ភ្នំពេញៈ សាលា​ឧទ្ធរណ៍​ថ្ងៃនេះ បាន​ជំនុំជម្រះ​ជនជាប់​ចោទ ​៦ នាក់​ក្នុង​ចំណោម ៧ នាក់​ពាក់ព័ន្ធ​កាប់​បុរស​ម្នាក់​ស្លាប់​រឿង​ទំនាស់​ព្រំដី​នៅ​ភូមិ​​ កា​ជូត​ ឃុំ​ញ៉ា​ង​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនៈគិរី​ កាលពី​ឆ្នាំ ២០១៤ ​បន្ទាប់ពី​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ម្នាក់​ពី១០ឆ្នាំ​ទៅ​ ១៣ ឆ្នាំ។

តាម​កំណត់ហេតុ​តុលាការ​មាន​ជនជាប់​ចោទ​៧នាក់​ រួមមាន​ទី១​-ឈ្មោះម៉ៅ ​ចិត្ត ​ហៅ ​ម៉ៅ ជ្រឹង ​ភេទ​ប្រុស​ អាយុ៥៧ឆ្នាំ ​ទី២-ជ្រុ​យ សម្បត្តិ ​ហៅ អា​ជ្រូក ភេទ​ប្រុស​អាយុ២៤ឆ្នាំ ​ទី៣-ជ្រុយ សំបូរ​ ហៅ ​អាពៅ​ ភេទ​ប្រុស១៨ឆ្នាំ ​ទី៤-ថុង រដ្ឋា ​ហៅ​ ចេក ភេទ​ប្រុស អាយុ​២៣ឆ្នាំ។ ​ទី៥-​សឿង ម៉ាប់ ​ភេទ​ប្រុស ​អាយុ២៣ឆ្នាំ ​ទី៦-សោ សុ​គុណ ភេទ​ប្រុស​ អាយុ២៦ឆ្នាំ (ត្រូវជា​ក្មួយ ​ម៉ៅ ជ្រឹង)​ និង​ទី៧​-ឯម សុខុម ​ភេទ​ស្រី៤៣ឆ្នាំ ​(ត្រូវជា​ដន្លង ​ម៉ៅ ជ្រឹង)។​

សំណុំ​រឿងនេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​រតនគីរី​ បើក​សវនាការ​និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី ១០​ មិនា ​ឆ្នាំ ២០១៥ ​ផ្តន្ទាទោស​ឈ្មោះជ្រុយ​ សម្បត្តិ ​ដាក់គុក​ ១០ ឆ្នាំ ​និង​ឈ្មោះ​ផាត ភឿន ​១៣ ឆ្នាំ​ ពីបទ​ឃាតកម្ម​តាម​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្មទណ្ឌ​និង​បង្គាប់​សង​ទៅ​ក្រុមគ្រួសារ​ជនរង​គ្រោះ២០០​លាន​រៀល។ ​ចំណែក​ឈ្មោះម៉ៅ ជ្រឹង ​សម្រេច​ដោះ​លែង និង​មនុស្ស​៤នាក់​ទៀត​ដាក់គុក​ពី១ឆ្នាំទៅ២ឆ្នាំ​ចោទ​បទ​សម​គំនិត​​និង​លាក់​កំបាំង​តម្រុយ។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ជនជាប់ចោទ​ឈ្មោះជ្រុយ​ សម្បត្តិ​ បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​អំពើ​ឃាត​កម្មនេះ​ដោយ​គ្រួសារ​របស់គាត់​មាន​ព្រំប្រទល់​ជាប់​គ្នា​មាន​ទំហំ​ដី​រួមគ្នា​៣០ហិច​តា​ហើយក៏​តែងតែ​ឈ្លោះ​ប្រកែក​គ្នា​ញយ​ដង​ដែរ​ទើប​ក្រោយមក​មាន​ក្រុមនិស្សិត​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ចុះ​ធ្វើការ​វាស់វែង​ចែកគ្នា​រួចហើយ​ដែរ ។

ជន​ជា​ប់​ចោទ​បន្តថា​ប៉ុន្តែ​ជនរងគ្រោះ​ឈ្មោះ​ស៊ា ​ស៊ា​ង​លី ​ភេទ​ប្រុស​អាយុ៥០ឆ្នាំ​បាន​ដាំ​ដើម​កៅស៊ូ​លើផ្លូវ​ហើយ​ត្រូវ​ឪ​ពុក​របស់គាត់​ឈ្មោះ ម៉ៅ ជ្រឹង​អាយុ៥៧ឆ្នាំ​ប្រាប់​ឲ្យ​ជនរងគ្រោះ​កាប់​ចេញតែ​ត្រូវ​ភាគី​ជនរងគ្រោះ​ថាបើ​ចង់​កាប់​គឺ កាប់​ខ្លួនឯង​ទៅ។

