មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់​ ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្ដែ​ចុងចោទ​បាន​បដិសេធ​។

តាម​លិខិត​ពាក្យបណ្ដឹង​ទី​ ១ ​រាយនាម​ដើមចោទ​រួមមាន ឈ្មោះ ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​អាដហុក​, ឈ្មោះ គ្រើង តុលា, ឈ្មោះ ប្រប់ ទុច​, ក្វាង ចូល​, ស្រប គន និង​ឈ្មោះ សាំង សឿន ដែល​ជា​ជនជាតិ ពូនង ពួកគាត់​ទាំង ៥ ​នាក់​រស់នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​។ ពាក្យបណ្ដឹង​នេះ​ត្រូវ​បាន​ដាក់​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃទី​ ២២ ខែមករា​នេះ​។

ខ្លឹមសារ​ក្នុង​ពាក្យបណ្ដឹង​បាន​ឲ្យ​ដឹងថា លោក កេង ញ៉ក់ អតីត​មេឃុំ​ប៊ូស្រា និង​បច្ចុប្បន្ន​ជា​ជំទប់​ទី​ ១ ​នៅ​ឃុំ​ប៊ូស្រា និង​លោក ឈឹម កាន អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយាដី​ខេត្ត​មណ្ឌលគិរី និង​សព្វ​ថ្ងៃជា​អភិបាលរង​ខេត្តមណ្ឌលគិរី ពួកគាត់​ទាំង​ ២ ​នាក់​ បាន​ជាប់​ពាក់ព័ន្ធ​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ៦ ​ប័ណ្ណ​, សលាកបត្រ​ព័ត៌មាន​ចំនួន ៤ ​ច្បាប់ និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ចំនួន ៤ ​ច្បាប់​លើដី​គម្រប​ព្រៃឈើ​ដែល​មាន​លក្ខណៈ​ជា​ព្រៃ​នៅ​ឡើយ និង​មាន​លក្ខណៈ​ខុសច្បាប់​នៅក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​។

ពាក្យបណ្ដឹង​បញ្ជាក់​ថា​៖ «​យោងតាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​ ០០១ ឆ្នាំ​ ២០១២ ដី​ប្រទានកម្ម​ដល់​ប្រជាពលរដ្ឋ​គឺ​បានតែ​ចំពោះ​លើ​ដី​ដាំ​ដំណាំ​ប៉ុណ្ណោះ និង​ចំពោះ​ដីព្រៃ​រដ្ឋ​មិន​អាច​យក​ទៅ​ធ្វើការ​លក់ ទិញ ផ្ទេរ​បានឡើយ ប៉ុន្ដែ​យើងខ្ញុំ​បាន​រកឃើញ​ថា ករណី​បំពាន​ច្បាប់​នេះ​មាន​កើតឡើង​ច្រើន​នៅក្នុង​ខេត្ត​មណ្ឌលគិរី​»​។

លោក គ្រើង តុលា ម្នាក់​ក្នុង​ចំណោម ៥ ​នាក់​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា ឯកសារ​ទាំងនោះ​គឺ​បាន​ទទួល​ពី​ម្ចាស់​ឯកសារ​ផ្ទាល់​ដោយ​បាន​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា ដី​ទាំងនោះ​សុទ្ធតែ​ស្ថិត​នៅក្នុង​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ និង​ជា​ព្រៃឈើ​នៅឡើយ​។

លោក​បន្តថា ដោយសារ​ពួកលោក​ធ្លាប់​បាន​ស្វែងយល់​ពី​ច្បាប់​ភូមិបាល ច្បាប់​ព្រៃឈើ ច្បាប់​ស្ដីពី​តំបន់​ការពារ​ធនធាន​ធម្មជាតិ ការចេញ​ប័ណ្ណ​លើដី​ព្រៃ ការទិញ​លក់​ផ្ទេរ​ដីព្រៃ និង​ការបញ្ជាក់​លើ​លិខិត​លក់​ទិញ​ផ្ទេរ​ដីព្រៃ​ដោយ​អាជ្ញាធរ​ព្រៃឈើ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។ តាម​ការស្រាវជ្រាវ និង​ការអះអាង​របស់​ម្ចាស់​ដី​នៅ​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ សលាកបត្រ​ព័ត៌មាន និង​លិខិត​ផ្ទេរ លិខិត​សិទ្ធិ​កាន់កាប់​ដីធ្លី​ជាច្រើន​ទៀត​។

