ភ្នំពេញៈ ជន​ជាប់​ចោទ​ម្នាក់​កាល​ពី​ម្សិល​មិញ​បាន​សុំ​ឲ្យសាលា​ឧ​ទ្ធរណ៍​បន្ថយ​ទោស​ជា​លើក​ទី​២​ បន្ទាប់​ពី​ត្រូវ​តុលា​ការ​​កំពូល​បង្វិល​សំណុំ​រឿង​ឲ្យ​​ឧទ្ធរណ៍​ជម្រះ​ឡើង​វិញ​ ដើម្បី​កំណត់​ពី​ទណ្ឌ​កម្ម​ទោស​ឲ្យ​បាន​ច្បាស់​ពាក់​ព័ន្ធ​​គ្រឿង​ញៀន​មេ​តំ​ហ្វេតា​មីន ​ជាង​ ៣០០​ ក្រាម ​ ខណៈ​សំណុំរឿងនេះត្រូវ​តុលា​ការ​ថ្នាក់​ក្រោម​ដាក់​ទោស​​ ១៧​ ឆ្នាំ​។

ជន​ជាប់ចោ​ទ​ឈ្មោះ ​ថា​ លី​ហាវ ​អាយុ ២​៨ ​ឆ្នាំ​ បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ក្នុង​បន្ទប់​សវនា​ការកាល​ពីម្សិល​មិញ​ថា​ កាល​ពី​ថ្ងៃ​ទី ​១១ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៦​ គាត់​បាន​ធ្វើ​ដំណើរ​ក្នុង​ភូមិ​គី​ឡូ​ ៨ សង្កាត់​សាម​គ្គី ​ក្រុង​ខេត្ត​ស្ទឹង​ត្រែង ​ខណៈ​នោះ​ស្រាប់​តែ​មាន​រថ​យន្ត​ឡិច​ស៊ីស​ ១ ​គ្រឿង​ បើក​មក​ក្បែរ​គាត់ ​ហើយ​មាន​បុរស​ ២​ នាក់​ ចុះ​ពី​លើ​រថ​យន្ត​​មក​ទះ​​កំផ្លៀង​គាត់​ចំនួន​ ២ ​ដៃ​និង​ហុច​ថង់​ខ្មៅ​ ១ ​បង្ខំ​ឲ្យ​គាត់​កាន់​​ ហើយ​ក៏​មាន​មនុស្ស​ម្នាក់​ថត​រូប​របស់​គាត់​ផង​ដែរ​ ។​

ជន​ជាប់​ចោទ​​បន្ត​ថា​ បន្ទាប់​មក​គាត់​ត្រូវ​បាន​កម្លាំង​​អាវុធ​ហត្ថ​ចាប់​ខ្លួន​ដោយ​​ឆែក​ក្នុង​​ថង់​ដែល​គេ​ឲ្យ​គាត់​កាន់​នោះ​ឃើញ​មាន​ម្សៅ​​គ្រឿង​ញៀន​​ ហើយ​សមត្ថ​កិច្ច​​បាន​យក​ទៅ​​ថ្លឹង​មាន​ទម្ងន់​​ ៣​​២៦​,​៥​ ក្រាម​ ជា​ប្រភេទ​​មេ​តំ​ហ្វេ​តា​មីន​ ។​ ក្នុង​នោះ​​មាន​កម្រិត​ធាតុ​សុទ្ធ​​ទម្ងន់​​ ១១៤,​៣​៤​ ក្រាម​ ។​ ​

ជន​ជាប់​ចោទ​ថា ​សំ​ណុំ​រឿង​នេះ​ ត្រូវ​បាន​សាលា​ដំបូ​ង​ខេត្ត​ស្ទឹង​ត្រែង​ បើក​សវនា​ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី ​២១​ ខែ​ កញ្ញា ​ឆ្នាំ​ ២​០​១​៦​​ និង​ប្រកាស​សាល​ក្រម​កាលពីខែ ​កញ្ញា ​​ឆ្នាំ ២​០​១​៦​ សម្រេច​ផ្ដន្ទា​ទោស​ដាក់​ពន្ធនា​គារ ​១៧ ​ឆ្នាំ និង​ពិន័យ​ប្រាក់​​ ២០ ​លាន​រៀល​ ដោយចោទ​បទ​ជួញ​​ដូរ​គ្រឿង​ញៀន​តាម​បញ្ញត្តិ​មាត្រា​ ៤​០​ នៃ​ច្បាប់​ស្តី​ពីការ​​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​។ ប៉ុន្តែ​ដោយ​​មិន​សុខ​ចិត្ត​នឹង​ការ​ផ្តន្ទា​ទោស​នេះ​ គាត់​បាន​ប្តឹង​ឧទ្ធរណ៍​តែ​ត្រូវ​សាលាឧទ្ធ​រណ៍​​តម្កល់​ទោស​ ១៧ ​ឆ្នាំ​​ដដែល​ ហើយ​គាត់​បាន​ប្តឹង​សារ​ទុក្ខ​ទៅ​តុលា​ការ​​កំពូល​បន្ត​ទៀត​ទើប​​តុលា​ការ​​កំពូល​បង្វិល​​សំណុំ​រឿងនេះឲ្យ​សា​លា​ឧទ្ធរ​ណ៍​ជំនុំ​ជម្រះ​ឡើង​វិ​ញ​ ​។​

