ភ្នំពេញៈ សាលាឧទ្ធរណ៍ពីម្សិលមិញបានប្រកាសសាលដីកាបន្ថយទោសដល់ជនជាប់ចោទ ២ នាក់ ដែលប្តឹងទាស់មកសាលាឧទ្ធរណ៍ក្នុងចំណោម ៤ នាក់ពីជាប់ពន្ធនាគារ ១០ ឆ្នាំ មកនៅត្រឹម ៨ ឆ្នាំម្នាក់វិញ ពាក់ព័ន្ធបទប្លន់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌដង្កោ កាលពីឆ្នាំ ២០១០។
នៅក្នុងបន្ទប់សវនាការពីម្សិលមិញ លោកចៅក្រម យន់ ណារ៉ុង បានអានសាលដីកា ចំពោះមុខជនជាប់ចោទទាំង ២ នាក់ថា សំណុំរឿងនេះមានជនជាប់ចោទឈ្មោះ ខាំ ថុន ភេទប្រុសអាយុ ៥៦ ឆ្នាំ និងឈ្មោះ ស៊ុន វណ្ណា ៥២ ឆ្នាំ ដែលក្រោយពីជំនុំជម្រះ កាលពីថ្ងៃទី ២០ ធ្នូ ឆ្នាំ២០១៨ មក ក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថា កាលពីពេលជំនុំជម្រះជនជាប់ចោទទាំង ២ នាក់បានសារភាពពីកំហុសរបស់ខ្លួននិងបានសុំបន្ថយទោសផង។
លោកបានថ្លែងថា៖ «ដោយយោងទៅលើការសារភាពរបស់ជនជាប់ចោទទាំង ២ នាក់ និងដោយផ្អែកលើអង្គហេតុគឺជនជាប់ចោទនៅពេលធ្វើសកម្មភាពប្លន់ មិនបានធ្វើទារុណកម្មអ្វី ទៅលើជនរងគ្រោះទេ។ ដូច្នេះតុលាការឧទ្ធរណ៍សម្រេចបន្ថយទោសដល់ជនជាប់ចោទទាំង ២ នាក់ពីជាប់ពន្ធនាគារ ១០ ឆ្នាំ មកនៅ ៨ ឆ្នាំវិញ និងបន្តឃុំខ្លួនជនជាប់ចោទបន្តទៀត»។
គួររំឭកថា កាលពីថ្ងៃបើកសវនាការ នៅសាលាឧទ្ធរណ៍ជនជាប់ចោទ ខាំ ថុន បានឆ្លើយប្រាប់ចៅក្រមថា ពេលនោះ គាត់ត្រូវគេឲ្យកាន់កាំភ្លើងអាកាឈរយាមនៅក្រោមផ្ទះ ប៉ុន្តែគាត់មិនចេះបាញ់កាំភ្លើងទេ ឯឈ្មោះស៊ុន វណ្ណា បានឡើងទៅលើផ្ទះជាមួយឡេង ប៊ុនថង និងឈ្មោះជា សុខណាក់។
រីឯឈ្មោះស៊ុន វណ្ណាបានឆ្លើយប្រាប់ចៅក្រមដែរថា ក្នុងពេលធ្វើសកម្មភាពប្លន់នោះ ក្រុមគាត់ បានចាប់កូនម្ចាស់ផ្ទះ ២ នាក់ និងម្តាយ ឪពុកចងហើយដើរឆែករកទ្រព្យសម្បត្តិ។
ជនជាប់ចោទទាំង ២នាក់បានសារភាពថា៖ «ពួកខ្ញុំមិនដឹងថា បក្ខពួកខ្ញុំប្លន់បានលុយចំនួនប៉ុន្មាននោះទេ តែគេឲ្យពួកខ្ញុំ ម្នាក់តែ ៥០ ម៉ឺនរៀលប៉ុណ្ណោះ។ ពេលនេះពួកខ្ញុំដឹងខុសហើយ សូមតុលាការជួយបន្ថយទោសដល់ពួកខ្ញុំផង»។
សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកំបាំងមុខ ជនជាប់ចោទ (ខាំ ថុន និងឈ្មោះស៊ុន វណ្ណា និងប្រកាសសាលក្រមអំឡុងដើមឆ្នាំ ២០១២ ដោយផ្តន្ទាទោសជនជាប់ចោទទាំង ៤ នាក់ក្នុងម្នាក់ៗឲ្យជាប់គុក ១០ ឆ្នាំ ចោទពីបទលួចមានស្ថានទម្ងន់ទោសតាមមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែកជនជាប់ចោទ ស៊ុន វណ្ណា និងខាំ ថុន ក្រោយពីគេចខ្លួនបាន ៧ឆ្នាំ គឺនៅឆ្នាំ ២០១៧ ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមដីកា និងចាប់ខ្លួនបាន ហើយបានបញ្ជូនខ្លួនពួកគេទាំង ២ នាក់ទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ មកដល់ពេលនេះពួកគេជាប់ពន្ធនាគារបានប្រមាណ ២ ឆ្នាំហើយ៕