ភ្នំពេញៈ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាពីម្សិលមិញ សម្រេចបន្ថយទោស ពី ៥ ឆ្នាំមកនៅត្រឹមជាប់ពន្ធនាគារ ២ ឆ្នាំវិញពាក់ព័ន្ធនឹងការប៉ុនប៉ងរំលោភសេពសន្ថវៈ មកជាបទប្រទូសកេរខ្មាសវិញ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១០ កក្កដា ដែលប្រព្រឹត្តនៅ ភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល កាលពីឆ្នាំ ២០១៨។
នៅក្នុងបន្ទប់សវនាការខណៈមានវត្តមានរបស់ជនជាប់ចោទនោះ លោកចៅក្រម យន់ ណារ៉ុង បានអានសាលដីកា នៅចំពោះមុខជនជាប់ចោទថា សំណុំរឿងនេះមានជនជាប់ចោទឈ្មោះ ឡេង គឹមលាង អាយុ ២៩ ឆ្នាំ។ ក្រោយពីបានស្តាប់ការឆ្លើយបំភ្លឺរបស់ជនជាប់ចោទនិងក្រោយពីស្តាប់សេចក្តីសន្និដ្ឋាន របស់មេធាវី ការពារសិទ្ធិឲ្យជនជាប់ចោទនិងក្រោយពីស្តាប់សេចក្តីសន្និដ្ឋានរបស់តំណាងមហាអយ្យការមក ក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថា ពាក់ព័ន្ធនឹងបទល្មើសនេះ បើតាមអង្គហេតុបានបង្ហាញថា ជនជាប់ចោទមិនបានប្រព្រឹត្តបទល្មើសចាប់នារីរងគ្រោះរំលោភសេពសន្ថវៈទេ ដោយគ្រាន់តែស្ទាបអង្អែលប៉ុណ្ណោះ។
លោកចៅក្រម អានបន្តថា ដូច្នោះសាលាឧទ្ធរណ៍ សម្រេចបដិសេធសាលក្រមរបស់សាលាដំបូងខេត្តកណ្តាលចោល និងប្តូរបទចោទពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ មកជាបទប្រទូសកេរខ្មាសវិញ។
លោកចៅក្រម ពន្យល់ជនជាប់ចោទថា៖ «បានជាសាលាឧទ្ធរណ៍ប្តូរបទចោទព្រោះថា នៅថ្ងៃកើតហេតុជនជាប់ចោទគ្រាន់តែបានចាប់ស្រ្តីរងគ្រោះ ព្រោះនាងមិនព្រមស្រឡាញ់ ហើយដែលតុលាការខេត្តកណ្តាលផ្តន្ទាទោសជាប់ពន្ធនាគារ ៥ ឆ្នាំនោះ សាលាឧទ្ធរណ៍កែប្រែមកជាប់ពន្ធនាគារ ២ ឆ្នាំវិញ»។
តាមកំណត់ហេតុតុលាការបង្ហាញថា ជនជាប់ចោទឈ្មោះឡេង គឹមលាងបានស្គាល់ និងរាប់អានជាមួយនារីរងគ្រោះឈ្មោះ ភ.ម.ល.ន អាយុ ២៥ ឆ្នាំ ហើយនៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ឈ្មោះ ឡេង គឹមលាង បានឌុបនារីរងគ្រោះ ដោយម៉ូតូពីឃុំស្វាយប្រទាលក្នុងស្រុកស្អាងមកកាន់បន្ទប់ជួលរបស់ជនរងគ្រោះស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ពេលដល់បន្ទប់ជួល នារីរងគ្រោះ បានចេញពីបន្ទប់ ទៅរកទិញមី ២ កញ្ចប់ ដើម្បីឆុងហូបជាមួយជនជាប់ចោទ។
កំណត់ហេតុបន្តថាពេលពួកគេកំពុងហូបមីក្នុងបន្ទប់តែ ២ នាក់នោះ ជនជាប់ចោទបាននិយាយលួងលោមសុំស្រឡាញ់នារីរងគ្រោះ។ ប៉ុន្តែនារីរងគ្រោះមិនព្រមស្រឡាញ់។ ពេលនោះនារីរងគ្រោះបានដេញឲ្យជនជាប់ចោទទៅផ្ទះវិញ តែជនជាប់ចោទបែរជាចូលបន្ទប់ទឹក ដើម្បីងូតទឹកហើយពេលចេញមកវិញជន ជាប់ចោទស្លៀកតែខោលីអូរទេនិងដើរមកដាក់គន្លឹះទ្វារបន្ទប់។
កំណត់ហេតុបន្តទៀតថាភ្លាមនោះជនជាប់ចោទ ឈ្មោះ ឡេង គឹមលាង បានយកដៃខ្ទប់មាត់នារីរងគ្រោះហើយក៏បានប្រតាយប្រតប់គ្នាលើឥដ្ឋការ៉ូ។ ប៉ុន្តែដោយសារនាងខំរើបម្រះមិនឈ្នះទើបជនរងគ្រោះព្រមប្រគល់ខ្លួនឲ្យឈ្មោះ ឡេង គឹមលាង។ ខណៈជនជាប់ចោទស្ទាបអង្អែលហាក់ភ្លេចខ្លួននោះនារីរងគ្រោះបានច្រានឈ្មោះ ឡេង គឹមលាង ចេញហើយស្ទុះទៅបើកគន្លឹះទ្វាររត់សំដៅទៅកន្លែងយាមរបស់សន្តិសុខនៅរោងចក្រកាត់ដេរមួយឲ្យជួយខ្លួន។
បន្ទាប់មកខាងសន្តិសុខរោងចក្រកាត់ដេរ បានរាយការណ៍ទៅនគរបាល ពេលនោះក៏ចុះដល់កន្លែងកើតហេតុ និងចាប់ជនជាប់ចោទ ឈ្មោះ ឡេង គឹមលាង ទៅប៉ុស្តិ៍រដ្ឋបាល ឃុំសិត្បូ តែម្តង។
សំណុំរឿងនេះ ត្រូវបានសាលាដំបូងខេត្តកណ្តាល ប្រកាសសាលក្រមនៅខែ ឧសភា ឆ្នាំ ២០១៩ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ៥ឆ្នាំចោទពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ៕