ម៉ាឡេស៊ីៈ ៦៨ ​ថ្ងៃ​​បន្ទាប់​ពី​ការ​​ឃុំ​ខ្លួន​ដោយ​អាជ្ញា​ធរ​កម្ពុជា​ ជន​ជាតិ​ម៉ាឡេ​ស៊ី​​ទាំង ​៤៧ ​នាក់​​​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​កាល​ពី​ម្សិល​មិញ​​ ដោយ​សារ​​ការ​ចរចា​ជោគ​ជ័យ​រវាង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​និង​មន្រ្តី​ជាន់​ខ្ពស់​ម៉ាឡេស៊ី។

​ក្នុង​ក្រុម​ជន​ជាតិ​ម៉ាឡេ​ស៊ី​ទាំង​នេះ​ មាន​បុរស​ម្នាក់​ដែល​កំពុង​ព្យា​បាល​​ក្រួស​ក្នុង​ថង់​ប្រមាត់​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កម្ពុជា។

​សមា​ជិក​សភា​រដ្ឋ ​Sarawak ​លោក ​Larry Sng ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​​ថា ​អ្នក​ជាប់​ឃុំ​ ៤ ​នាក់​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​នោះ​​​​​​ត្រូវ​បាន​ដឹក​ទៅ​ទីក្រុង​គូឡា​ឡាំ​ពួ ​ខណៈ​ ៤៣ ​នាក់​​ដទៃ​ទៀត​ត្រូវ​បាន​ដឹក​ទៅ​ទីក្រុង​ Kuching ក្នុង​រដ្ឋ Sarawak។

​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Air Asia​ បាន​សន្យា​ថា​នឹង​បញ្ជូន​​​ជន​ជាតិ​ម៉ាឡេ​ស៊ី​ទាំង​ ៤៧ ​នាក់​នេះ​ទៅ​ប្រទេស​ ម៉ាឡេ​ស៊ី ​វិញ​ ប៉ុន្តែ​​អ្នក​ទាំង​ ៤៧ ​នាក់​នេះ​មិន​អាច​ត្រឡប់​ទៅ​​ស្រុក​បាន​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​សារ​បញ្ហា​​ឯក​សារ ​​និង​ការ​ខ្វះ​កៅអី។

​ជា​លទ្ធ​ផល​ រដ្ឋា​ភិបាល​ Sarawak ​ត្រូវ​​ចេញ​ប្រាក់​យ៉ាង​ហោច​ណាស់​មួយ​ផ្នែក​នៃ​​ថ្លៃ​យន្ត​ហោះ​ ដោយ​ត្រូវ​ជួល​ជើង​ហោះ​ហើរ​ទី​ ២ ​ទៅ​ទី​ក្រុង​​ Kunming​។​ ​រដ្ឋ​មន្រ្តី​ការ​បរ​​ទេស ​ម៉ា​ឡេ​ស៊ី ​លោក ​Saifuddin Abdullah ​បាន​ប្រាប់​អ្នក​កាសែត​​ថា ​ការិ​យា​ល័យ​​របស់​លោក​បាន​ចេញ​ឯក​សារ​​បន្ទាន់​​ដោយ​សារ​​​អ្នក​ជាប់​ឃុំ​មួយ​​​ចំនួន​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​នោះ​មិន​មាន​ «​លិខិត​ឆ្លងដែន​ដោយ​សារ​បាត់​ឬ​ត្រូវ​គេ​យក​​ដោយ​មនុស្ស​មួយ​ចំនួន»។​

​ជន​ជាតិ​ម៉ាឡេ​ស៊ី​​ទាំង ​៤៧ ​នាក់​នេះ​ត្រូវ​បាន​​​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ចុះ​​បង្ក្រាប​​ ២ ​ផ្សេង​គ្នា​​នៅ​ក្នុង​ទីក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ថ្ងៃ​ទី​ ១១​ ខែ​ធ្នូ​ ​កាល​ពី​ឆ្នាំមុន​​ពី​បទ​សង្ស័យ​ថា​បាន​ប្រតិ​បត្តិការ​​​ល្បែង​ស៊ី​សង​តាម​អន​ឡាញ​ និង​ការ​ជំរិត​​ប្រាក់​តាម​អ៊ីនធឺណិត (VoIP)។

​​អ្នក​ជាប់​ឃុំ​ ៤៤ ​​នាក់​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​នោះ​​មាន​ស្រុក​កំណើត​មក​ពី​រដ្ឋ​ Sarawak ​ក្នុង​ប្រទេស ​ម៉ាឡេ​ស៊ី ​​ដែល​នេះ​ជា​ការ​បង្ហាញ​ថា​ ប្រជា​ពល​រដ្ឋ​ក្នុង​រដ្ឋ​ Sarawak ​ត្រូវ​បាន​តម្រង់​ទិស​ដៅ​​ដោយ​ជន​ខិល​ខូច​​។ ​នេះ​បើ​យោង​តាម​លោក Sng។

