មណ្ឌលគិរីៈ ​ជនជាតិ​ភាគតិច​ និង​មន្ត្រី​សង្គម​ស៊ីវិល​បាននាំគ្នា​ដាក់​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី ប្ដឹង​អាជ្ញាធរ​ដែនដី​នៅ​ស្រុក​ពេជ្រាដា​ដោយ​ចោទថា បាន​អនុញ្ញាត​ឱ្យ​មាន​ការលក់ដូរ​ដីព្រៃ​សហគមន៍​ជាង ១ ​ពាន់​ហិកតា ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​បាន​បដិសេធ​។

បណ្ដឹង​បរិហារ​ដែល​ដាក់​ទៅ​តុលាការ​កាលពី​ថ្ងៃទី​ ២១ ខែ​ឧសភា គឺ​ធ្វើ​ឡើង​ដោយ​ជនជាតិដើម​ភាគតិច​ព្នង​ចំនួន ៣ ​នាក់​នៅ​ស្រុក​ពេជ្រាដា​រួមទាំង​មន្ត្រី​សមាគម​អាដហុក​ម្នាក់​ដោយ​ប្ដឹង​លោក ប្លក់ ជ្រោវ មេភូមិ​ពូក្រូច លោក ធុយ ប៊ុនលឿន មេឃុំ​ស្រែអំពូម និង​លោក​ មើល សឿន ​អភិបាលស្រុក​ពេជ្រាដា​។

ពាក្យបណ្ដឹង​សរសេរ​ថា មន្ត្រី​ទាំង​ ៣ ​នាក់​នេះ​បាន​ចុះហត្ថលេខា​ និង​បោះត្រា អនុញ្ញាត​ឱ្យ​មាន​ការលក់ដូរ និង​កាប់​រាន​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ដោយ​ខុសច្បាប់​លើ​ដី​ព្រៃ​សហគមន៍​ភូមិ​ពូក្រូច​មាន​ទំហំ​ ១២៣១ ​ហិកតា​ដែលជា​ដី​រដ្ឋ​ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម​តាំងពី​ឆ្នាំ​ ២០១៣ ​រហូត​បណ្ដាល​ឱ្យ​ដីព្រៃ​រដ្ឋ​នេះ​បាត់បង់​ស្ទើរតែ​ទាំងស្រុង​។ «​សូម​ដកហូត​យក​ដី​ ១២៣១ ​ហិកតា​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។ សង​តម្លៃ​ខូចខាត​ព្រៃឈើ​ឱ្យ​បាន​ដូចដើម​វិញ និង​ផ្ដន្ទាទោស​ជន​ពាក់ព័ន្ធ​ដែល​ធ្វើឱ្យ​បាត់បង់​ព្រៃឈើ​»​។

លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​នៅ​ឃុំ​ប៊ូស្រា​ដែល​ចូលរួម​ដាក់ពាក្យ​បណ្ដឹង​នេះ​បាន​លើកឡើង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ដីព្រៃ​សហគមន៍​គឺ​ភាគច្រើន​ត្រូវ​បាន​អ្នកភូមិ​នាំគ្នា​លក់​ដោយ​បាន​សូកប៉ាន់​លុយកាក់​ឱ្យ​អាជ្ញាធរ​ភូមិ ឃុំ ឲ្យ​ស៊ីញេ​ទទួលស្គាល់ ហើយ​មិន​បាន​ខ្វល់​ថា​ជា​ដី​របស់​រដ្ឋ​។ «​ទោះ​ជា​គេ​គ្រប់គ្រង​ (​ដី​ហ្នឹង​) ​រហូត​មាន​រយៈពេល​ដល់​ ១៥ ​ឆ្នាំ​ក្ដី ប៉ុន្តែ​នៅក្នុង​ផ្លូវច្បាប់​តំបន់​ណា​ដែល​ត្រូវបាន​ចុះបញ្ជី​ជា​ដី​របស់​រដ្ឋ​ហើយ​គឺ​មិនអាច​អ្នកណា​អាច​យក​ (​កាន់កាប់​ជា​កម្មសិទ្ធិ​ឯកជន​) ​បាន​ដោយ​គ្មាន​លិខិត​ធ្វើ​អនុប្បយោគ​ពី​រាជរដ្ឋាភិបាល​បានទេ​»​។