ជនជាប់ចោទ​បន្ថែមថា​លុះដល់​ល្ងាច​ថ្ងៃ​ទី១១​ ខែសីហា ​ឆ្នាំ ២០១៤​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ជាមួយ​កម្មករ​ម្នាក់​មក​ដីចំការ​របស់​គាត់​ហើយ​ក៏មាន​ការឈ្លោះ​គ្នា​ទៀត។ ពេល​កំពុង​ឈ្លោះ​គ្នា​នោះ​ស្រាប់តែ​ឈ្មោះ​ផាត​ភឿន​ អាយុ​៤០ឆ្នាំ​បាន​កាន់​កាំបិត​ផ្កាក់​មក​កាប់​ចំ​កញ្ចឹងក​ជនរងគ្រោះ​ដួល​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែម្តង។

ជនជាប់ចោទ​ជ្រុ​យ​ សម្បត្តិ​ និយាយថា៖«រឿងនេះ​ខ្ញុំ​បានឮ​ឈ្មោះ​ផាត​ ភឿន ​និយាយថា ​អញ​ទៅ​កាប់អា​តា​ហ្នឹង​ម្តង​ប៉ុន្តែ​ខ្ញុំ​មិនបាន​ចូលរួម​សម្លាប់​ជនរងគ្រោះ​ទេ សូម​តុលាការ​ដោះលែង​ផង»។

ដោយឡែក​ ជនជាប់​ចោទ​ឈ្មោះ​ផាត​ ភឿន​ និយាយប្រាប់​ចៅក្រម​ថា គាត់​ជា​ក្មួយ​ជីដូនមួយ​ របស់​ឈ្មោះ​ស៊ា​ ស៊ា​ង​លី ​ហើយ​មក​ធ្វើ​ការ​មើល​ដំណាំ​កៅស៊ូ​ឲ្យ​គាត់​ទើប​បាន៣ខែ​ទេ។​ មុន​កើតហេតុ​គាត់​បាន​ផឹក​ស្រាស​អស់១លី​ត្រ​ជាមួយ​មនុស្ស​ពី៤​ទៅ​៥នាក់​ពេលនោះ​គាត់​ឮ​សំឡេង​ឈ្មោះ​គ្នា​ក៏​ទៅ​មើល។

ជនជាប់ចោទ​ថា​៖«ពេល​ខ្ញុំ​ទៅដល់​ឃើញ​ឪ​ពុក​មា​ខ្ញុំ​កំពុង​អង្គុយ​បែរខ្នង​ជួសជុល​ម៉ា​ស៊ីន​ហើយជនរងគ្រោះ​ឈរ​នៅ​ពីក្រោយ ឪ​ពុក​មា​ខ្ញុំ​យា​កាំបិត​ផ្កាក់​បម្រុង​កាប់​គាត់​ខ្ញុំ​ក៏​កាប់​ជនរងគ្រោះ​មុន​ទៅ។ ខ្ញុំ​មិនបាន​ប៉ង​កាប់​ជនរងគ្រោះ​ទេ​តែ វា​តក់ក្រហល់​ពេក ខ្ញុំ​សុំ​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​ផង » ។

អ្នកស្រី ​គឹម ចាន់​ ជា​ប្រពន្ធ​ជនរងគ្រោះ​ប្រាប់​ចៅក្រម​ថា៖«រឿងនេះ​ខ្ញុំ​មិន​បានឃើញ​ផ្ទាល់​ទេ តែ​យ៉ាងណា​ខ្ញុំ​បាត់បង់​ប្តី​ហើយ​ខ្ញុំ​ជំពាក់​លុយ​គេ​ច្រើន​ណាស់ ។ ខ្ញុំ​សុំ​ទារ​សំណង១៥ម៉ឺន​ដុល្លារ​ពី​ជន​ទាំង ២ នាក់»។

លោក​អគ្គព្រះរាជ​អាជ្ញារ​ង​ហ៊ាន ​រិ​ទ្ធ​ ជា​តំណាង​មហាអយ្យការ​សន្និដ្ឋានថា ​រឿងនេះ​ជនជាប់ចោទ​ជ្រុ​យ​ សម្បត្តិ​ទេ​ដែល​ប្តឹង​ទាស់​ព្រោះ​មិន​សុខចិត្ត​ទោស ១០ ឆ្នាំ​ ប៉ុន្តែ​ឈ្មោះ​ផាត ​ភឿន​ត្រូវ​អគ្គ​ព្រះរាជ​អាជ្ញារង​សាលា​ឧទ្ធរណ៍ ​ប្តឹង​មិន​សុខ​ចិត្តត្រង់​ថា​ទណ្ឌកម្ម​ទោស១៣ឆ្នាំ​តិចពេក ។