ជន​ជាប់​ចោទ​បាន​បញ្ជាក់​ថា៖ ​តាម​ពិត​រឿង​នេះ​ ខ្ញុំ​​មិន​បាន​ប្រ​ព្រឹត្ត​ទេ​ ប៉ុន្តែ​​ខ្ញុំ​ព្រម​ទទួល​កំហុស ​ព្រោះ​​អី​វត្ថុតាង​នៅ​ក្នុង​ដៃ​របស់ខ្ញុំ​ទៅ​ហើយ​។ យ៉ាង​ណា​ខ្ញុំ​សុំ​ឲ្យ​តុលា​ការ​បន្ថយ​ទោស​ដល់​ខ្ញុំ​ផង​ ព្រោះ​ខ្ញុំ​មាន​ជំងឺ​លើស​ឈាម​ និង​មាន​ម្តាយ​ចាស់​ជរា»​។

លោក ​សរ ​យស​ថាវរៈ​ តំណាង​មហា​អយ្យ​ការ​សន្និ​ដ្ឋាន​ថា ​សំណុំ​រឿង​នេះ​ ត្រូវ​បាន​តុលាការ​​កំពូល​ឲ្យសា​លា​ឧទ្ធរ​ណ៍​ពិចារ​ណា​ឡើង​វិញ​ត្រង់​ចំណុច​ធាតុសុ​​ទ្ធនៃ​គ្រឿង​ញៀន​ និង​ការ​ផន្ទា​ទោស​លើ​ជន​ជាប់​ចោទ​ ឈ្មោះ​ ថា​ លី​ហាវ ​។លោក​ ថ្លែង​ថា ​៖​ ហេតុ​ដូច្នេះ​​ ខ្ញុំ​សុំ​ឲ្យ​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​ពិចារណា​តាម​ច្បាប់»។

ដោយ​ឡែក ​លោក​ស្រី​ ស៊ិន​ សុ​វ៉ន​ ជា​មេ​ធា​វី​​ចាត់​តាំង​ការ​ពារ​សិ​ទ្ធិ​ឲ្យ​​ជន​ជាប់​ចោទ​បាន​សន្និ​ដ្ឋាន​ថា​ កូនក្តី​របស់​លោក​ស្រី​ ពិត​ជា​​មិន​បាន​ប្រ​ព្រឹត្ត​ដូច​ការ​​ចោទ​ប្រកាន់​ទេ​​។​ ប៉ុន្តែ​​ទោះ​យ៉ាង​ណា​ក៏​​គាត់​មិន​អាច​ប្រកែក​​បាន​ដែរ​ ព្រោះ​ឃើញមានវត្ថុតាង​​នៅ​ក្នុង​ដៃ​របស់​គាត់​ទៅ​ហើយ ​ហើយ​រឿង​នេះ​ គាត់​​ក៏​បាន​សារ​ភាព​ព្រម​ទទួល​កំហុស​ហើយដែរ​ ​។

លោក​ស្រី​ប្រាប់​ចៅក្រ​ម​ថា​​៖​ «​កន្លង​មក​ ខ្ញុំ​ធ្លាប់​កាន់​រឿង​​ក្តី​គ្រឿង​ញៀន​ដែល​​ជន​ជាប់​ចោទ​ជួញដូរ​គ្រឿង​ញៀន​​ចំនួន​ប្រ​ហាក់​ប្រហែល ​លី​ហាវ ​ដែរ​ តែ​គេ​ជាប់​ទោស​តែ​ ៧ ឆ្នាំយ៉ា​ង​ច្រើន​។​ដូច្នេះ​សូម​តុលា​ការ​ពិ​ចារ​ណា​ និង​​បន្ថយ​ទោស​តាម​ការ​ស្នើ​សុំ​របស់​​កូនក្តី​ខ្ញុំ​ផង»។

ក្រោយ​ជំនុំ​ជម្រះ ​លោក​ចៅ​ក្រម ​ប្លង់​ សំណាង បានថ្លែង​ថា​ សាល​ដី​កានៃ​រឿង​នេះ​នឹង​ប្រ​កាស​នៅ​ថ្ងៃ​ទី​ ១​​៤​ ខែ​ សីហា ​ខាង​មុខនេះ៕