ភ្នំពេញៈ ជន​ជាប់​ចោទ​ម្នាក់​ដែល​ប្តឹង​សារ​ទុក្ខ ​ខណៈ​៣​នាក់​ទៀត​មិន​ប្ដឹង​នោះ បាន​បដិ​សេធ​បទ​ល្មើស​២​ក្នុង​សវ​នា​ការ​តុលា​ការ​កំពូល​នៅ​ថ្ងៃ​ទី​២៥​ខែ​មេសា​នេះ តែ​ព្រម​ទទួល​យក​បទ​ចោទ​១​ ពាក់​ព័ន្ធ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​​ប្រ​ព្រឹត្ត​កាល​ពី​ឆ្នាំ​២០​១​៥​​ ដែល​បទ​ល្មើស​ទាំង​៣​នេះ​​ត្រូវ​តុលា​ការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ដាក់​គុក​៧ឆ្នាំ​។​

តាម​អង្គហេតុ​​បាន​បង្ហាញ​ថា​​ជន​ជាប់​ចោ​​ទ​ឈ្មោះ ​​ប៉េង​ វុត្ថា​​ ហៅ​វុធ​​​ អាយុ​៣​២​ឆ្នាំ​ និង​បក្ខ​ពួក​ឈ្មោះ​សាំង​ ​រ៉ា​វី​ អាយុ​២២​ឆ្នាំ​ ​,​ឈ្មោះ​​ សុ​ខ​ មេត្ដា​ អាយុ​៣៣​ឆ្នាំ​ និ​ង​​ឈ្មោះ ​​ជា​ សុខ​ផា​និ​ត​ អាយុ១​៩​ឆ្នាំ​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​​ចាប់​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១​៤​​ ខែ​ឧសភា​ឆ្នាំ​​២​០​១​៦​ គឺបាន​បង្កបទ​ល្មើស​ប្ល​ន់ភ្ជ​ង់​កាំ​ភ្លើង​យក​ម៉ូតូ​ពី​អ្នក​ដំណើរ​បាន​សម្រេច​១​គ្រឿង​ហើយ​បន្ទាប់​មក​បាន​ចូល​ក្នុង​កុដិ​ព្រះសង្ឃ​នៅ​វត្ត​​អង្គតា​មិញ​លួច​បាន​កុំព្យួរ​ទ័​រ​១​គ្រឿង​និង​ចុង​ក្រោយ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ខណៈ​កំពុង​ជុំគ្នា​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហើយ​សមត្ថ​កិច្ច​បាន​រក​ឃើញ​កាំ​ភ្លើង​ប្រ​ភេទ ​K54​ ចំនួន​១​ដើម​ផង​។

សំណុំ​រឿង​នេះ​ត្រូវ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​បើក​សវនា​ការ​និង​ប្រ​កាស​​សាល​ក្រម​នៅ​ថ្ងៃ​ទី​២៦​ខែកុ​ម្ភៈ​ឆ្នាំ​២០១៦​​ ដោយ​សម្រេច​ផ្តន្ទា​ទោស​​ជន​ជាប់​ចោទ​ទាំង​៤​នាក់​​ដាក់​គុក​ម្នាក់​ៗ​៧​ឆ្នាំ​ចោទ​បទ​«​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ប្រើ​ហិង្សា​​កាន់​កាប់​អាវុធ​ខុស​ច្បាប់​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​»តាម​បញ្ញត្តិ​មាត្រា​៣៥៣​ និង​៣​៥​៧​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។​

