រតនគិរី: បណ្ដាញ​សហ​គមន៍​ជនជាតិ​ដើម​ភាគ​តិច​ជាតិ​អន្តរ​ជាតិ​ជាង​ ៤០ ​នាក់​មក​ពី​ប្រទេស​ចំនួន​ ៩​​ បាន​ជួបជុំ​គ្នា​នៅ​រាជ​ធានី​ភ្នំពេញ​ដើម្បី​ពិភាក្សា​និង​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ពី​បញ្ហា​ប្រឈម​រៀង​ៗ​ខ្លួន ​ខណៈ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​ បាន​លើក​យក​បញ្ហា​ការ​រំលោភ​យក​ដី​ធ្លី​និង​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​ក្នុង​កម្ម​វិធី​នេះ​។

លោក យុន ឡូ​រ៉ង់ អ្នក​សម្រប​សម្រួល​នៃ​លេខា​ធិការដ្ឋាន​សម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​បាន​ថ្លែង​ថា កម្ម​វិធី​នេះ ត្រូវ​បាន​​ផ្ដួច​ផ្ដើម​ឡើង​ដោយ​សមាគម​ជន​ជាតិ​ដើម​ភាគ​តិច​ទ្វីប​អាស៊ី (​AIPP) ​ក្នុង​ភាព​ជា​ដៃគូ​ជា​មួយ​សមាគម​ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតន​គិរី​ និង​អង្គ​ការ​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​ (CIPO) ​ដែល​កំពុង​សហការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ ផ្លាស់​ប្តូរ​មតិ​យោបល់​ក្នុង​តំបន់​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ ប្រចាំ​ឆ្នាំ​លើក​ទី​ ៥​។

លោក​បាន​បន្ត​ថា ការ​ជួប​ជុំ​នេះ​ផ្ដោត​លើ​​ប្រធាន​បទ​ «ការ​កសាង​និង​ពង្រឹង​បណ្តាញ​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​អាស៊ី»​ ដែល​ប្រព្រឹត្ត​ទៅ​នៅសណ្ឋាគារ ​Frangipani Living Arts Hotel ចាប់​ពី​ថ្ងៃ​ទី​ ១៦ ​ដល់​ ១៩​ ខែ​ធ្នូ​នេះ។​ ក្នុង​នោះ មាន​មេ​ដឹក​នាំ​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ប្រទេស​ចំនួន​ ៩ នៅ​ទ្វីប​អាស៊ី​បាន​ចូល​រួម​។

លោក​បន្តថា គោល​បំណង​នៃ​ការ​ជួប​ជុំគ្នា​នេះ​គឺ​​ដើម្បី​ចែក​រំលែក​បទ​ពិសោធ​គ្នា​ ជា​ពិសេស​បញ្ហា​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​អាស៊ី​និង​រឿង​រ៉ាវ​ស្តីពី​ចំណេះ​ដឹង​ ការ​ច្នៃ​ប្រឌិត​ និង​ការ​អនុវត្ត​ក្នុង​ជីវភាព​រស់នៅ​ ការ​ផ្សាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​ការ​អភិរក្ស​ជីវ​ចម្រុះ​ក៏​ដូច​ជា​ តួនាទី​របស់​ពួក​គេ​ចំពោះ​បញ្ហា​ប្រឈម​និង​ឱកាស​ក្នុង​ការ​ដឹក​នាំ​នៅ​ក្នុង​ស្ថាប័ន​ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ព្រម​ទាំង​ការ​ធ្វើ​សេចក្តី​សម្រេច​ជា​ដើម​។

លោក​បន្ថែម​ថា នេះ​ជា​ជំនួប​ដែល​មានកា​រ​ចូល​រួម​ពី​​សម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​ជាតិ​និង​អន្តរ​ជាតិ​​ជាង​ ៤០ ​នាក់ មក​ពី​ ៩ ​ប្រទេស ​រួម​មាន ប្រទេស​ កម្ពុជា​ ឡាវ ​ថៃ​ វៀតណាម ​ម៉ាឡេស៊ី ​​មី​យ៉ាន់​ម៉ា បង់​ក្លា​ដែស​ ឥណ្ឌា និង​នេ​ប៉ាល់។

បើ​តាម​លោក​ យុន ឡូ​រ៉ង់ សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​បាន​លើក​យក​បញ្ហា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាត់​បង់​ព្រៃ​ឈើ​ និង​ការ​រំលោភ​យក​ដីធ្លី។ ក្រៅ​ពី​នេះ​ក៏​បាន​លើក​យក​បញ្ហា​សុវត្ថិ​ភាព​របស់​ស្រី្ត​ដែល​រស់​នៅ​ក្នុង​សហគមន៍ ហើយ​ត្រូវ​បាន​គេ​រំលោភ​បំពាន ​និង​ការ​រើសអើង​នៅ​ក្នុង​សង្គម​ក៏​ត្រូវ​បាន​លើក​មក ពិភាក្សា​ផង​ដែរ។