ចំណែក​លោក គឺប ម្ហច់ រស់នៅក្នុង​ភូមិ​ពូក្រូច​ថ្លែងថា ដីព្រៃ​សហគមន៍​នេះ​ត្រូវបាន​គេ​ឈូសឆាយ​អស់​ប្រហែល​ ៦០% ​តាំងពី​ឆ្នាំ​ ២០១៨ ហើយ​បច្ចុប្បន្ន​ព្រៃឈើ​នៅ​សល់​តែ ៤០ ​ភាគរយ​ទៀត​ប៉ុណ្ណោះ ហើយ​អាច​នឹង​បាត់បង់​ ១០០% ​ជា​ពុំខាន​បើ​មិនមាន​ការដកហូត ឬ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល​ទេនោះ​។ លោក​បន្តថា កន្លងមក​ខាង​សហគមន៍​ធ្លាប់​បាន​ប្ដឹង​ទៅខាង​រដ្ឋបាល​ព្រៃឈើ​អំពី​ការឈូសឆាយ​ដី​ព្រៃ​នេះ ប៉ុន្តែ​នៅ​ក្រោយ​ពី​ខាង​រដ្ឋបាល​ព្រៃឈើ​ចុះបង្ក្រាប​ហើយ​សកម្មភាព​ឈូសឆាយ​នៅតែ​បន្ត​កើតឡើង​វិញ​ដដែល​។

លោក​ថា​៖ «​អ្នក​ដែល​ឈរ​ឈ្មោះ​លក់​ដី​ទាំង​ហ្នឹង​គឺ​មិន​បានដឹង​ពី​អត្តសញ្ញាណ​ច្បាស់​ទេ ហើយ​ដីព្រៃ​ទាំង​ហ្នឹង​គឺ​នៅតែ​កាប់ និង​ឈូសឆាយ​ទន្ទ្រាន​យក​ជា​បន្ត ហើយ​នៅពេល​ខាងយើង​បង្ហោះ​តាម​ហ្វេសប៊ុក​សកម្មភាព​ទាំង​ហ្នឹង​ក៏​រាង​ស្ងាត់​វិញ​»​។

កាលពី​សប្តាហ៍​មុន​ពលរដ្ឋ​នៅក្នុង​ឃុំ​អំពូម​ ២ ​នាក់​ត្រូវ​បាន​ប៉ូលិស​ប៉ុស្ដិ៍​កោះហៅ​ទៅ​សួរនាំ ក្រោយពី​ពួកគេ​បាន​បង្ហោះ​តាម​ហ្វេសប៊ុក​ថា ដីព្រៃ​សហគមន៍​ទំហំ​ជាង ១ ​ពាន់​ហិកតា​នៅក្នុង​ភូមិ​ពូរ៉ាដែត​ក៏​ត្រូវ​បាន​ឈូសឆាយ និង​កាន់កាប់​ដោយ​ឯកជន ស្ទើរ​ទាំងស្រុង​ដូចគ្នា​នៅក្នុង​ភូមិ​ពូក្រូច​ផងដែរ​។