ជន​ជាប់​ចោទ​បាន​ឆ្លើ​យ​ប្រាប់​ចៅ​ក្រម​ក្នុង​សវនា​ការ​ពី​ម្សិល​មិញ​ថា​៖​«​ខ្ញុំ​ត្រូវ​តុលា​ការ​ចោទ​៣​បទ​ល្មើស​ ប៉ុន្តែ​ខ្ញុំ​ទទួល​យក​តែ​បទ​ល្មើស​កាន់​កាប់​អាវុធ​ខុស​ច្បាប់​ទេ​ ហើយ​ក្រៅ​ពី​នេះ​ខ្ញុំ​មិន​ដែល​ទៅ​ចូល​រួម​ជា​មួយ​មនុស្ស​៣​នាក់​ទៀត​ទេ​ និង​ខ្ញុំសូម​តុលា​ការ​ជួយ​បន្ថយ​ទោស​ដល់​ខ្ញុំ​ផង​»​។

ទោះ​យ៉ាង​ណា​ លោក​ចៅ​ក្រម​ ឃឹម​ ប៉ុណ្ណ​​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​ឆ្លើ​យ​ទៅ​ជន​ជាប់​ចោទ​ថា​៖​«​នៅ​ឯ​នគរ​បាល​យុត្តិ​ធម៌​លោក​បាន​សារ​ភាព​ក្នុង​ការ​ចូល​រួម​ប្រព្រឹត្ត​បទ​ល្មើស​ហើយ​ហេតុអ្វី​បាន​ជា​លោក​មិន​បដិ​សេធ​ខុសពី​នៅ​នគរ​បាល​ហើយ​ហេតុ​អ្វី​លោក​ផ្តិត​មេ​ដៃ​លើកំណត់​ហេតុ​សួរ​ចម្លើយ​ធ្វើអី​? ​»​។​

លោក​ព្រះ​រាជ​អាជ្ញា​ ចាន់​ តារា​រស្មី​ តំណាង​មហា​អយ្យ​ការ​សន្និ​ដ្ឋាន​ថា​៖​«​រឿង​នេះ​បើ​តាម​អង្គ​ហេតុ​និង​ភ័ស្តុ​តាង​បង្ហាញ​ថា ​ជន​ជាប់ចោទ​និង​បក្ខ​ពួក​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ពិត​មែន​​។​ដូច្នេះ​ការ​ចោទ​ប្រ​កាន់​របស់​តុលា​ការ​ថ្នាក់​ក្រោម​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ហើយ​។​​ខ្ញុំ​សូម​តម្កល់​សាល​ដីកា​ទុក​ជា​បាន​ការ​ដដែល​»​។​

លោក​​ ឡោ​ គីម​ហ្គិច ​មេ​ធាវី​ចាត់​តាំង​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​សន្និ​ដ្ឋាន​ថា ​តុលា​ការ​ថ្នាក់​ក្រោម​បាន​ចោទ​កូន​ក្តី​លោក​ក្នុង​៣​បទ​ល្មើស​។​ ប៉ុន្តែ​គាត់​បាន​ទទួល​យក​តែ​១​បទ​ល្មើស​ទេ​ហើយ​បទ​ល្មើស​២​ទៀត​សមត្ថ​កិច្ច​មិន​បាន​ចាប់​កូន​ក្តី​លោក​ជាក់​ស្តែង​ទេ​។

លោក​ថ្លែ​ង​ថា​៖​«​ដើម្បី​រក​ភាព​ត្រឹមត្រូវ​យុត្តិ​ធម៌​សូម​តុលា​ការ​កំពូល​មេត្តា​ប​ង្វិល​សំណុំ​រឿង​នេះ​ទៅ​សាលា​ឧ​ទ្ធរណ៍​ជម្រះ​ឡើង​វិញ​»​។​ ក្រោយ​ជំនុំ​ជម្រះ​លោក​ចៅក្រម ​ឃឹម ​ប៉ុណ្ណ​​ ប្រធាន​ក្រុម​ប្រឹក្សា​ជំ​នុំជម្រះ​ថ្លែង​ថា​ សាល​ដីកា​រឿង​នេះ​ប្រ​កាស​នៅ​ថ្ងៃ​ទី​៣០ ​ខែមេសា​ ខាងមុខ​៕​