លោក ឡូ​រ៉ង់ បាន​បញ្ជាក់​ថា៖​ «ពួក​គាត់​បាន​ជជែក​គ្នា​ច្រើន​ប្រធាន​បទ ដោយ​ត្រូវ​ចំណាយ​ពេល​ ៤ ថ្ងៃ​ ឯ​ណោះ ប៉ុន្ដែ​ចំពោះ​ជន​ជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​បាន​លើក​បញ្ហា​ប្រឈម​ច្រើន ​ក្នុង​នោះ​មាន​បញ្ហា​រំលោភ​យក​ដីធ្លី​ដោយ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​និង​ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃ​ឈើ។​ ពួក​គាត់​សព្វ​ថ្ងៃ​រស់​នៅ​ពឹង​ផ្អែក​លើ​ដី ​និង​ព្រៃ​ឈើ បើ​គ្មាន​ព្រៃ​ឈើ និង​ដី ពួក​គាត់​គ្មាន​អ្វី​ជា​រំពឹង​ទេ»។

អ្នក​ស្រី កង សៀវ វ័យ​ជាង ៣០ ឆ្នាំ ដែល​ជា​ជនជាតិ​ព្នង​នៅ​ខេត្ត​រតនគិរី​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ដី​លំនៅ​ឋាន​ក្នុង​ភូមិ​កាន់​តែ​ចង្អៀត​ សូម្បី​ដី​សម្រាប់​កប់​សព​និង​ព្រៃ​អារក្ស​សម្រាប់​ប្រពៃណី​ជន​ជាតិ​ក៏​គ្មាន​សេស​សល់​សម្រាប់​​ចុះ​បញ្ជី​ដី​ជា​កម្ម​សិទ្ធិ​សមូហ​ភាព​ដែរ។

អ្នក​ស្រី​ បារម្ភ​ថា ទៅ​ថ្ងៃ​អនាគត​ប្រសិន​បើ​អ្នក​ភូមិ​មិន​បាន​ចុះ​បញ្ជី​ដី​ជា​កម្ម​សិទ្ធិ​សមូហ​ភាព​ទេ ដី​ភាគ​ច្រើន​នឹង​ត្រូវ​បាត់​បង់​បន្ត​ ដោយ​សារ​ការ​លក់​ដូរ​របស់​ពលរដ្ឋ​ក្រីក្រ​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា៖​ «ទំនៀម​ទម្លាប់​ប្រពៃណី​ពី​ដើម​ បាន​បាត់​បង់​អស់​ហើយ​ ខ្ញុំ​គិត​ថា​ អាជ្ញា​ធរ​ដែន​ដី​សុំ​រក​ដី​លំនៅ​ឋាន​ឲ្យ​ពួក​ខ្ញុំ​ផង ព្រោះ​កាន់​តែ​ចង្អៀត​ហើយ​មនុស្ស​ច្រើន»​។

លោក ឌិន ខ​ន្នី មន្ត្រី​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតន​គិរី​ បាន​យល់​ឃើញ​ថា ស្ថានភាព​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតន​គិរី​គឺ​កំពុង​មាន​បញ្ហា​ដូច​ជា ការ​បាត់​បង់​ដីធ្លី​ ការ​បាត់​បង់​ព្រៃ​ឈើ​និង​ការ​រើស​អើង​ក្នុង​សហ​គមន៍​។

លោក​បន្ត​ថា ការ​បាត់​បង់​ដី និង​ព្រៃ​ឈើ​ត្រូវ​បាន​ចោទ​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស​ក្នុង​ជីវភាព​​ប្រចាំ​ថ្ងៃ​របស់​ជន​​ជាតិ​ដើម​ភាគ​តិច ពី​ព្រោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច និង​ក្រុម​ឈ្មួញ​មក​ពី​តំបន់​ផ្សេង​ បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​រាល់​ថ្ងៃ។ តំបន់​ខ្លះ​អាច​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​កន្លែង​ខ្លះ​ទៀត ​ត្រូវ​បង្ខំ​ចិត្ត​រត់​ពី​​ទីតាំង​របស់​ខ្លួន​ព្រោះ​ការ​រំលោភ​ដី​ធ្លី​។

លោក ខន្នី ​បញ្ជាក់​ថា៖ «​យើង​បាន​មើល​ឃើញ​ថា ស្ថាន​ភាព​នៃ​ការ​រស់នៅ​​របស់​គាត់​បាត់បង់​ដីធ្លី ​រង​ការ​តម្រូវ​ឲ្យ​រើ​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ៗ​​ជា​ច្រើន​ជា​ហេតុ​ធ្វើ​ឲ្យ​ឱកាស​សិក្សា​រៀន​សូត្រ​របស់​កូន​ចៅ​ពួក​គាត់​​មាន​កម្រិត​តិច​តួច ហើយ​រយៈ​ពេល​ ១០ ឆ្នាំ​ទៅ​មុខ​ទៀត បើ​គ្មាន​វិធាន​ការ​ជួយ​ពួក​គាត់​ទេ​ ពួក​គាត់​នឹង​ជួប​បញ្ហា​ប្រឈម​កាន់​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត»​៕