សៀមរាប/ស្ទឹងត្រែងៈ ជនបរទេស ២ នាក់​និង​គ្រឿង​ញៀន​សរុប​ប្រមាណ​ ៦ គីឡូក្រាមត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​ចាប់​ និង​ឃាត់​ខ្លួនបាន​នៅ​ទីតាំង ​​២ កន្លែង​ផ្សេងគ្នាពី​ម្សិលមិញ។ នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​ ដែលភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ។

បុរស​សង្ស័យ​ជនជាតិ​រូម៉ានី​ម្នាក់​ឈ្មោះ ​OLARU NARCIS MANUEL ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិខេត្ត​សៀមរាប​សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​បង្ក្រាប​គ្រឿង​ញៀន​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ និង​អង្គភាព​ពាក់​ព័ន្ធ​មួយចំនួន​ទៀតឃាត់​ខ្លួន​នៅ​វេលា​ម៉ោង ៩:៥៥ នាទី​ព្រឹក​ថ្ងៃ​ទី ៦ ​ខែកុម្ភៈ​ ​ជាមួយនឹង​ថ្នាំញៀន​ប្រភេទ​មេតំហ្វេ​តាមីន​សរុប​ជិត ៥ គីឡូក្រាម។ នេះ​បើយោង​តាមរបាយការណ៍​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅក្នុង​បណ្ដាញសង្គម​របស់​អគ្គនាយកដ្ឋាន​ អន្តោ​ប្រវេសន៍​ពី​ម្សិលមិញ។

របាយ​ការណ៍​ព័ត៌មាន​នោះ​បន្តថា​ ជនសង្ស័យ​បាន​លាក់​ទុក​​នូវ​សារធាតុញៀន​ប្រភេទ​មេតំហ្វេ​តាមីន​ សរុប​ជិត ៥ គីឡូ​ក្រាម​ នៅក្នុង​កាបូប​ស្ពាយ​របស់​គាត់​ចំនួន​ ៤ ផ្សេង​គ្នា ​ដែលគ្រោង​នឹង​នាំចេញ​ទៅ​កាន់​ទីក្រុង​ហុងកុង ​ប្រទេស​ ចិន​ តាមជើង​ហោះហើរ​លេខ​ KA-249 (REP-HKG)។ បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុតាង ​ត្រូវបាន​ឃាត់ខ្លួន​​ និងរឹប​អូស​ប្រគល់​​ជូន​កម្លាំង​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ​ដើម្បី​ចាត់ការ​បន្ត​ទៅតាម​នីតិវិធី។

លោក​ មាស វីរិទ្ធ​ អ្នកនាំពាក្យ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ខ្លីថា ​នៅពេលនេះ​ សមត្ថ​កិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី​ក្នុង​ការសាកសួរ​ ដើម្បី​ស្រាវជ្រាវ​ស្វែង​រក​ជនពាក់​ព័ន្ធ​នៅក្នុង​បទល្មើសនេះ​ ហើយក្នុង​អំឡុង​ពេលនេះ​ វា​គួរ​ត្រូវបាន​រក្សា​ជា​ការ «សម្ងាត់» ​ដើម្បីទុក​ឱកាស​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការងារ​ទៅតាម​ជំនាញ​ និង​តួនាទី​របស់​ខ្លួន។

ដោយ​ឡែក​ បុរស​ជនជាតិ​ឡាវ​ម្នាក់ឈ្មោះ ងួន ឡែ ​អាយុ​ ៤០ ​​ឆ្នាំ ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​ ១០:៤២​ នាទី​ព្រឹក​ថ្ងៃ​ទី ៦ ​ខែកុម្ភៈ ដោយ​ដកហូត​បានគ្រឿង​ញៀន​ប្រភេទ​ថ្នាំ​គ្រាប់​មេតំហ្វេ​តា​មីន ​(WY) សរុប​ជាង​​ ៥ ០០០ គ្រាប់​ឬ​ស្មើ​ជាង ១ គីឡូ​​ក្រាម។​ នេះ​បើយោង​តាមមន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​ដែល​ចូល​រួម​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​គ្រឿង​ញៀន​​ឆ្លងដែន​ខាង​លើ​នេះ។

លោក ​អ៊ុយ ខ្វៃ ​អនុប្រធាន​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង ​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ ម្សិលមិញ​ថា ​ការ​​ឃាត់​ខ្លួន​បុរស​ជនជាតិ​ឡាវ​ខាងលើនេះ​ បានធ្វើឡើង​ខណៈ​ក្រុម​កម្លាំង​របស់​លោក​កំពុង​​ចុះល្បាត​ដើម្បី​ការពារ​ និង​ទប់​ស្កាត់​រាល់​បទ​ល្មើស​នៅតាម​មូលដ្ឋាន​ជាប់​តំ​បន់​​ព្រំដែន​ កម្ពុជា​-ឡាវ ​ហើយ​បាន​ជួប​ប្រទះ​ជនសង្ស័យ​កំពុង​ធ្វើ​ដំ​ណើរ​ឆ្លងដែន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ដោយខុសច្បាប់​នៅ​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​ លេខ ៣៦ ​ស្ថិត​ក្នុងភូមិ​ខាំផាន់​ សង្កាត់​សាមគ្គី​ ក្រុង​-ខេត្ត​ស្ទឹងត្រែង។

លោក អ៊ុយ ​ខ្វៃ បានបញ្ជាក់​ថា​៖ «​ក្រោយ​​ការ​ឃាត់​ខ្លួន ​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើ​ការឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​គ្រាប់​មេតំ​ហ្វេ​តា​មីន WY ​ចំនួន​ ២៧ កញ្ចប់ ​សរុប​ជាង​ ៥ ០០០ គ្រាប់​ ឬ​ជាង ១ ​គីឡូក្រាម ​ដែលលាក់​ទុក​ជាប់​​ខ្លួន​របស់​គេ។ បច្ចុប្បន្ន​ ជន​សង្ស័យ ​និង​វត្ថុតាង​ជាថ្នាំ​ញៀន​​ទាំងនោះ ​កំពុងត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កសាង​​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ ​ដើម្បី​ចំណាត់​ការ​បន្ត​តាម​នីតិវីធី​»។

សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង ​និង​ខេត្ត​សៀមរាប នាពេល​កន្លងមកនេះ​​ត្រូវបាន​គេកត់សម្គាល់​ថា ​មានភាព​សកម្ម​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​ជួញដូរ​ និង​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លងដែន​ដោយ​ខុស​ច្បាប់។

ជនសង្ស័យ​ជា​ជនជាតិ​បរទេស​ និងខ្មែរ​ជាច្រើន​នាក់​ ដែល​បាន​ប្រព្រឹត្ត​បទ​​ល្មើស​ទាក់​ទងនឹងករណី​ជួញ​​ដូរ ​និង​ដឹក​ជញ្ជូន​​គ្រឿងញៀន​ឆ្លងដែនត្រូវបាន​បង្ក្រាប និង​ចាប់​​បញ្ជូន​ខ្លួន ព្រមទាំង​ថ្នាំ​ញៀនឲ្យ​តុលា​ការ​ផ្ដន្ទា​ទោស​ទៅតាម​ផ្លូវច្បាប់​ជាបន្តបន្ទាប់ ​ដែលរហូត​មកទល់​ពេល​នេះ ​ពួកគេ​កំពុង​ត្រូវបាន​ឃុំ​​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ឡើយ៕