កណ្ដាល: ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្ដាល​កាលពី​ម្សិលមិញ បន្ទាប់ពី​ជននេះ​បាន​វាយ​មន្ត្រី​នគរបាល​ម្នាក់​ឲ្យ​រងរបួស និង​បាន​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង​ឆេះ​អស់​នៅ​ភូមិ​ព្រែកឡុង សង្កាត់​តាក្តុល ក្រុង​តាខ្មៅ​កាលពី​យប់​ថ្ងៃទី​ ១២ ខែ​កក្កដា​។

លោក ឃុត សុធា អធិការរង​ក្រុង​តាខ្មៅ​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ថន សម្បត្តិ ភេទ​ប្រុស អាយុ ២៧​ ឆ្នាំ​ ​រស់នៅ​ភូមិ​ព្រែកឡុង សង្កាត់​តាក្តុល ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្ដាល​នៅ​ព្រឹក​ថ្ងៃទី​ ១៣ ​ខែកក្កដា​។ លោក​បញ្ជាក់ថា​៖ «​ប៉ុន្ដែ​ខ្ញុំ​មិន​ដឹងថា តុលាការ​គេ​សម្រេច​យ៉ាងណាទេ ព្រោះ​សំណុំរឿង​ផុតពី​ដៃ​សមត្ថកិច្ច​ពួកខ្ញុំ​ហើយ បើ​សួរ​ទៅ​តុលាការ​បាន​ដឹងថា ឃុំ​ ឬ​មិន​ឃុំខ្លួន​»​។

លោក សូ សារិន អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កណ្ដាល មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់លោក​ពុំមាន​អ្នក​ទទួល​។

លោក ផន លីកូ នាយ​ស្ដីទី​ប៉ុស្ដិ៍នគរបាល​តាក្ដុល​ដែល​រងរបួស ដោយសារ​ជនល្មើស​វាយ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា យុវជន​ញៀន​ថ្នាំ​រូបនេះ​បាន​វាយបំផ្លាញ​ទ្រព្យសម្បត្តិ ដុត​ផ្ទះ និង​វាយ​លោក​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន ព្រមទាំង​ដេរ​ ៣ ​ថ្នេរ​។

លោក​បន្តថា មុនពេល​កើតហេតុ កាលពី​យប់​ថ្ងៃទី ១២ ខែ​កក្កដា ជនសង្ស័យ​បាន​ខឹង​ម្តាយ​របស់ខ្លួន​ចាក់សោ​ចោល​ក្នុង​ផ្ទះ ក្រោយពី​រូបគេ​ប្រើប្រាស់​គ្រឿងញៀន​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ បន្ទាប់មក​ធ្វើឲ្យ​ជនសង្ស័យ​ខឹងសម្បា​យ៉ាងខ្លាំង​ក៏បាន​វាយ​បំផ្លិចបំផ្លាញ​ម៉ូតូ​ខូចខាត​អស់​ ២ ​គ្រឿង និង​ដុត​ផ្ទះ​បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​​អស់​សម្ភារ​ក្នុងផ្ទះ​។

លោក ផន លីកូ បញ្ជាក់ថា​ក្នុង​អំឡុងពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ម្ដាយ​ជនសង្ស័យ​បាន​រត់​មកប្ដឹង​ពួកលោក​ដែល​ជា​នគរបាល មាន​ប៉ុស្ដិ៍​នៅ​ក្បែរ​នោះ​ដើម្បី​ជួយ​អន្តរាគមន៍​។

លោក​បញ្ជាក់ថា​៖ «​ក្រោយមក​ខ្ញុំ​បាន​ចុះ​ទៅ​បើក​ផ្លូវ​នាំយក​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ចុះ​ជួយ​បាញ់​ទឹក​ពន្លត់ តែ​ពេលនោះ​ឃើញ​ជនសង្ស័យ​ដេក​កណ្តាលផ្លូវ មិន​ឲ្យ​រថយន្ត​បាញ់​ទឹក​ចូល​ទៅបាន​ដោយ​ខ្លាច​រថយន្ត​កិន ខ្ញុំ​បាន​ទៅ​ដាស់​ជនសង្ស័យ​ឲ្យ​ក្រោក​ចេញ តែ​ត្រូវ​ជនសង្ស័យ​ដក​ខ្សែក្រវាត់​វាយ​មក​លើ​ខ្ញុំ​ចំ​ក្បាល​ខាងឆ្វេង​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​តែម្តង​»​។

បើ​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ក្នុង​ករណី​នេះ​មាន​ជនរងគ្រោះ​ចំនួន ២ ​នាក់​រួមមាន ស្ត្រី​ជា​ម្តាយ ឈ្មោះ ព្រំ សុធី អាយុ ៤៨ ​ឆ្នាំ មុខរបរ​លក់​កូនឈើ និង​ឈ្មោះ ផន លីកូ ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ​មាន​លំនៅ​ក្នុង​ភូមិ​ព្រែកឡុង សង្កាត់​តាក្តុល ជា​​នាយ​ស្តីទី​ប៉ុស្តិ៍​នគរបាល រងរបួស​ក្បាល​ដេរ​ ៣ ​ថ្នេរ​។

របាយការណ៍​បន្តថា ចំពោះ​សម្ភារ​ខូចខាត​រួមមាន ឆេះ​ផ្ទះ​ ១ ​ខ្នង ធ្វើ​ពី​ឈើ​ខាងលើ ថ្ម​ខាងក្រោម​ទំហំ ៥ គុណ ៩ ​ម៉ែត្រ ឆេះ​ម៉ូតូ ២ ​គ្រឿង មាស​ ៥ ​ជី លុយ ២ ​ពាន់ដុល្លារ លុយ​ខ្មែរ ២ ​លាន​រៀល និង​បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​មួយ​ចំនួន​ទៀត​។ ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