ស្ទឹងត្រែងៈ ជនជាតិដើមភាគតិចព្នង ៥៣ គ្រួសាររស់នៅឃុំក្បាលរមាស ស្រុកសេសានបានចោទប្រកាន់ក្រុមហ៊ុនស៊ីងហ្គេច ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ដាំកៅស៊ូពីរដ្ឋាភិបាលថា បានបោះបង្គោលរំលោភយកដីសហគមន៍ ប៉ុន្តែអាជ្ញាធរខេត្តបដិសេធការចោទប្រកាន់នេះ។
អ្នកស្រី ស្រាំង ឡាញ់ តំណាងសហគមន៍ភូមិក្បាលរមាស និងជាតំណាង ជនជាតិដើមភាគតិចព្នងជាង ៥៣ គ្រួសារ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣១ ខែមីនាថា កាលពីដើមខែមីនា ក្រុមហ៊ុន ស៊ីងហ្គេច បានបោះបង្គោលព័ទ្ធវាតយកដីអ្នកភូមិ ដោយអះអាងថា ដីដែលអ្នកភូមិកំពុងរស់នៅ គឺជាដីរបស់ក្រុមហ៊ុន។ ជនជាតិដើមភាគតិចព្នងបានរស់នៅលើដីនេះជាយូរឆ្នាំមកហើយ និងបានរក្សាវប្បធម៌ជនជាតិដើមភាគតិច ដោយមានទាំងដីចម្ការវិលជុំ ដីព្រៃអារក្ស និងដីផ្នូរកប់សពដូនតា ដីទំនៀមទម្លាប់ជាច្រើនទៀតដែលត្រូវបានការពារនៅក្នុងតំបន់នេះ។
អ្នកស្រីបញ្ជាក់ថា៖ «ក្រុមហ៊ុន ស៊ីងហ្គិច បានបោះបង្គោលមកដល់កណ្តាលភូមិយើងនៅចំណុចក្បាលរមាសចាស់ ហើយការដាក់បង្គោលនេះ គឺមិនបានសិក្សា និងមិនមានការព្រមព្រៀងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះទេ។ ពួកគាត់ (ក្រុមហ៊ុន) ធ្វើនេះគឺរំលោភសិទ្ធិរបស់ដីសហគមន៍ជនជាតិដើមភាគតិចយើងហើយ យើងមិនព្រមចាកចេញពីកន្លែងនេះនោះទេ»។
បើតាមអ្នកស្រី ឡាញ់ ដីនៅចំណុចភូមិក្បាលរមាសចាស់ដែលអ្នកភូមិកំពុងអាស្រ័យផលនេះកាលពីឆ្នាំ ២០១៤ ខាងរដ្ឋាភិបាលបានផ្សព្វផ្សាយថា ដីនេះគឺជាតំបន់បាតអាងទំនប់វារីអគ្គីសនី សេសានក្រោម ២ ហើយបច្ចុប្បន្នត្រូវបានប្រកាស ថាដីនេះបានផ្តល់សម្បទានឱ្យក្រុមហ៊ុន ស៊ីនហ្គិច ទៅវិញ។ ដូច្នេះ ក្នុងនាមតំណាងឱ្យសហគមន៍ជនជាតិដើមភាគតិច អ្នកស្រី ស្នើដល់រដ្ឋាភិបាលប្រគល់ដីនេះឱ្យប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង ដើម្បីបានអាស្រ័យផល និងរក្សាវប្បធម៌ ប្រពៃណីរបស់ខ្លួនដែលនៅសេសសល់ក្នុងតំបន់នេះវិញ។
ភ្នំពេញប៉ុស្តិ៍ មិនអាចស្វែងរកប្រភពទំនាក់ទំនងតំណាងក្រុមហ៊ុន ស៊ីងហ្គេច ដើម្បីសុំអត្ថាធិប្បាយបានទេនៅថ្ងៃទី ៣១ ខែមីនា។ ប៉ុន្តែលោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានបដិសេធការលើកឡើងរបស់សហគមន៍ជនជាតិដើមភាគតិច។
លោកថ្លែងថា ជារួមការបោះបង្គោលព្រំដីរបស់ក្រុមហ៊ុនស៊ីងហ្គេច គឺធ្វើឡើងទៅតាមផែនទីដែលផ្តល់ឱ្យដោយរដ្ឋាភិបាល។ លោកបន្តថា កន្លងមកសហគមន៍ជនជាតិដើមភាគតិចនេះ បានរៀបចំផែនទីរបស់ខ្លួនដោយខ្លួនឯង និងបានទាមទារដីរបស់សហគមន៍ដល់ទៅជិត ៨ ០០០ ហិកតា ដែលបានប៉ះពាល់ទៅដល់ដីរបស់ក្រុមហ៊ុន និងដីមានកម្មសិទ្ធិឯកជនដទៃទៀត។
