មណ្ឌលគិរីៈ ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី​ស្នើឱ្យ​មន្ត្រី​បរិស្ថាន ចុះ​ដក​បង្គោល​ដែល​ត្រូវបាន​គេ​បោះ​រំលោភ​វាត​យក​ដី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ​ដែល​ស្ថិត​នៅក្បែរ​ស្នាក់ការ​បរិស្ថាន និង​បាន​ជំរុញ​ឲ្យ​ដាក់ពាក្យ​ប្តឹង​អ្នក​ដែល​បាន​បោះបង្គោល​វាត​យក​ដី​រដ្ឋ​ទាំងនោះ​។

លោក គ្រើង តុលា ជនជាតិដើម​ភាគតិច​ព្នង​ដែល​ជា​សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ទី​ ២២ ខែមិថុនា​ថា ដី​ប្រហែល​ពី​ ១ ​ពាន់​ទៅ​ ២ ​ពាន់​ហិកតា ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ​នៅ​ក្បែរ​ដី​របស់​ក្រុមហ៊ុន​មេហ្គាហ្វើស​ក្នុង​ភូមិ​ពូរលេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ត្រូវ​បាន​គេ​បោះ​បង្គោល​ពី​ ៣០ ​ទៅ​ដល់​ ៤០ ​បង្គោល​ធ្វើ​ជា​ក្បាលដី រួមទាំង​បង្គោល​ជាច្រើន​ទៀត​ត្រូវ​បាន​គេ​លួច​បោះ​នៅក្នុង​ព្រៃ ដើម្បី​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​រដ្ឋ​។

លោក​បន្តថា បង្គោល​ខ្លះ​ត្រូវ​បាន​គេ​លួច​បោះ តាំងពី​ឆ្នាំ​ ២០១៩ ហើយ​មួយចំនួន​ទៀត ត្រូវ​បាន​គេ​បន្ត​បោះ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ១០០ ​ទៅ​ ១៥០ ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ស្នាក់ការ​បរិស្ថាន​ទួលស្វាយ ប៉ុន្តែ​បែរ​ជា​មន្ត្រី​បរិស្ថាន​មើល​មិនឃើញ​បង្គោល​ទាំងនោះ និង​មិនបាន​ចុះ​ដកចេញ​ឡើយ​។

លោក​ថា កាលពី​ពេល​ថ្មីៗ​នេះ​លោក​ឃើញ​ខាង​បរិស្ថាន​បាន​ចុះ​ដក​បង្គោល​ដែរ ប៉ុន្តែ​នៅ​ឆ្ងាយ​ពី​ស្នាក់ការ​បរិស្ថាន​ប្រហែល ៣០០ ​ទៅ​ ៤០០ ​ម៉ែត្រ​។ លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​បង្គោល​ដែល​គេ​បោះ​នៅ​ជិត​ស្នាក់ការ​របស់​គាត់ បែរជា​មើល​មិនឃើញ​ទៅវិញ​។

យើង​ឆ្ងល់​ថា ហេតុអ្វី​ពួកគាត់​មិន​ដក ឬ​ជា​ដី​របស់​មន្ត្រី​បរិស្ថាន​ហ្នឹង ឬ​របស់​ប៉ូលិស ទាហាន បានជា​គេ​មិន​ដក​»​។ លោក​ថ្លែង​ទៀតថា ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​មន្ត្រី​បរិស្ថាន ដក​បង្គោល​ទាំងនោះ​ចេញពី​ដែន​ជម្រក​សត្វព្រៃ និង​ត្រូវដាក់​បណ្ដឹង​ទៅ​តុលាការ ប្រឆាំង​នឹង​បុគ្គល​ដែល​បោះបង្គោល​​វាត​យក​ដី​រដ្ឋ​ទាំងនោះ​។

