ភ្នំពេញៈ តុលាការក្រុងភ្នំពេញផ្ដន្ទាទោសអ្នកផលិតខ្សែភាពយន្តជនជាតិអូស្ត្រាលី James Ricketson ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ពីបទ «ប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ»។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោសលោក James Ricketson អាយុ ៦៩ ឆ្នាំ ជាអ្នកផលិតខ្សែភាពយន្តជនជាតិអូស្ត្រាលី ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ ពីបទ «ប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា ៤៣៩ និង ៤៤៦ នៃក្រមព្រហ្មទណ្ឌ។
លោក សេង លាង ប្រធានចៅក្រមជំនុំជម្រះបានថ្លែងពេលប្រកាសសាលក្រមថា៖ «ក្រោយពីបានពិនិត្យត្រឹមត្រូវតាមច្បាប់ហើយ ហេតុដូច្នេះ សម្រេចផ្តន្ទាទោសជនជាប់ចោទ James Ricketson ដាក់ពន្ធនាគារ ៦ឆ្នាំ ពីបទ ប្រមូលព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា ៤៣៩ និង ៤៤៦ ប្រព្រឹត្តចាប់ពីខែធ្នូ ឆ្នាំ ២០១០ ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៧។
ការប្រកាសសាលក្រមនេះធ្វើឡើងក្រោយពេលតុលាការបានជំនុំជម្រះសួរដេញដោលភាគីពាក់ព័ន្ធអស់រយៈពេល ៧ ថ្ងៃជាបន្តបន្ទាប់ ហើយត្រូវបានបញ្ចប់កាលពីថ្ងៃពុធកន្លងទៅនេះ។
នៅក្នុងការសួរដេញដោលកាលពីកន្លងមក លោក Ricketson បានបដិសេធការចោទប្រកាន់របស់ព្រះរាជអាជ្ញា សៀង សុខ ដែលបានចោទលោកថា លោកបានយកការងារមនុស្សធម៌ជួយជនក្រីក្រកម្ពុជាដើម្បីបិទបាំងសកម្មភាពចារកម្មរបស់លោក។
ប៉ុន្តែលោក Ricketson ថ្លែងថា លោកគ្រាន់តែជាអ្នកផលិតខ្សែភាពយន្ត និងជាអ្នកកាសែតប៉ុណ្ណោះ មិនបានប្រមូលព័ត៌មានចារកម្មអ្វីឡើយ។
លោក គង់ សំអុន មេធាវីរបស់លោក Ricketson ស្នើកាលពីថ្ងៃពុធទៅកាន់ក្រុមប្រឹក្សាជំនុំជម្រះឲ្យទម្លាក់បទចោទពីកូនក្តីលោក ហើយដោះលែងកូនក្តីឲ្យមានសេរីភាពវីញ។
ថ្លែងក្រោយពេលប្រកាសសាលក្រមភ្លាមៗ លោក Ricketson បានប្រតិកម្មនឹងសាលក្រមនេះ ដោយលោកថ្លែង «តើខ្ញុំធ្វើចារកម្មឲ្យប្រទេសណា? វាមិនគួរឱ្យជឿទាល់តែសោះ»។ បន្ទាប់មកលោកត្រូវបានឆ្មាំពន្ធនាគារដឹកចេញទៅពន្ធនាគារវិញយ៉ាងប្រញាប់ប្រញាល់។
លោក គង់ សំអុន បានថ្លែងក្រោយប្រកាសសាលក្រមថា ការចោទប្រកាន់កូនក្តីលោកធ្វើឡើងដោយផ្អែកលើភស្តុតាងតិចតួចបំផុត។
លោកថ្លែងថា៖ «ក្រោយពេលជំនុំជម្រះ៧ ថ្ងៃមកនេះយើងឃើញថា មានភស្តុតាងតិចតួចមែនទែន សម្រាប់ដាក់បន្ទុកលើលោក James ដែលថាលោក James ជាភ្នាក់ងារសម្ងាត់ ឬជាអ្នកស៊ើបការណ៍ដែលធ្វើឲ្យប៉ះពាល់ដល់ការការពារជាតិ ឬជាចារកម្មឬកិច្ចការអ្វីមួយដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងបន្តថា លោកនឹងស្នើសុំទៅរដ្ឋាភិបាលក្នុងការស្នើសុំការលើលែងទោសពីព្រះមហាក្សត្រ ហើយលទ្ធភាពមួយទៀតគឺប្ដឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់។
លោកថ្លែងថា៖ «ខ្ញុំនឹងជួបកូនក្តីដើម្បីបញ្ជាក់ពីជំហររបស់គាត់។ យើងនឹងស្នើទៅស្ថានទូតអូស្ត្រាលីឲ្យជួយគាំទ្រសំណើរបស់យើង»។
លោក Jesse Ricketson ដែលត្រូវជាកូនប្រុសរបស់លោក Ricketson បានថ្លែងនៅមុខតុលាការថា ការសម្រេចរបស់តុលាការគឺជារឿងគួរឲ្យតក់ស្លុត និងគួរខូចចិត្តបំផុត។ លោកសង្ឃឹមថានឹងមានចិត្តសប្បុរសធម៌ដល់ឪពុករបស់លោក។
លោកនិយាយថា៖ «យើងសង្ឃឹមថា រឿងល្អៗនឹងកើនឡើងឆាប់ៗនេះ»។
លោក Ricketson ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ មួយថ្ងៃក្រោយពេលលោកបានទៅថតយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅក្បែរស្ពានជ្រោយចង្វារ កាលពីថ្ងៃទី២ ខែមិថុនា។ ប៉ុន្តែការចាប់ខ្លួនធ្វើឡើងនៅមាត់ទន្លេ ក្បែរព្រះបរមរាជវាំង៕