លោក ប៊ី វណ្ណី អ្នកសម្របសម្រួលអង្គការអាដហុកខេត្តស្ទឹងត្រែងបានលើកឡើងថា បន្ទាប់ពីផ្ទះប្រជាសហគមន៍ជនជាតិភាគតិចព្នងបានរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម ២ គឺអ្នកភូមិមិនបានផ្លាស់ប្តូរ ទៅរស់នៅតំបន់ដែលរដ្ឋាភិបាលបានផ្តល់ឱ្យនោះទេ។ លោកបន្តថា អ្នកភូមិបានបន្តរស់នៅក្នុងតំបន់នោះ ខណៈអាជ្ញាធរបានអះអាងថា ដីដែលអ្នកភូមិបន្តរស់នៅ គឺជាដីរបស់ក្រុមហ៊ុន ស៊ីងហ្គេច។
លោក ប៊ី វណ្ណី សង្កេតឃើញថា កន្លងមកវិវាទនេះក៏ត្រូវបានអាជ្ញាធរខេត្តចុះដោះស្រាយ និងកំណត់ព្រំដីជាច្រើនលើកច្រើនសាផងដែរ ប៉ុន្តែពលរដ្ឋនៅតែប្រកាន់ជំហររស់នៅក្នុងភូមិចាស់របស់ ខ្លួន ដោយមិនព្រមផ្លាស់ប្តូរទីលំនៅទៅកន្លែងថ្មីស្របពេលអាជ្ញាធរ នៅតែមិនព្រមទទួលយកសំណើរបស់អ្នកភូមិ។
លោកយល់ថា៖ «សហគមន៍ជនជាតិ ភាគតិចនេះគាត់មិនព្រមផ្លាស់ប្តូរព្រោះតែគាត់ចង់រក្សាវប្បធម៌ ប្រពៃណីរបស់ពួកគាត់ ហើយបើពួកគាត់ទៅកន្លែងថ្មី គឺរដ្ឋាភិបាលមិនបានរក្សាទុកឱ្យពួកគាត់ទេ។ កន្លែងថ្មី គឺរបៀបនៃការរស់នៅថ្មី ហើយឱ្យគាត់រស់នៅដូចពលរដ្ឋខ្មែរទូទៅ។ អ៊ីចឹងគាត់មិនព្រមចេញទេ សុខចិត្តរស់នៅតំបន់ហ្នឹង ដែលមានភូមិមានវប្បធម៌ពីដូនតារបស់គាត់»។
ក្នុងនាមសង្គមស៊ីវិល លោក ប៊ី វណ្ណី រំពឹងថា រដ្ឋាភិបាលគួរណាស់តែផ្តល់ដីក្នុងតំបន់នេះជូនដល់ប្រជាពលរដ្ឋ ដែលជាជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់អាចបន្តរក្សាប្រពៃណី វប្បធម៌ ដែលពិភពលោកបានទទួលស្គាល់ និងឱ្យតម្លៃ ចំពោះពលរដ្ឋជនជាតិដើមភាគតិចនេះ។
លោកចោទសួរថា៖ «ក្រុមហ៊ុនទទួលដីពីរដ្ឋ ដើម្បីធ្វើសម្បទានតើហេតុអ្វីបានជារដ្ឋមិនអាចផ្តល់ដីទាំងនេះដល់ពលរដ្ឋ ជនជាតិដើមភាគតិចឱ្យគាត់បានរស់នៅក្នុងតំបន់របស់គាត់បាន? យើងមើលឃើញថា អ្វីដែលអាជ្ញាធរ ធ្វើបច្ចុប្បន្ននេះ គឺជាការគំរាមកំហែងលើពលរដ្ឋ ដែលមិនដោះស្រាយតាមសំណូមពររបស់ពលរដ្ឋ»។
ទោះយ៉ាងណាលោក ម៉ែន គុង បញ្ជាក់ថាក្នុងនាមអាជ្ញាធរនឹងព្យាយាមសម្របសម្រួល និងដោះស្រាយជុំវិញវិវាទនេះ ហើយនៅពេលអាជ្ញាធរខេត្ត កំណត់ព្រំដីរបស់ក្រុមហ៊ុនក្នុងតំបន់នេះរួចរាល់នោះដីដែលនៅសេសសល់ នឹងត្រូវធ្វើការចុះបញ្ជីជូនសហគមន៍ជនជាតិដើមភាគតិចព្នងនេះទាំងអស់។
លោកបញ្ជាក់ថា៖ «យើងបានចរចាជាមួយសហគមន៍ជាច្រើនលើកច្រើនសា តាំងពីខែមករាមក ប៉ុន្តែពួកគាត់ទាមទារដល់ទៅជិត ៨ ០០០ ហិកតា រីឯផ្ទៃដីដែលយើងអនុញ្ញាតចុះបញ្ជីជូនពួកគាត់ក្នុងប្រមាណជា ៥៣ គ្រួសារនេះ គឺមានផ្ទៃដីជាង ៩០០ ហិកតាប៉ុណ្ណោះ»៕