លោក គ្រើង តុលា បញ្ជាក់ថា​៖ «​ដូច្នេះ​ពួកខ្ញុំ​នឹងដាក់​ស្នើសុំ​ឲ្យ​លោក​ព្រះរាជអាជ្ញា​បើក​ការស៊ើបអង្កេត និង​ចាត់វិធានការ​លើ​ជន​ប្រព្រឹត្ត​តាមផ្លូវ​ច្បាប់​។ សុំ​ទាមទារ​មោឃភាព​ចោល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​ ៦ សលាកបត្រ​ព័ត៌មាន​ចំនួន ៤ ​ច្បាប់ និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ចំនួន​ ៤ ​ច្បាប់ និង​ដកហូត​ដីព្រៃ​មក​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ​»​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​បាន​ថ្លែងថា វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ពួកគាត់​មើលឃើញ​ពី​ភាពមិនប្រក្រតី​ចំពោះ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​។ ដោយ​លោក​រំពឹងថា តុលាការ​នឹង​បើក​ការ​ស៊ើបអង្កេត និង​ចាត់វិធានការ​លើ​ជន​ប្រព្រឹត្ត​តាមផ្លូវ​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​តាម​ការស្រាវជ្រាវ​របស់​យើង​កន្លង​មក​នេះ ពិតជា​ឃើញ​មានការ​ចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លី​មិន​ប្រក្រតី​មែន ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​ ០០១ ​របស់​រាជរដ្ឋាភិបាល ដូច្នេះ​យើង​ត្រូវតែ​ប្ដឹង​ឲ្យ​មាន​ការស្រាវជ្រាវ ស៊ើបអង្កេត និង​ដកហូត​ដីព្រៃ​ទាំងនោះ​យកមក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​»​។

លោក ឈឹម កាន អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយាដី​ខេត្តមណ្ឌលគិរី និង​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា លោក​មិនទាន់​បានដឹង​ពី​ការប្ដឹង​របស់​ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នេះ​ទេ ប៉ុន្ដែ​លោក​អះអាង​ថា អ្វីដែល​លោក​បាន​អនុវត្ត​កន្លង​មក​នេះ​គឺ​ធ្វើ​ទៅ​តាម​នីតិវិធី​ទាំងអស់​។

លោក មាស ប្រុស អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ពី​ម្សិលមិញ​បាន​ថ្លែងថា លោក​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ប៊ូស្រា​ស្រុក​ពេជ្រាដា​រួចរាល់​ហើយ ដោយ​លោក​កំពុង​ត្រួតពិនិត្យ ដើម្បី​ដាក់ជូន​ទៅ​លោក​ព្រះរាជអាជ្ញាធរ​ចាត់ចែង​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បានឃើញ​ពាក្យបណ្ដឹង​របស់​ពួកគាត់​ទាំង​ ២ ​នេះហើយ ឥឡូវ​ខ្ញុំ​កំពុង​ត្រួតពិនិត្យ​សិន ពេល​ខ្ញុំ​ពិនិត្យ​រួច ខ្ញុំ​នឹង​ដាក់​ជូនទៅ​ព្រះរាជអាជ្ញា​ពេល​ដល់​ដៃ​ព្រះរាជអាជ្ញា​គាត់​នឹង​មាន​នីតិវិធី​គាត់ តែ​ខ្ញុំ​អត់​ដឹង​គាត់​កោះហៅ​ភាគី​ពាក់ព័ន្ធ​ពេលណា​ទេ​»៕