មណ្ឌុលគិរីៈ ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន ១០ នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ កែវសីមា ​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ ​ខណៈ​ពួកគេ​កំពុង​ជិះ​រថយន្ត​ឡើង​មក​ភ្នំពេញ ​ដើម្បី​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ រឿង​អាជ្ញាធរ​មូល​ដ្ឋាន​កាត់​ដី​នៅ​ទីសក្ការៈ​ ភ្នំ​ដោះ​ក្រមុំ ​ឲ្យ​ពលរដ្ឋ​ ១១ គ្រួសារ។

លោក​ យុន ឡូរ៉ង ​អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​អង្គការ​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​ក្រុង ​និង​ខេត្ត រួម​នឹង​គណៈកម្មការ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ភ្នំ​ ដោះក្រមុំ ​មួយ​ចំនួន ​បាន​កាត់​ដី​ភ្នំ​ ដោះក្រមុំ​ ប្រមាណ​ជា​ ២ ៧៥០ ម៉ែត្រ​ក្រឡា​ឲ្យ​ពលរដ្ឋ​ ១១ ​គ្រួសារ នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោរម្យ។

លោក​បន្ថែមថា ​សហគមន៍​បានដឹង​នាពេលថ្មីៗនេះ ​និង​មាន​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ក៏​បាន​សម្រេច​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ភ្នំពេញ ​ដើម្បី​យក​លិខិត​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​និង​ស្ថាប័ន​ថ្នាក់​ជាតិ​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កែវ​សីមា​​ឃាត់​រថយន្ត ​យក​ទៅ​សួរ​នាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក។

លោក​ ឡូរ៉ង់ ​​បញ្ជាក់​ថា៖ «តំណាង​ម្នាក់​ក្នុង​ចំណោម​ ១០ នាក់​គឺ​លោក​ស្រី​ ភារម្យ ​បាន​ប្រាប់​មក​ថា សមត្ថកិច្ច​បាន​ឃាត់​និង​នាំ​ពួក​គាត់​ទៅ​អធិការដ្ឋាន​នគរបាល​​ស្រុក​ កែវសីមា ហើយ​មាន​ការ​ដក​ហូត​មិន​ឲ្យ​ប្រើ​ទូរស័ព្ទ»។

លោក​បន្ត​ថា ក្រោយ​មក​លោក​ក៏​មិន​អាច​ទាក់ទង​ពួកគេ​បាន​ទៀត​នោះ​ដែរ។

កាលពី​ខែធ្នូ ឆ្នាំ ២០១៦ ​កន្លង​មក ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ លោក​ ថៃ នរៈសត្យា ​ថ្លែង​ថា​ ​អាជ្ញាធរ​ខេត្ត​ រួម​នឹង​តំណាង​សហគមន៍​បាន​ជួប​ពិភាក្សាគ្នា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចំនួន ៤ ​នៅ​ភ្នំ​ដោះ​ក្រមុំ។ ក្នុង​នោះ​អង្គ​ប្រជុំ​បាន​សម្រេច​មិន​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​ដែល​ទាមទារ​ដី​ទាំង​ ១១ គ្រួសារ​នោះ​ទេ​ ដោយ​សារ​តែ​ «ពុំ​មាន​ភាព​ច្បាស់លាស់ ​និង​គ្មាន​ផ្ទះ​សំបែង​ នៅ​ក្នុង​ដី​ដែល​ទាមទារ​នេះ​ឡើយ»។

ប៉ុន្តែ​តំណាង​ពលរដ្ឋ​ ១១​គ្រួសារ លោក​ ង៉ែត ផាន់ ​បាន​ដាក់​លិខិត​បដិសេធ​ការ​សម្រេច​នេះ និង​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​ វប្បធម៌ ​កាល​ពី​ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ និង​នៅ​ខែ មេសា ​​កន្លង​មក ក៏​មាន​ការ​សម្រេច​កាត់​ដី​នោះ​ឲ្យ​ពលរដ្ឋ​ ១១ គ្រួសារ ​ដែល​មក​ពី​ខេត្ត​ផ្សេង។ ក្នុង​នោះ​មួយ​គ្រួសារ​បាន​ដី​ទំហំ​ ៥ ម៉ែត្រ​ គុណ​នឹង ៥០ ម៉ែត្រ។

