមួយចំនួនមានអ្នកផ្តិតមេដៃលក់ ហើយមានអ្នកផ្តិតមេដៃប្តឹង។ អ្នកផ្តិតមេដៃលក់ដដែលហ្នឹងផ្តិតមេដៃលក់ផង ផ្តិតមេដៃប្តឹងផង អ៊ីចឹងមិនដឹងថា ពួកគាត់ចង់បានយ៉ាងណាឲ្យប្រាកដ»។
លោក អ៊ាង ម៉េងលី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តមណ្ឌលគិរីបានថ្លែងថា ទាក់ទងនឹងផ្លូវច្បាប់ប្រសិនបើករណីនេះ មានការទិញលក់ ឬមានស្នាមមេដៃប្រជាពលរដ្ឋ ឬការចុះហត្ថលេខាពីអាជ្ញាធរក៏ដោយ ប្រសិនបើដីនោះជារបស់រដ្ឋ គឺការទិញលក់នោះមិនអាចធ្វើទៅបានទេ។
លោកថ្លែងថា៖ «យើងដឹងហើយ ប្រសិនបើដីនោះជារបស់រដ្ឋ គឺយើងមិនអាចធ្វើការលក់ដូរបានទេ ប្រសិនបើដីសាធារណៈរបស់រដ្ឋហ្នឹងមិនទាន់បានបែកជាដីឯកជនរបស់រដ្ឋ។ មួយវិញទៀតទំនាស់ដីធ្លីនៅមណ្ឌលគិរី គឺជាបញ្ហាស្មុគស្មាញ»៕