ពួក​គេ​ត្រូវ​បានគេ​ផ្តល់​ឲ្យ​នូវ​ប្រាក់​ខែ ​១ ៥០០​ ដុល្លារ​​ដើម្បី​​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​​មួយ​​​​នៅ​ក្នុង​វិស័យ​បដិ​សណ្ឋា​រកិច្ច​និង​​វិស័យ​អេឡិច​ត្រូនិក​។ ​ជន​ជាតិ​ចិន​ ៨ ​នាក់​​បន្ថែម​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ក្នុង​ការ​​ចុះ​បង្ក្រាប​ជា​មួយ​គ្នា​នោះ​​ ប៉ុន្តែ​ត្រូវ​បាន​​ដោះ​លែង​វិញ​បន្ទាប់​ពី​អាជ្ញា​ធរ​កម្ពុជា​​សន្និ​ដ្ឋាន​​ថា​ ​ពួក​គេ​គ្រាន់​តែ​ជា​ចុង​ភៅ​សម្រាប់​ក្រុម​ទាំង​នោះ។

ការដោះ​លែង​ពួក​គេ​ភ្លាម​ៗ​​បន្ទាប់​ពី​ការ​សាក​សួរ​​បាន​លើ​​ក​ឡើង​នូវ​ការ​ចោទ​ប្រកាន់​ថា ​ជន​ជាតិ​ចិន​​ខ្លួន​ឯង​ទាំង​នោះ​​គឺ​ ជា​​មេ​ខ្លោង​​នៃ​ប្រតិ​បត្តិ​ការ​នោះ។​ គណៈ​ប្រតិភូ​ម៉ាឡេ​ស៊ី​​ដែល​​ដឹកនាំ​ដោយ​លោក​ស្រី ​Fatimah Abdullah​ រដ្ឋ​មន្រ្តី​ក្រសួង​អភិ​វឌ្ឍ​ន៍សុខុ​មាល​ភាព​សង្គម​ ​ស្រ្តី ​គ្រួសារ​ ​និង​កុមារ​ភាព​ ​របស់​រដ្ឋ ​Sarawak ​និង​សមា​ជិក​រដ្ឋ​​សភា​រដ្ឋ Sarawak ​សម្រាប់​មណ្ឌល ​​Santubong ​រដ្ឋ​ Sarawak លោក​ Wan Junaidi Tuanku Jaafar និង​​មន្រ្តី​ស្ថាន​ទូត​​ម៉ា​ឡេស៊ី​​​រួម​​មាន​ ភារធារី​​​បណ្តោះ​អាសន្ន​ លោក Ruzaimi​ Mohamad ​បាន​ធ្វើ​ដំ​ណើរ​ទៅ​កន្លែង​នៃ​ការ​ចុះ​បង្ក្រាប​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​​សម្រាប់​បេស​ក​កម្ម​ស្វែង​រក​ការ​ពិត។

​គណៈ​ប្រតិភូ​​បាន​​​សន្និ​ដ្ឋាន​ថា ​​ជន​ជាតិ​ម៉ាឡេ​ស៊ី​ទាំង​ ៤៧ ​នាក់​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ពួក​គេ​​នៅ​ក្នុង​ផ្ទះ​ទាំង ​២ នោះ ​​ដែល​​ស្ថិត​នៅ​ក្រោម​ការ​យាម​កាម។ ផ្ទះ​ទាំង​ ២ នេះ​​ ​​នៅ​ដាច់​ដោយ​ឡែក​ពី​​គ្នា​​​មិន​ដល់​​ ១ គីឡូម៉ែត្រ​​​​នៃ​ផ្លូវ​ដី​​នៅ​ជាយ​ក្រុង​ប៉ោយ​ប៉ែត​​និង​មាន​បង្អួច​ហ៊ុម​ដោយ​ដែក ​និង​​​អង់​តែន​ផ្កាយ​រណប ​ដែល​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស។

ផ្ទះ​មួយ​ក្នុង​ចំណោម​​​ផ្ទះ​​ទាំង​ ២ នេះ​​ត្រូវ​បាន​ព័ទ្ធ​ដោយ​របង​ ​ដោយ​បាំង​មិន​អាច​មើល​ឃើញ​សកម្ម​ភាព​​របស់​អ្នក​នៅ​ខាង​ក្នុង​​។ ​មន្រ្តី​នគរបាល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​ ​ការ​រចនា​​ចម្លែក​នៃ​ផ្ទះ​នេះ​បាន​ធ្វើ​ឲ្យ​អាជ្ញា​ធរ​មាន​ការ​សង្ស័យ​ ​ហើយ​បាន​ចុះ​បង្ក្រាប​ភ្លាម​ៗ​​ ខណៈ​​លោក Mohd Azra មន្រ្តី​ពិសេស​​របស់​លោក Nurul Izzah Anwar (សមាជិក​សភា​សម្រាប់​មណ្ឌល Permatang Pauh ក្នុង​រដ្ឋ​ Penang) បាន​និយាយ​ថា ​មេ​ខ្លោង​នៃ​ប្រតិបត្តិការ​ខុស​ច្បាប់​នេះ​​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញា​ធរ​​​មូល​ដ្ឋាន​ចុះ​​បង្ក្រាប​​ទីតាំង​នេះ។

លោក Azra ​បាន​ថ្លែង​ថា​៖ «​​មាន​ការឡូឡា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ផ្ទះ​ដែលពួក​គេ​​ស្នាក់​នៅ​។ ​១​ ថ្ងៃ ​២ ថ្ងៃ​​ក្រោយ​មក​ ​នគរបាល​​បាន​មក​ចាប់​ខ្លួន​ពួកគេ​រួម​ទាំង​ជន​ជាតិ​ចិន»៕

Husain Haider