ភ្នំពេញៈ រយៈពេល​ ៨ ​ខែ​ក្នុង​ឆ្នាំ ​២០១៨ ​នេះ​ជនអន្តោប្រវេសន៍​ជាង ៦ ០០០ ​នាក់​ដែល​មាន​ ២៦ ​សញ្ជាតិ​ត្រូវ​បាន​បណ្តេញចេញ​ពី​កម្ពុជា ក្រោយពី​អាជ្ញាធរ​រកឃើញ​ថា ពួកគេ​កាន់កាប់​ឯកសារ​មិន​ត្រឹមត្រូវ និង​រស់នៅ​ដោយ​ខុស​ច្បាប់​។ នេះ​បើ​តាម​ការអះអាង​របស់​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​មុខតំណែង​ និង​បំពាក់​ឋានន្តរស័ក្តិ​នាយ​នគរបាល​ជាន់ខ្ពស់ និង​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា​លោក​ សុខ ផល បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​កម្ពុជា​បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ប្រមាណ​ ៨០ ​ភាគរយ​ហើយ​ចំពោះ​ជនបរទេស​គ្រប់​ជាតិសាសន៍​ទាំងអស់​ដែល​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​មាន​ឯកសារ​ត្រឹមត្រូវ ឬ​មាន​ឯកសារ​ដែរ ប៉ុន្តែ​ផុត​កាលកំណត់​។

លោក​ថ្លែង​ថា​៖ «​ជនបរទេស​ទាំងនេះ​មិន​ព្រម​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ និង​មិន​ព្រម​អនុវត្ដ​តាម​ច្បាប់​អន្ដោប្រវេសន៍​កម្ពុជា មិន​បង់​ថ្លៃ​ប័ណ្ណ​ការងារ ឬ​ការ​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ​នឹង​បណ្ដេញ​ជនបរទេស​ទាំងអស់​នោះ​ចេញ​ពី​ប្រទេស​កម្ពុជា​»​។

បើ​តាម​លោក​ សុខ ផល ឲ្យ​ដឹង​ទៀត​ថា​ក្រោយពី​អាជ្ញាធរ​ដកហូត​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​រួច ជនបរទេស​អាច​ធ្វើការ​សម្រេចចិត្ដ​បាន​ ២ ​យ៉ាង ទី​ ១ គាត់​អាច​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ និង​ទី​ ២ ជនបរទេស​អន្ដោប្រវេសន៍​អាច​ដាក់​ពាក្យស្នើសុំ​រស់នៅ​កម្ពុជា​ក្នុង​រយៈពេល​ ៧ ​ឆ្នាំ ទើប​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ប្រសិន​បើ​មិន​មាន​បញ្ហា ឬ​រឿង​អ្វី​កើតឡើង​។

លោក​បញ្ជាក់​ថា​បើ​គិត​ចាប់ពី​ឆ្នាំ​ ២០១៤ ​មក​រហូត​ដល់​ខែ​សីហា ឆ្នាំ​ ២០១៨ ​នេះ ជនបរទេស​ដែល​អាជ្ញាធរ​កម្ពុជា​បណ្ដេញចេញ​ទៅ​ប្រទេស​ដើម​វិញ​មាន​ប្រមាណ​ ១៥០០០ ​នាក់ និង​មាន​ ៩១ ​សញ្ជាតិ​ក្នុង​នោះ​ជនជាតិ​វៀតណាម​ចំនួន​ ១១១៩៥ ​នាក់​។

លោក​បន្ដ​ថា​ក្រៅពី​ការបណ្ដេញ​ជនបរទេស​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ក៏​បាន​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រួតពិនិត្យ​លើ​ប័ណ្ណការងារ​របស់​ពលករ​បរទេស​ដែល​បាន​មក​ធ្វើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ជនបរទេស​ទាំងអស់​ត្រូវ​មាន​លិខិត​ឆ្លងដែន​មាន​ទិដ្ឋាការ​ការងារ និង​ប័ណ្ណការងារ​ត្រឹមត្រូវ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា​។

លោក​ ចាន់ អ៊ាន អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ផ្តាំផ្ញើ​ក្នុង​ពិធី​នេះដែរ​ថា មន្ដ្រី​អន្ដោប្រវេសន៍​ទាំងអស់​ត្រូវ​ខិតខំ​អនុវត្ដ​បំពេញ​ការងារ​តាម​តួនាទី ភារកិច្ច​ដែល​បាន​កំណត់ ដើម្បី​គ្រប់គ្រង​ជនបរទេស​ឱ្យ​មាន​ប្រសិទ្ធភាព ជាពិសេស​ការត្រួតពិនិត្យ​ជនបរទេស​ដែល​កាន់កាប់​ឯកសារ​មិន​ប្រក្រតី ឬ​ការប្រើប្រាស់​មិន​ត្រឹមត្រូវ​ដែល​អាជ្ញាធរ​ត្រូវ​ដកហូត និង​អនុវត្ដ​តាម​ច្បាប់​ឱ្យបាន​រួចរាល់​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៨ នេះ​តាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