លោក ធុយ ប៊ុនលឿន មេឃុំ​ស្រែ​អំពូម​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​ចាំមើល​ការកោះហៅ​ពី​តុលាការ​។ លោក ប្លក់ ជ្រោវ មេភូមិ​ពូក្រូច​ថ្លែង​ថា ដីព្រៃ​សហគមន៍​ភូមិ​ពូក្រូច​គឺ​ត្រូវ​បាន​ខាង​ក្រសួង​កសិកម្ម​ផ្ទេរ​ឱ្យ​ក្រសួងបរិស្ថាន​ជា​អ្នកគ្រប់គ្រង​ហើយ​កន្លងមក​ត្រូវ​បាន​មន្ត្រី​មកពី​ថ្នាក់ជាតិ និង​ខេត្ត​ចុះ​មក​វាស់​ដើម្បី​កាត់ចេញ​ខ្លះ​ប្រគល់​ឱ្យ​ពលរដ្ឋ​ជាង​ ៣០ ​គ្រួសារ​ដោយសារ​ពួកគាត់​បាន​កាន់កាប់​តាំងពី​ឆ្នាំ​ ២០០៥-២០០៦ ​មុន​មាន​ការប្រកាស​ទទួលស្គាល់​ពី​ក្រសួងកសិកម្ម​។ ​«​យើង​មិនដឹងថា​ដី​កាត់ចេញ​ប៉ុន្មាន​ហិកតា​គឺ​អត់​បានដឹង​ទេ​។ ការកាត់ចេញ​ហ្នឹង​ដោយសារ​ពលរដ្ឋ​បាន​ទិញ​តាំងពី​ឆ្នាំ ២០០៥-២០០៦ ​ហើយ​នៅពេល​ពួកគាត់​នាំគ្នា​តវ៉ា​យូរៗ​គេ​ក៏បាន​សម្រេច​កាត់​ឱ្យ​ពួកគាត់​វិញ​»​។

លោក មើល សឿន អភិបាលស្រុក​ពេជ្រាដា បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​ដោយ​បញ្ជាក់​ពី​ម្សិលមិញ​ថា លោក​គ្មាន​សិទ្ធិ​អំណាច​រហូត​ហ៊ាន​ទៅ​លក់ដូរ​ដីព្រៃ​សហគមន៍​ឡើយ​។

លោក​ថា​៖ «​សួរថា​អ្នកណា​ហ៊ាន​លក់​ដី​សហគមន៍​ដល់​ ១ ​ទៅ​ ២ ​ពាន់​ហិកតា​នោះ អ្នកណា​មាន​សិទ្ធិ ខ្ញុំ​ម៉េច​ហ៊ាន​។ ឥឡូវ​ខ្ញុំ​កំពុង​ឱ្យ​ស្រាវជ្រាវ តើ​ការប្ដឹង​ហ្នឹង សំអាង​លើ​អី​ខ្លះ​។ ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់​នេះ​គឺ​មិន​ពិតប្រាកដ​ទេ​... ពីព្រោះ​ខ្ញុំ​មិន​ដឹង​ថា ដី​ហ្នឹង​នៅ​ត្រង់ណា​»​។

ចំណែក​លោក​ សុក សេរ៉ា អ្នកនាំពាក្យ​ខេត្ត​មណ្ឌលគិរី​ថ្លែងថា ខេត្ត​មិនទាន់​បាន​ដឹង​ថា មាន​ការ​ចោទប្រកាន់​មន្ត្រី​នៅ​ស្រុក​ពេជ្រាដា​អំពី​ការធ្វើឱ្យ​បាត់បង់​ដីព្រៃ​សហគមន៍​នេះ​ទេ​។

លោក​ថា ​ពលរដ្ឋ​គួរតែ​នាំគ្នា​ប្ដឹង​មក​ខេត្ត មុន​សម្រេចចិត្ត​ប្ដឹង​ទៅ​តុលាការ​។ លោក​ថា​៖ «​បើ​ប្ដឹងទៅ​តុលាការ​ហើយ​ក៏​មិនដឹង​និយាយថា​ម៉េច​។ អានេះ​គឺជា​សិទ្ធិ​របស់​គាត់ ហើយ​ការដោះស្រាយ​របស់​តុលាការ​យ៉ាង​ម៉េច អាហ្នឹង​យើង​ចាំមើល​តទៅទៀត​»៕