ប៉ុន្តែ​លោក វុធ សារុំ ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ​បាន​បញ្ជាក់ថា បង្គោល​ទាំងនោះ​គឺ​មិនមែន​ជា​របស់​មន្ត្រី​បរិស្ថាន​ឡើយ ហើយ​មន្ត្រី​ក៏​មិន​បានធ្វើ​មិនដឹង​មិនឮ​នោះដែរ ហើយ​ការ​មិនបាន​ចុះ​ដក​បង្គោល​ទាំងនោះ គឺ​ដោយសារ​តែ​ខ្វះ​មន្ត្រី​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាន​ដក​បង្គោល​ដូច​ភ្លៀងរលឹម​អ៊ីចឹង ប៉ុន្តែ​គ្រាន់តែ​ថា នៅ​ស្នាក់ការ​ទួលស្វាយ និង​ស្នាក់ការ​កង់រ៉ូឡង់​គឺ​មាន​មន្ត្រី​បរិស្ថាន​តែ ៤ ​នាក់​ទេ​។ ប៉ុន្តែ​នៅពេល​យើង​ប្រមូល​កម្លាំង​ចុះមក​ល្បាត និង​ដក​បង្គោល​នៅ​ខាង​កង់រ៉ូឡង់ យើង​នៅ​សល់​តែ​ម្នាក់​នៅ​ស្នាក់ការ​ទួលស្វាយ​។ អ៊ីចឹង​! វា​អាច​ខ្វះ​ចន្លោះ ដោយសារ​មន្ត្រី​ (​តែ​ម្នាក់​) ​យើង​មិនបាន​ដើរល្បាត ឬ​ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ​មាន​មេឃ​ភ្លៀង ហើយ​មិនមែន​យើង​មិន​ធ្វើ​ការងារ​ហ្នឹង​ទេ ព្រោះ​វា​គឺជា​កាតព្វកិច្ច​»​។

លោក​បន្តថា​៖ «​ប៉ុន្តែ​និយាយ​ដោយឡែក​លោក គ្រើង តុលា នេះ​គឺ​រកតែ​ចំណុច​ខ្វះចន្លោះ​ហ្នឹង ហើយ​មិនមែន​យើង​មិនឃើញ​ទេ ប៉ុន្តែ​គឺ​យើង​រង់ចាំ​កម្លាំង​មក​ជុំគ្នា​សិន ទើប​ដាក់​ផែន​ការដក​»​។

លោក សារុំ បន្ថែមថា​ទីតាំង​ដែលមាន​ការបោះបង្គោល​នោះ​គឺ​ស្ថិត​នៅក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​មេហ្គាហ្វើស​ខ្លះ និង​ស្ថិត​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ខ្លះ​។ លោក​បញ្ជាក់​ទៀត​ថា អ្នក​ដែល​លួច​បោះបង្គោល​ទាំងនោះ​គឺជា​ជនជាតិដើម​ភាគតិច​តែម្ដង ហើយ​ភាគច្រើន​គឺ​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ដែល​ទើប​លួច​បោះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។

លោក​ ច្រូច ខ្លើត ជនជាតិដើម​ភាគតិច​នៅក្នុង​ភូមិ​ពូរលេះ​បញ្ជាក់​ថា ដីចម្ការ​របស់​ក្រុម​ពលរដ្ឋ​ជនជាតិ​ដើម​នៅ​ភូមិ​នេះ គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​មាត់អូរ ដែល​មាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​ពី​ទីតាំង​ដែល​មាន​បោះបង្គោល​នៅក្នុង​ដែនជម្រក​សត្វព្រៃ​។

លោក​បន្តថា នៅ​ម្តុំ​ទីតាំង​បោះបង្គោល​នោះ​គឺ​ជនជាតិ​ដើម​អាច​ចូល​ត្រឹម​ទៅ​អាស្រ័យផល​អនុផល​ពី​ព្រៃឈើ​ប៉ុណ្ណោះ ហើយ​លោក​ថា អ្នក​បោះបង្គោល​គឺជា​ក្រុម​អ្នករកស៊ី​លក់​ដី ដែល​តែង​ចូល​ទៅ​ចាប់ដី និង​បោះបង្គោល​នៅ​ទីតាំង​នោះ ដែល​ភាគច្រើន​គឺជា​ខ្មែរ-អ៊ិស្លាម និង​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ឡើយ​៕