លោក​ថ្លែងថា​៖«កាលណា​អគ្គព្រះរាជអាជ្ញា​ប្តឹង​ជន​ជាប់ចោទ​អាច​នឹងត្រូវ​តម្លើង​ទោស​ថែមទៀត។ ឯ​ជនជាប់ចោទ​ក៏​សារភាព​ដែរ ប៉ុន្តែ​ចំពោះ​អ្នក៥នាក់​ទៀត​ទុក​ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​ចុះ»។

លោក​ សុក​ សំអឿន ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនរងគ្រោះ​សន្និដ្ឋាន​ថា​ ករណីនេះ ឈ្មោះ ផាត​ ភឿន​បាន​សារភាព​ហើយ​ ប៉ុន្តែ​តុលាការ​ថ្នាក់​ក្រោម​មិនត្រូវ​ចោទ​ត្រឹម​បទ​មនុស្សឃាត​ធម្មតា​តាម​មាត្រា ១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ​ទេ​ គួរតែ​ចោទ​តាម​មាត្រា២០០ ​នៃ​ក្រមព្រហ្ម​ទណ្ឌ​​វិញ ​ដែលត្រូវ​ដាក់ទោស​មួយ​ជីវិត។ ​ចំណែក​ឈ្មោះ​ជ្រុយ​ សម្បត្តិ​ ក៏​តុលាការ​មិនគួរ​ដាក់គុក១០ឆ្នាំ​ដែរ​ព្រោះ​គាត់​បានឮ​ឈ្មោះ​ផាត ភឿន ​និយាយ​ប្រាប់​ពី​ការប៉ង​សម្លាប់​កូនក្តី​លោក​មុន​កើតហេតុ ។

លោក​ថ្លែងថា៖ «ចំពោះ​ឈ្មោះ​ម៉ៅ ​ជ្រឹង​ តុលាការ​មិនគួ​ដោះលែង​ទេ​ព្រោះ​គាត់​ជា​អ្នក​ផ្តើម​ឲ្យ​មាន​អំពើ​ឃាត​កម្មនេះ ហើយ​ក្រុមប្រឹក្សា​គួ​សើរើ​ជន៥នាក់​ទៀត​មិនគួរ​អ្នកខ្លះ​ដាក់ទោស​ត្រឹមតែ​១ឆ្នាំ​ទៅ២ឆ្នាំ​នោះទេ​ព្រោះ​សុទ្ធតែជា​អ្នក​រួមគំនិត» ។

ទោះយ៉ាងណា​ លោក​ខៀវ​ សុផល ​មេធាវី​មួយរូប​ ក្នុងចំណោម​មេធាវី​៥រូប​ដែល​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់​ចោទ​ទាំង​៧នាក់​បាន​សន្និដ្ឋាន​ដូចគ្នា​ថា​កូនក្តី​លោក​ឈ្មោះ​ផាត​ ភឿន ​ពិតជា​បាន​កាប់​លើ​ជនរងគ្រោះ​មែន​តែ​គាត់​ថា​ព្រោះ​ឃើញ​ជនរងគ្រោះ​យា​កាំបិត​ប្រុង​កាប់​ពូ​របស់​គាត់​។​

ចំណែក​ឈ្មោះ​ជ្រុយ​ សម្បត្តិ​ គាត់​មិន​បាន​ប្រព្រឹត្ត​ទេ​តែ​ត្រូវ​តុលាការ​ថ្នាក់ក្រោម​ដាក់ទោស​គាត់​១០ឆ្នាំ​ដែរ។ ​ដូច្នេះ​កូនក្តី​លោក​ទាំង ៦ នាក់​ទៀត​ដែល​តុលាការ​ចោទ​បទ​សមគំនិត ​ខ្លះ​ចោទពី​បទ​លាក់​កំបាំង​តម្រុយ​នោះ​សូម​តុលាការ​ដោះលែង​ឲ្យ​មាន​សេរី​ភាព​វិញ​ផង ។ ​ក្រោយជំនុំ​ជម្រះ​លោក​ស្រី​ចៅក្រម ចាន់ ​ម៉ា​ឌី​ណា ​ឲ្យដឹង​ថា​សំណុំរឿង​នេះ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​ ៤​ ខែតុលា៕​