លោក​ ក្រើន តុលា ជា​តំណាង​ពលរដ្ឋ​ក្នុង​ចំណោម​ ១០ នាក់​បាន​ឲ្យ​ដឹង​ថា ​លោក​ត្រូវ​បាន​នគរបាល​សណ្តាប់​ធ្នាប់​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើ​ការ​ឃាត់ និង​សួរនាំ​អស់​រយៈពេល​ជាង ១ ម៉ោង​មុន​ពេល​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក​ថា ​នគរបាល​ ចង់​ឲ្យ​ពលរដ្ឋ​ដោះ​​ស្រាយ​បញ្ហា​នេះ​នៅ​ថ្នាក់​ខេត្ត​ជា​មុន​សិន​ ប៉ុន្តែ ពួក​លោក​មិន​មាន​ជំនឿ​ថា ​ខេត្ត​នឹង​ដោះស្រាយ​បាន​នោះ​ទេ​ ក្រោយ​ពី​ដាក់​​លិខិត​បដិសេធ​លើ​ការ​សម្រេច​កាត់​ដី​នោះ។

លោក​ តុលា​ និយាយថា៖«ដី​ហ្នឹង​ជា​ដី​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ជា​ដី​អារក្ស​ទី​សក្ការៈ​បូជា​របស់​រួម​ទាំង​អស់​គ្នា។ មិន​មែន​ជា​របស់​ខ្ញុំ​តែ​ម្នាក់​ឯង​ទេ»។

លោក​បន្ត​ថា ពួក​លោក​សុខ​ចិត្ត​មិន​បន្ត​ដំណើរ​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច ហើយ​ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ទេ នោះ​នឹង​យក​លិខិត​ទៅ​ដាក់​នៅ​ថ្នាក់​ជាតិ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

លោក​ ស៊ុន ប៊ុនធឿន ​អធិការ​នគរបាល​ស្រុក​ កែវសីមា ​បាន​ថ្លែងថា សមត្ថកិច្ច​គ្រាន់​តែ​ចង់​ណែនាំ​ពលរដ្ឋ​ជា​ធម្មតា ដោយ​គ្មាន​ការ​ដាក់​ទោស​ទណ្ឌ​អី​នោះ​ទេ ដោយ​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​ឆ្លងកាត់​ការដោះស្រាយ​ពី​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​សិន ហើយ​ក៏​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​ផ្ទះ​​វិញ​រៀងៗ​ខ្លួន។

លោក​ឡុង វិបុល ​អភិបាល​ក្រុង​​សែន​មនោរម្យ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ដោះ​ស្រាយ​ទំនាស់ ថ្នាក់​ខេត្ត​ បាន​សម្រេច​កាត់​ដី​នោះ ​​ឲ្យ​ពលរដ្ឋ​ទាំង ១១ គ្រួសារ គឺ​ដើម្បី​សម្រាល​ការ​លំបាក​ដល់​ពួកគាត់ ព្រោះ​ថា​ ពួក​គាត់​ក៏​ជា​ជន​រងគ្រោះ​ដែរ។ លោកថា​ ពលរដ្ឋ​ខ្លះ​បាន​ចូល​ទៅ​កាប់​រាន​ដី ឬ​ក៏​​បាន​ទិញ​ដី​ទី​នោះដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ទោះបី​គាត់​មាន​ដី​ទំហំ​ប៉ុន​ណា​ ក៏​ដោយ​ ២០-៣០ ​ក៏​កាត់​ឲ្យ​គាត់​តែ​ក្បាល​ ៥ ម៉ែត្រ ​និង​ជម្រៅ​ ៥០ ម៉ែត្រ​ដែរ ​ដើម្បី​ចែក​រំលែក​ការ​លំបាក​ដល់​ពួកគាត់។ គាត់​ជា​អ្នក​ខាត​បង់»។

លោកស្រី​ ថ្លឹក ភារម្យ ​ជា​ស្ត្រី​ម្នាក់​ទៀត​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១០ នាក់​នោះ​បាន​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ភ្នំដោះ​ក្រមុំ​ពីមុន​មាន​រហូត​ដល់​ទៅ​ ១២០ ​ហិកតា តែ​នាពេល​​បច្ចុប្បន្ន​នេះ ​នៅ​សល់​តែ​ប្រហែលជា​ ៨០ ហិកតា​តែ​ប៉ុណ្ណោះ​ ដោយសារ​តែ​មាន​ការ​ទន្ទ្រាន​យក ​និង​ដោយសារ​តែ​គ្មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់។

លោក​ ស្វាយ សំអ៊ាង​ អភិបាល​ខេត្ត​មណ្ឌលគិរី ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ៕